
កីឡាករម៉ាជ សុខរ៉ា (ឆ្វេងទី ២) ពេលឡើងទទួលខ្សែក្រវាត់ និងទឹកប្រាក់កាលពីថ្ងៃអាទិត្យ។ យឺន ពន្លក
ភ្នំពេញ: កីឡាករប្រដាល់ម៉ាជ សុខរ៉ា ដែលមានស្រុក កំណើតមកពីភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឈ្នះកីឡាករថៃ Keng Kat ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ភេសជ្ជៈ Wurkz ទម្ងន់ ៦៧ គីឡូក្រាមកាល ពីល្ងាចថ្ងៃអាទិត្យនៃសង្វៀនអាស៊ីអាគ្នេយ៍ អមដោយទឹកប្រាក់ចំនួន ៥,០០០ ដុល្លារអាមេរិក។
ជ័យជម្នះរបស់ម៉ាជ សុខរ៉ា ហាក់បីដូចជាសំណាងបំផុត ខណៈដែលសមត្ថភាពក្បាច់គុនរបស់គេមិនទាន់ល្អជាងដៃគូទេ ប៉ុន្តែសេចក្តីព្យាយាម និងការប្រឹងប្រែងអស់ពីសមត្ថភាព បានជួយឲ្យរូបគេដណ្តើមបានទទួលជ័យជម្នះដ៏កម្របំផុត ហើយរូបគេបានចាត់ទុកថា វាជាជ័យជម្នះដ៏ធំបំផុតក្នុងអាជីពអ្នកប្រដាល់រយៈពេលជាង ១០ ឆ្នាំ។
សុខរ៉ា បានព្យាយាមយ៉ាងខ្លាំងក្លា ដោយរូបគេបានវាយសម្រុកគ្រប់ស្ថានភាព និងទទួលបានលទ្ធផលឈ្នះទាំងតឹងតែង ដោយចៅក្រមទាំង ៥ បានផ្តល់ពិន្ទុឲ្យ ម៉ាជ សុខរ៉ា ឈ្នះ ៣ ទល់នឹង ២។
ការវាយតម្លៃជាទូទៅរបស់មហាជនភាគច្រើនសុទ្ធតែគិតថា ម៉ាជ សុខរ៉ា គ្មានលទ្ធភាពយកឈ្នះកីឡាករថៃបាននោះឡើយ ប៉ុន្តែដល់ពេលប្រកួតជាក់ស្តែងនៅលើសង្វៀន រូបគេធ្វើបានល្អជាងការគ្រោងទុក។
អ្នកទស្សនាផ្ទាល់ជុំវិញសង្វៀនមានជំនឿថា កីឡាករថៃ Keng Kat នឹងឈ្នះទោះបី ២ ទឹកដំបូង ម៉ាជ សុខរ៉ា បានវាយចេញច្រើនមានពិន្ទុនាំមុខក៏ដោយ។
ស្នៀតប្រយុទ្ធរបស់កីឡាករថៃ KengKat បានត្រឹមតែទប់ទល់ ដកថយ និងចាប់ឱបឡើងជង្គង់បានតិចតួច ខណៈដែលកីឡាករម៉ាជ សុខរ៉ា បានវាយសម្រុកគ្រប់ក្បាច់ ទាំងកណ្តាប់ដៃ ទាត់ បើទោះបីរូបគេបានដួលជាញឹកញាប់ក៏ដោយ។
Keng Kat មានប្រៀបបន្តិចបន្តួចផ្នែកជំហររឹងមិនដួល ប៉ុន្តែការវាយចេញគឺសឹងតែគ្មាន ពោលគឺចាំតែស្រង់ និងបានឡើងជង្គង់ទប់តិចៗប៉ុណ្ណោះ។
ម៉ាជ សុខរ៉ា ត្រូវបានគេមើលឃើញថា មានប្រៀបបន្ថែមទៀតនៅទឹកទី ៤ ដោយបានវាយឲ្យកីឡាករថៃ KengKat បែកឈាមបញ្ជូនទៅឲ្យគ្រូពេទ្យពិនិត្យ ហើយរូបគេមានប្រៀបដាច់តែម្តង នៅទឹកទី ៥។
ចប់ការប្រកួត ចៅក្រមទាំង ៥ បានផ្តល់ជ័យជម្នះជូនម៉ាជ សុខរ៉ា ឈ្នះពិន្ទុ ៣ ទល់ ២ ចំណែកកីឡាករថៃ Keng Kat និងក្រុមការងារឲ្យទឹកទំនងជាមិនសូវពេញចិត្តចំពោះលទ្ធផលនេះ ដោយសម្តែងកាយវិការមិនសមរម្យ។
លោករាជ សុផែន ស្នងការប្រកួតប្រចាំសង្វៀនអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ «ការផ្តល់ពិន្ទុនេះគឺសុក្រឹតត្រឹមត្រូវហើយ ពីព្រោះកីឡាករថៃវាយដកថយច្រើនជាងវាយសម្រុក»។
លោកបានប្រាប់បន្ថែមទៀតថា៖ «វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ កីឡាករវ៉ៃដកថយខ្លាំងពេក និងមានរបៀបប្រកួតមិនសម្រុក គឺមិនទទួលបានពិន្ទុនោះឡើយ និយាយទៅគឺមិនមែនឡើងមកចាំតែទទួលជ័យជម្នះ ដោយមិនវាយអស់ពីសមត្ថភាពនោះឡើយ»។
លោកថៃ អ៊ូ ប្រតិភូនាំកីឡាករថៃ បាននិយាយថា៖ «កីឡាករថៃ KengKat វាយមិនបានល្អ ពិសេសគឺលើកនេះអន់ជាងពេលមុនៗខ្លាំងណាស់។ ខាងណាឈ្នះក៏បាន តែការផ្តល់ពិន្ទុត្រូវ ផ្អែកទៅតាមសមត្ថភាពជាក់ស្តែងពិន្ទុ ដែលគេវាយចេញពីព្រោះខ្ញុំក៏មិនកាន់ជើងថៃដែរ ដោយគ្រាន់តែចង់ឲ្យកាត់សេចក្តីឲ្យមានយុត្តិធម៌ និងអាចទទួលយកបាន»។
ម៉ាជ សុខរ៉ា បានឈ្នះបានខ្សែក្រវាត់ ១ និងអមដោយទឹកប្រាក់ ៥០០០ ដុល្លារអាមេរិក ចំណែកកីឡាករថៃ KengKat ដែលរំពឹងឈ្នះខ្ពស់ បានត្រឹមលេខ ២ ឈ្នះពាន ១ និងទឹកប្រាក់ ៣,០០០ ដុល្លារអាមេរិក៕