The Phnom Penh Post Search

Search form

សុខ ធី និង​ឡុង ជិន តម្រូវ​មិន​ឲ្យ​ដើរ​លេង​នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

Content image - Phnom Penh Post
ឡុង ជិន (ឆ្វេង) និង​សុខ ធី កំពុង​​ផ្តោត​លើ​ការ​ហាត់។ ស្រេង ម៉េងស្រ៊ុន

សុខ ធី និង​ឡុង ជិន តម្រូវ​មិន​ឲ្យ​ដើរ​លេង​នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

ភ្នំពេញ: លោក​សាន់ សៅ​យ៉ាន់ គ្រូបង្វឹក​របស់​កីឡាករ​សុខ ធី នៃ​ក្លិប​នាគា​សៅ​យ៉ាន់​ខេត្ត​បន្ទាយ​មានជ័យ និង​លោកស្រី​ឡុង រ៉ាវី អ្នក​គ្រប់គ្រង​កីឡាករ​ឡុង ជិន នៅ​ក្លិប​ខ្លារ​ខិន​មានរិទ្ធ​នៃ​ក្រសួង​មហាផ្ទៃ​សុទ្ធ​តែ បាន​អះអាង​ថា ពួកគេ​មិន​អនុញ្ញាត​ឲ្យ​កូន​សិស្ស​ទៅ​ដើរ​លេង​ផ្តេស​ផ្តាស​នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ​ទេ។

ការហាមឃាត់​នេះ មានបំណង​ក្នុង​ការធ្វើ​ឲ្យ​កីឡាករ​ទាំង ២ មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ហ្វឹកហាត់​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ខ្សែ​ក្រវាត់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​នឹង​ទឹក​ប្រាក់​អម​ចំនួន ៦០០០ ដុល្លារ​ផង​ដែរ។

រវាង​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ទាំង ២ អាច​ចាត់ទុកថា ជា​កំពូល​កីឡាករ​លំដាប់​ខ្លាំង​បំផុត​នៅ​ប្រទេស​កម្ពុជា ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម​នា​បច្ចុប្បន្ន។ ក្នុង​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ ៤ ប្រកួត​កន្លង និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​សរុប​ចំនួន ៥ ប្រកួត​ជាមួយ​កីឡាករ​ថៃ​កន្លង​មក​នោះ ពួកគេ​ទាំង ២ សុទ្ធ​តែ​ទទួល​បាន​លទ្ធផល​ឈ្នះ​ទាំង ៥ ប្រកួត​មាន ១៥ ពិន្ទុ ឡើង​ទៅ​កក់​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ ២០១៨ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ។

គ្រូបង្វឹក​របស់​សុខ ធី គឺ​លោក​សាន់ សៅ​យ៉ាន់ អតីត​កីឡាករ​ប្រដាល់​ជំនាញ​រូស​កែង និង​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ M 150 នៃ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ កាល​អំឡុង​ឆ្នាំ ២០០០ បាន​និយាយ​ថា៖ «សុខ ធី ត្រូវ​បាន​គ្រប់គ្រង​ឲ្យ​ហ្វឹកហាត់​ជា​ប្រចាំ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរ​លេង​ផ្តេស​ផ្តាស​នៅ​ថ្ងៃ​ចូល​ឆ្នាំ​បាន​ទេ ពីព្រោះ​ខ្លាច​បាក់​កម្លាំង ដោយ​យើង​ត្រៀម​ការ​ប្រកួត​ឲ្យ​បាន​ល្អ»។

លោក​បាន​បញ្ជាក់ថា៖ «ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ​មិន​មែន​ជា​ការប្រកួត​ងាយ​ស្រួល​នោះទេ។ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់​ដោយសារ​ដៃគូ​របស់​គេ​គឺ​កីឡាករ​ឡុង ជិន នេះ​ល្អ​ដូច​គ្នា»។

ក្នុង​សំណួរ​ជាច្រើន​របស់​ភ្នំពេញ ប៉ុស្តិ៍ ដែល​ចង់ដឹង​ពី​ការហ្វឹកហាត់​ត្រៀម​របស់​សុខ ធី ដើម្បី​ការ​ប្រកួត​នេះ លោក​សាន់ សៅ​យ៉ាន់ និយាយ​ថា៖ «ទោះ​ខ្ញុំ​ឲ្យ​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ​មែន ប៉ុន្តែ​ខ្ញុំ​មាន​សង្ឃឹម​ត្រឹម ៥០ ភាគរយ ប៉ុណ្ណោះ​ពី​ព្រោះ​ដៃគូ​គេ​ខ្ពស់​ជាង ចេញ​ក្បាច់​កែង និង​ទាត់ ព្រមទាំង​ជង្គង់​មាន​កម្លាំង​ធ្ងន់​ជាង»។

លោក​បន្តថា៖ «បើ​និយាយ​ពី​សុខ ធី របស់ខ្ញុំ មាន​ប្រៀប​ផ្នែក​វាយ​ក្បាច់​ល្អ ព្រមទាំង​មាន​សមត្ថភាព ឬ​មហិច្ឆតា​យក​ឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ដោយ​យើង​មិន​សង្ឃឹម​វាយ​ដៃគូ​ឲ្យ​សន្លប់​បាន​ទេ ជាមួយ​គ្នា​នេះ​ស្នៀត​ទាត់​កណ្តាប់​ដៃ និង​ជង្គង់​ព្រមទាំង​ចេញ​ចូល​លឿន ឬ​គេច​រហ័ស​ជា​ការ​មាន​ប្រៀប ប៉ុន្តែ​បញ្ហា​កម្លាំង​សម្រុក ៥ ទឹក​ពេញ មិន​ដឹង​ថា អ្នក​ណា​អាច​សន្លប់​ទៅ​មុន​នោះ​ឡើយ»។

ចំណែក​អ្នកស្រី​ឡុង រ៉ាវី អ្នកគ្រប់គ្រង​ឡុង ជិន បាន​និយាយ​ថា៖ «ការ​ប្រកួត​លើក​នេះ​សំខាន់​ណាស់ ទឹក​ប្រាក់​ច្រើន កិត្តិយស​ក៏​ធំ​ដែរ ហេតុ​នេះ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ផឹកស៊ី ឬ​ដើរ​លេង​ឆ្ងាយ​បាន​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍