ភ្នំពេញ៖​ ​ក្រុម​សីដក់ និង​ឈិនឡូន​របស់​កម្ពុជា ហាក់​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ឆ្ពោះ​ទៅ​រក ​​ការ​ដណ្តើម​​មេដាយ​ជូន​ប្រទេស​ជាតិ​ឲ្យ​បាន ​ក្នុង​ការ​ប្រកួត ស៊ីហ្គេម លើក​ទី​៣០ នៅ​ប្រទេស ​ហ្វីលីពីន ដែល​នឹង​ត្រូវ​ធ្វើ​ចន្លោះ​ពី​ថ្ងៃទី​ ៣០ ​ខែ ​វិច្ឆិកា ដល់​ថ្ងៃទី ​១១ ខែ ធ្នូ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ។

ការ​កើន​ទំនុក​ចិត្ត​នេះ​ក៏​ព្រោះ​តែ​ក្រុម​សីដក់ និង​ឈិនឡូន​កម្ពុជា​ ទើប​តែ​​ដណ្តើម​បាន​មេដាយ​ប្រាក់ ​២ ពី​ការ​ប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើងឯក​ពិភព​លោក លើក​ទី​៣៤ ក្នុង​ព្រឹត្តិការណ៍ King Cup 2019 នៅ​ប្រទេស ​ថៃ ហើយ​ប្រតិភូ​កីឡា​កម្ពុជា​មួយ​ក្រុម​នេះ​បាន​ជិះ​ឡាន​ក្រុង​នាំ​យក​ជ័យជម្នះ​មេដាយ​កម្រិត​ពិភព​លោក​នេះ មក​ដល់​មាតុ​ប្រទេស​វិញ​កាល​ពី​យប់​ថ្ងៃ​ចន្ទ។

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​នេះ កញ្ញា សួង ចាន់តួរ៉ាទី អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​សីដក់ និង​ឈិនឡូន​កម្ពុជា បាន​និយាយ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ​វិញ​ថា៖ ​«​​ទម្រាំ​តែ​ដណ្តើម​បាន​មេដាយ ប្រាក់​ទាំង ​២ ​នេះ យើង​បាន​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​​ស្វិតស្វាញ ព្រោះ​​ជួន​កាល​​យើង​លេង​ដល់​យប់ ហើយ​​ពេល​ខ្លះ​ទៀត យើង​លេង​ចប់ ​១ ​ប្រកួត​ហើយ គឺ​យើង​ត្រូវ​បន្ត​​លេង ​១ ប្រកួត​ទៀត​ភ្លាមៗ​តែ​ម្តង គឺ​មាន​ការ​ពិបាក​ច្រើន»។

សម្រាប់​ការ​ប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើង​ឯក​ពិភព​លោក លើក​ទី ​៣៤ ឆ្នាំ ​២០១៩ នៅ​ប្រទេស ​ថៃ ​នេះ កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ និង​ប្រតិភូ​សរុប ​៣៥ ​នាក់ ទៅ​ចូលរួម​ប្រកួត​​លើ​​ ​៣ ​វិញ្ញាសា ហើយ​តាម​រយៈការ​ប្រកួត​​តាំង​ពី​ថ្ងៃទី ​២៣ ខែ សីហា ដល់​ថ្ងៃទី ​២ ខែ កញ្ញា ​នោះ គឺ​កម្ពុជា បាន​ឈ្នះ​មេដាយ​ប្រាក់ នៅ​លើ​វិញ្ញាសា ​៣ នាក់ ទល់ ​៣ ​នាក់ និង​វិញ្ញាសា ​២ នាក់ ​ទល់ ​២ ​នាក់ ប៉ុន្តែ​វិញ្ញាសា​ហ៊ូប គឺ​ទាត់​សី​ចូល​កន្រ្តក នោះ កីឡាករ​យើង​មិន​ដណ្តើម​បាន​មេដាយ​ទេ។

យ៉ាង​ណា​ក៏​ដោយ កញ្ញា សួង ចាន់តួរ៉ាទី ​បាន​និយាយ​​ថា៖ «​ការ​ទៅ​ចូលរួម​លើក​មុន យើង​ដណ្តើម​​បាន​តែ​មេដាយ ១ ​ទេ ប៉ុន្តែ​លើក​នេះ យើង​អាច​ដណ្តើម​បាន​ដល់ ​២ មេដាយ អ៊ីចឹង​សមត្ថភាព​របស់​អត្តពលិក​យើង​មាន​ការ​កើន​ឡើង​ជាង​មុន ហើយ​ការ​ប្រកួត​នៅ​ថៃ​លើក​នេះ ក៏​ជា​ការ​ត្រៀម​លក្ខណ​សម្បត្តិ ​ចូល​រួមការ​ប្រកួត ស៊ីហ្គេម នៅ​ហ្វីលីពីន​ផង​ដែរ ព្រោះ​នៅ​ហ្វីលីពីន ក៏​យើង​ត្រូវ​លេង​នៅ​លើ​​វិញ្ញាសា​ហ៊ូប និង​ប្រកួត ​២ នាក់ ​ទល់ ​២ នាក់ ដូច​ការ​ប្រកួត​នៅ​ថៃ​លើក​នេះ​​ដែរ»។

អគ្គលេខាធិការ​រង​រូប​នេះ បាន​បញ្ជាក់​ថា៖ ​«​ការ​​ប្រកួត​វិញ្ញាសា ហ៊ូប ​នេះ គឺ​យើង​ធ្វើ​បាន​ជិត ​៣០០ ពិន្ទុ​ដែរ គឺ​អាច​ស្មើ​​ហ្វីលីពីន និង ប្រ៊ុយណេ​ដែរ អ៊ីចឹង​ពេល​ត្រឡប់​មក​វិញ​នេះ យើង​នឹង​ព្យាយាម​ពង្រឹង​បន្ថែម ទៅ​លើ​ចំណុច​ខ្វះខាត ទាំង​វិញ្ញាសាហ៊ូប និង​វិញ្ញាសា ​២ នាក់ ទល់ ​២ ​នាក់ ដោយ​យើង សង្ឃឹម​​ថា ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​លើក​នេះ យើង​នឹង​ដណ្តើម​បាន​មេដាយ​»៕