ភ្នំពេញ: កីឡាករប្រដាល់គុនខ្មែរទើបតែរះ សុខ ធី ពោរពេញដោយការជឿជាក់ថា អាចជម្រះមន្ទិលសង្ស័យផ្សេងៗនៅពេលដែលរូបគេធ្វើដំណើរទៅសងសឹកជាមួយនឹងកីឡាករជើងចាស់របស់ថៃ Lerdsila Phuket Top Team ក្នុងការប្រកួត Super Series Muay Thai នៃព្រឹត្តិការណ៍ ONE: Warrior''s Dream ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
កីឡាករវ័យ ២០ ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅកាន់សង្វៀន Stadium Istora របស់កម្មវិធី ONE Championship (ONE) នៅថ្ងៃសៅរ៍ ទី ១៧ ខែវិច្ឆិកា ដោយការស្រេកឃ្លានក្នុងការបញ្ចប់នូវភាពមិនច្បាស់លាស់ផ្សេងៗ ក្រោយពីរូបគេបានចាញ់ដោយពិន្ទុទាំងចម្រូងចម្រាស នៅពេលដែលកីឡាករទាំង ២ បានជួបគ្នាជាលើកទី ១ ក្នុងព្រឹត្តិការណ៍ ONE: PINNACLE OF POWER ក្នុងទីក្រុងម៉ាកាវ កាលខែមិថុនា។
ក្នុងការប្រកួតដែលមាន ៣ ទឹកពីលើកមុន សុខ ធី ហាក់បានបង្ហាញពីការមានប្រៀបរបស់ខ្លួនក្នុងការប្រកួត ២ ទឹកចុងក្រោយ ខណៈដែលការប្រកួតនៅទឹកទី ១ ហាក់ដូចជាចាញ់ប្រៀបកីឡាករថៃបន្តិច។ ក្រោយពីប្រយុទ្ធគ្នាយ៉ាងជក់ចិត្តរវាងកីឡាករទាំង ២ Lerdsila បានទទួលជ័យជម្នះដោយពិន្ទុ មិនឯកច្ឆន្ទ ពីសំណាក់ចៅក្រមទាំង ៣។
ទោះបីជាយ៉ាងណា ក្រោយពីមានការតវ៉ាផ្សេងៗឲ្យមានការត្រួតពិនិត្យលើការផ្តល់ពិន្ទុជាថ្មី ប្រធានអង្គភាព ONE បានសម្រេចចិត្តផ្តល់ប្រាក់លើកទឹកចិត្ត ៥០០០ ដុល្លារអាមេរិកបន្ថែមទៅលើតម្លៃខ្លួនដល់ សុខ ធី ចំពោះការកាត់សេចក្តីដ៏ចម្រូងចម្រាសនោះ។
ហេតុនេះកីឡាករទាំង ២ នឹងត្រូវជួបប្រកួតសងសឹកម្តងទៀតក្នុងទម្ងន់ ៦១,២ ក្នុងការប្រកួតប្រដាល់សេរី ខណៈដែលលោកហ៊ុន ចាន់រាជ គ្រូបង្វឹករបស់ក្លិប Cambodia Top Team និងជាអ្នករួមដំណើរជាមួយសុខ ធី និងលោកសាន សៅយ៉ាន់ ដែលជាគ្រូបង្វឹកផ្ទាល់ ជឿជាក់ថា កីឡាកររូបនេះមានប្រៀបច្រើនក្នុងការស្តារមុខមាត់របស់ខ្លួនត្រឡប់មកវិញ។ គ្រូបង្វឹកវ័យ ៣១ ឆ្នាំរូបនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ មុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីម្សិលមិញថា៖ «ខ្ញុំគិតថា សុខ ធី មានសង្ឃឹមច្រើន ព្រោះកម្លាំងស៊ុហ្វរបស់គេ ខ្លាំងជាង ហើយរូបគេបានបង្ហាញពីភាពខ្លាំងរបស់គេរួចជាស្រេចកាលពីការជួបគ្នាលើកមុន»។
លោកហ៊ុន ចាន់រាជ បានបន្ថែមទៀតថា ៖ «Lerdsila ជាកីឡាករខ្លាំងម្នាក់ ប៉ុន្តែ រូបគេក៏មានវ័យចាស់បន្តិចហើយ ហេតុនេះកម្លាំងអាចនឹងចាញ់សុខ ធី។ ជាមួយគ្នានេះ សុខ ធី ក៏បានហ្វឹកហាត់ត្រៀមលក្ខណៈយ៉ាងល្អផងដែរ ជាពិសេសការហ្វឹកហាត់ទៅលើការរក្សាកម្លាំងក្នុងការប្រកួត»។
Lerdsila វ័យ ៣៧ ឆ្នាំ គឺជាកីឡាករជើងចាស់ និងពោរពេញដោយបទពិសោធម្នាក់របស់ថៃ ដោយរូបគេបានឆ្លងកាត់ការប្រកួតមួយថៃច្រើនជាង ២០០ លើក ខណៈដែលរូបគេមានកំណត់ត្រាឈ្នះដល់ទៅ ១៨៧ លើក ចាញ់ ៣១ លើក និងស្មើ ៥ លើក។
យ៉ាងណាក៏ដោយ សុខ ធី ដែលបានឆ្លងកាត់ការប្រកួតប្រដាល់គុនខ្មែរច្រើនជាង ១០០ លើក និងចាប់ផ្តើមប្រកួតប្រដាល់តាំងពីវ័យ ៩ ឆ្នាំនោះ បានបញ្ជាក់ថា រូបគេនឹងប្រើប្រាស់ការមានប្រៀបទៅលើកម្លាំងដើម្បីយកឈ្នះលើកីឡាករថៃ។
កីឡាករមកពីខេត្តបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំមានការជឿជាក់ខ្ពស់ ព្រោះខ្ញុំបានហ្វឹកហាត់ត្រៀមលក្ខណៈបានល្អ។ ក្រោយពីការជួបកីឡាករថៃកាលពីមុន ខ្ញុំដឹងថា ខ្ញុំមានប្រៀបផ្នែកកម្លាំង ដោយកីឡាករថៃឆាប់អស់កម្លាំង»។
ទោះបីជាយ៉ាងណា សុខ ធី មិនហ៊ានមើលស្រាលទៅលើដៃគូរបស់ខ្លួនឡើយ តាមរយៈការប្រាប់ថា៖ «ខ្ញុំមិនហ៊ានព្យាករថា នឹងផ្តួលកីឡាករថៃក្នុងទឹកណាមួយឡើយ ប៉ុន្តែ ខ្ញុំនឹងព្យាយាមដណ្តើមយកឈ្នះដោយពិន្ទុ»៕