ភ្នំពេញ: កីឡាករ​ជើង​ខ្លាំង សុខ ធី បានប្រកាស​ពី​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ ហើយ​រូបគេ​ក៏​អាច​នឹង​ឈប់​មក​ប្រកួត​នៅ​កម្ពុជា​ផង​ដែរ បន្ទាប់​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ដាក់​ពិន័យ​ដល់​រូបគេ​មិន​ឲ្យ​ឡើង​ប្រកួត​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ចំនួន ៦ ខែ ហើយ​លោក សាន សៅ​យ៉ាន់ ជា​គ្រូបង្វឹក ត្រូវ​បាន​ពិន័យ​ផ្អាក​ការងារ​ជា​មន្ត្រី​អាជ្ញា​កណ្តាល ចៅក្រម​ចំនួន ៦ ខែ​ដូចគ្នា ខណៈ​អ្នក​ទាំង ២ មិន​ព្រម​ទទួល​យក​លទ្ធផល ការ​សម្រេច​ឲ្យ​ចាញ់​កីឡាករ​ថៃ Thnou Soeklek ក្នុង​ការ​ប្រកួត​ជម្រុះ​វិលជុំ​ដណ្តើម​ពាន​អន្តរជាតិ ISI Palm ទម្ងន់ ៥៧ គីឡូក្រាម នៅ​សង្វៀន CNC។

បើទោះបីជា ការសម្រេច​ដាក់ពិន័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ត្រូវបាន​ធ្វើឡើង​ទៅ​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​បច្ចេកទេស ដោយ​មាន​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​លោក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ ប៉ុន្តែ​លោក សាន សៅ​យ៉ាន់ បាន​ចាត់​ទុក​ការ​ដាក់​ពិន័យ​ថា ជា​ការ​ធ្វើ​ឡើង​ដោយ​គំនុំ មិន​បាន​គោរព​ទៅ​តាម​គោល​ការណ៍​ច្បាប់​កីឡា​ត្រឹម​ត្រូវ។

លោក សាន សៅ​យ៉ាន់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ការ​ដាក់​ពិន័យ​របស់​សហព័ន្ធ​មក​លើ​ពួក​ខ្ញុំ ដូចជា​មិន​មែន​ធ្វើតាម​ច្បាប់​ទេ គឺ​ធ្វើ​ដោយ​គំនុំ ដោយ​បញ្ឈរ​ជើង​ដល់ ៦ ខែ និង​មិន​ឲ្យ​ប្រកួត​នៅ​ក្រៅ​ស្រុក​ទៀត។ ពួក​ខ្ញុំ​អត់​ខុស​នោះ​ទេ ព្រោះ​ខ្ញុំ​តវ៉ា​តាម​ច្បាប់​ហើយ តែ​មិន​ដោះស្រាយ​តាម​ច្បាប់​ឲ្យ​ពួក​ខ្ញុំ បែរ​ជា​យក​ការ​ពិន័យ​មក​ទម្លាក់​កំហុស​លើ​ពួក​ខ្ញុំ​ទៀត គឺ​វា​ធ្ងន់ធ្ងរ​ពេក»។

ជាមួយ​ការពិន័យ​របស់​សហព័ន្ធ​នេះដែរ សុខ ធី មានការ​បាក់​ទឹកចិត្ត​ខ្លាំង ហើយ​រូបគេ​ក៏បាន​ព្រលយ​ពី​ការ​ឈប់​មក​ប្រកួត​នៅ​កម្ពុជា​ផង​ដែរ។ សុខ ធី ដែល​មាន​ឪពុក​ម្តាយ​ធ្វើ​ជា​ជាង​សំណង និង​រស់​នៅ​ប្រទេស​ថៃ តាំង​ពី​តូច​នោះ បាន​សរសរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «ថ្ងៃទី ១៤ ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ហើយ ហើយ​ក៏​ឈប់​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ទៀត​ដែរ​ដោយ​សារ​ធុញ​នឹង​បញ្ហា​ច្រើន​ពេក»។

ជុំវិញ​ការ​បង្ហោះ​សារ​របស់ សុខ ធី នេះ លោក សាន សៅ​យ៉ាន់ បាន​លើកឡើង​ថា អាច​មក​ពី សុខ ធី គាត់​មាន​ការ​បាក់​ទឹកចិត្ត​ខ្លាំង​ពេក ទៅ​លើ​ការ​ដាក់​ពិន័យ​នេះ ព្រោះ​ទម្រាំ​អូស​ទាញ សុខ ធី បាន​មក​ប្រកួត​នៅ​កម្ពុជា លោក​បាន​ទៅ​និយាយ​អង្វរ​ដល់​ឪពុក​ម្តាយ​របស់​គេ ទើប​គេ​ព្រម​មក។

លោក​បាន​និយាយថា៖ «ការដាក់ពិន័យ​នេះ វា​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់ សុខ ធី ហើយ​អាច​នឹង​ធ្វើ​ឲ្យ​គាត់​ឈប់​មក​ប្រកួត​នៅ​កម្ពុជា គឺ​គាត់​អាច​ប្រកួត​នៅ​ក្រៅ​ប្រទេស​វិញ ព្រោះ​គាត់​បាន​ទទួល​រង​ភាព​អយុត្តិធម៌​ពី​សហព័ន្ធ​ពេក ហើយ​បើ​សហព័ន្ធ នៅ​តែ​ធ្វើ​បែប​នេះ គឺ​ក្រោយ​ពី​បញ្ចប់​ការ​ទទួល​ពិន័យ​នេះ ខ្ញុំ​ក៏​គាំទ្រ​ឲ្យ​គាត់​ទៅ​ប្រកួត​នៅ​ថៃ​ដែរ ព្រោះ​គាត់​មក​ប្រកួត ដើម្បី​មុខ​មាត់​គុន​ខ្មែរ គួរ​ណាស់​នាំគ្នា​លើក​តម្កើង​គាត់ តែ​បែរ​ជា​នាំគ្នា​ជាន់​ពន្លិច​គ្នា»។

ជុំវិញ​ការចោទប្រកាន់​ពី​លោក សាន សៅ​យ៉ាន់ ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ដាក់​ពិន័យ​ដោយ​គំនុំ​នេះ លោក តែម ម៉ឺន បាន​ឆ្លើយ​បដិសេធ​ថា៖ «គ្មាន​នរណា​ទៅ​គុំ​កួន កូន​ចៅ​ខ្លួន​ឯង​នោះ​ទេ គឺ​យើង​មាន​តែ​អាណិត​ព្រោះ​យើង​ចាស់​ទុំ យើង​ជា​ស្ថានប័ន​មួយ មាន​ច្បាប់​គ្រប់គ្រង​ត្រឹម​ត្រូវ ហើយ​សួរ​គ្រូ សាន សៅ​យ៉ាន់ និង​កីឡាករ សុខ ធី ទៅ ថា​តើ​ខ្ញុំ​បាន​ហៅ​មក​ជួប​ណែនាំ និង​លើក​ទឹកចិត្ត​យ៉ាង​ម៉េច​ខ្លះ ប៉ុន្តែ​ត្រូវ​ដឹង​ថា យើង​ធ្វើការ​ច្រើន​ស្ថាប័ន ជាមួយ​គ្នា យើង​មាន​លក្ខន្តិកៈ​នៃ​ការ​ប្រកួត អ៊ីចឹង​ការ​ដាក់​ពិន័យ​នេះ មក​ពី​ពួក​គាត់ មិន​ព្រម​មក​ប្រកួត វា​នាំ​ឲ្យ​ខូច​កម្មវិធី​គេ រឿង​វា​តែ​ប៉ុណ្ណឹង​ទេ គឺ​គ្មាន​ការ​គុំ​កួន​អ្វី​នោះ​ទេ»។

ចំពោះ​ការប្រកាស​ឈប់​មក​ប្រកួត​នៅ​កម្ពុជា​របស់ សុខ ធី លោក តែម ម៉ឺន បាន​បញ្ជាក់​ថា៖ «យើង​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាក្រក់​ជាមួយ​កូន​ចៅ​យើង​នោះ​ទេ ប៉ុន្តែ​សំខាន់​សិទ្ធិ​សម្រេច​របស់​គាត់ វា​យ៉ាង​ម៉េច? គាត់​ជា​ខ្មែរ ជា​កីឡាករ​របស់​យើង អ៊ីចឹង​យើង​នៅ​តែ​ខិតខំ​ណែនាំ លើក​ទឹកចិត្ត​ឲ្យ​គាត់​ហាត់ ដើម្បី​ប្រកួត​នៅ​កម្ពុជា តែ​បើ​គាត់​សម្រេច​ថា គាត់​ត្រូវ​តែ​ទៅ​ប្រកួត​ប្រទេស​គេ យើង​ទៅ​ឃាត់​គេ​យ៉ាង​ម៉េច? ប៉ុន្តែ​ត្រូវ​ដឹង​ពី​ច្បាប់ ព្រោះ​សហព័ន្ធ​យើង ក៏​ដូចជា​ប្រទេស​ជាតិ សុទ្ធ​តែ​មាន​ច្បាប់​ត្រឹម​ត្រូវ»។

យ៉ាងណាក៏ដោយ លោក សាន សៅ​យ៉ាន់ និយាយថា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ មិន​ទាន់​មាន​គោល​ការណ៍​ច្បាប់​ច្បាស់​លាស់ នៅ​ឡើយ​ទេ។ លោក​បាន​លើក​យក​រឿង ២ មក​បញ្ជាក់​ថា ច្បាប់​កីឡា​កំណត់​ថា ពេល​ប្រកាស​លទ្ធផល​ហើយ មិន​អាច​កែប្រែ​វិញ​បាន​ទេ ចុះ​កីឡាករ សុខ រិទ្ធ ដែល​ប្រកាស​ឲ្យ​ចាញ់ ហ៊ឹម សេរី ក្នុង​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ កន្លង​មក ហេតុ​អ្វី​សហព័ន្ធ សម្រេច​កែប្រែ​ឲ្យ សុខ រិទ្ធ ឈ្នះ​ការ​ប្រកួត​វិញ តាម​ការ​តវ៉ា​ពួក​លោក៕