ភ្នំពេញ៖ ​កីឡាករ​វ័យ​ក្មេង​ សុខ​ លឹមហេង​ បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ការ​ប្រកួត​កីឡា​អុក ក្នុង​ព្រឹត្តិការណ៍​អបអរ​សាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​ និង​សំពះ​ព្រះ​ខែ​អក​អំបុក​ ឆ្នាំ ​២០១៩ ​កាល​ពី​ថ្ងៃទី ​១២​ ខែវិច្ឆិកា​ ហើយ​ជ័យ​ជម្នះ​របស់​គេ ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​ពី​ពិភព​អ្នក​លេង​អុក​នៅ​កម្ពុជា។

អ្នក​លេង​អុក​វ័យ​ក្មេង​ មក​ពី​ក្លិប​សេះខៀវ ​និង​​ជា​និស្សិត​សាកល​វិទ្យាល័យ​វ៉ាន់ដា​ សុខ លឹមហេង បាន​​ឈ្នះ​ជើង​ចាស់​ជា​ច្រើន​រូប​ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​១ ហើយ​នេះ​ជា​ជ័យជម្នះ​មួយ​ទៀត​របស់​គេ បន្ថែម​ទៅ​លើ​​ការ​ឈ្នះ​តំណែង​ស្តេច​អុក​ នៅ​អង្គរ​សង្រ្កាន្ដ​ខេត្ត​សៀមរាប​ កាល​ពី​ឆ្នាំ ​២០១៨ ​និង​​​ឈ្នះ​ពាន​រង្វាន់​អុក​ចត្រង្គ​របស់​សហព័ន្ធ​អុក​ចត្រង្គ​កម្ពុជា ​​កាល​ពី​ចុង​ខែ ​តុលា​ ឆ្នាំ ​២០១៩​ នេះ។

លោក​ គ្រួច​ ចន្ថារិទ្ធ​ ហៅ​ត្រេន ​ជា​គណៈកម្មការ​រៀបចំ​ការ​​ប្រកួត​បាន​​ប្រាប់​ថា​ ការ​ប្រកួត​ដែល​ធ្វើ​នៅ​ភោជនីយដ្ឋាន​ស្រី​អូន​​នោះ​ គឺ​មាន​បេក្ខជន​លំដាប់​ជើង​ខ្លាំងៗ​ចំនួន ​៧០ ​​នាក់​ ​មក​ពី​ក្លិប ចំនួន ១០ បាន​ចូល​រួម ប៉ុន្តែ​​ដោយ​បញ្ហា​ពេលវេលា​តែ​មួយ​ថ្ងៃ ​ហើយ​បេក្ខជន​ចូល​ប្រកួត​ច្រើន​នោះ​ គណៈកម្មការ​បាន​ធ្វើ​ការ​​សម្រេច​​ចាប់​ឆ្នោត​ជ្រើស​អ្នក​ចូល​ប្រកួត​តែ ​១៦ ​នាក់​ទេ ដោយ​​ប្រកួត​តាម​រូបមន្ត​ចាញ់​ធ្លាក់ ​រហូត​រក​ឃើញ​​អ្នក​បាន​​លេខ​ ១ ​តែ​ម្តង​។

នៅ​ក្នុង​ការ​ប្រកួត​នោះ​កីឡាករ សុខ ​លឹមហេង ​បាន​យក​ឈ្នះ​ជាប់​ៗ​គ្នា​ចំនួន ​៤ ​ប្រកួត គឺ​​​ឈ្នះ​​កីឡាករ ​ហ៊ុយ ​សាមុត​ មក​ពី​ខេត្ត​កំពត រួច​បន្ត​ឈ្នះ​ ​​ហេង ​គឹមតួ ​មក​ពី​ក្លិប​បារាំង​ប៊ុលឌិង​​ និង​​ឈ្នះ​កីឡាករ​វ័យ​ក្មេង​ម្នាក់​ទៀត​ មក​ពី​រាជធានី​ភ្នំពេញ​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​​គ្រង​តំណែង​ម្ចាស់​ជើងឯក​សម្រាប់​ការ​ប្រកួត ក្នុង​​បុណ្យ​អុំទូក​តែ​ម្តង​។

លោក​ គុជ​ គឹម​ឡុង ​ប្រធាន​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«សហព័ន្ធ​ បាន​​ប្រឹងប្រែង​ស្វែងរក​ការ​ប្រកួត​ឲ្យ​បាន​ញឹកញាប់​ក្នុង​មួយ​ឆ្នាំ​ៗ ​ដើម្បី​ជំរុញ​ឲ្យ​កីឡាករ​មាន​សមត្ថភាព​ និង​ស្វែងរក​អ្នក​លេង​អុក ​ដែល​មាន​សមត្ថភាព​ខ្លាំង​ពិតៗ​។ ​ជា​មួយ​គ្នា​នេះ​បញ្ហា​ប្រាក់​រង្វាន់​គ្រាន់​តែ​ជា​ការ​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ​ គឺ​មិន​ចាត់​ទុក​ថា ​ជា​រឿង​សំខាន់​នោះ​ទេ​គឺ​​លេខ ​១ ​​បាន ​៥០ ​ម៉ឺន​រៀល ​លេខ ​២​ ​បាន ​២០ ​ម៉ឺន ​លេខ ​៣ ​​បាន ​១៥ ​ម៉ឺន​ ​និង​លេខ ​៤​ ​បាន ​១០ ​ម៉ឺន​រៀល ​ព្រម​ទាំង​មាន​ចាប់​ឆ្នោត​យក​ទូរស័ព្ទ​ដៃ​ផង​ដែរ»​។

តាម​គោល​ការណ៍​ជា​យុទ្ធសាស្រ្ត​ គឺ​​សហព័ន្ធ​អុក​ចត្រង្គ​កម្ពុជា ​​នឹង​បញ្ជូន​​គ្រូ​បង្វឹក ​ទៅ​​ជួយ​បណ្តុះ​បណ្តាល​ដល់​​បណ្តា​​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ក្នុង​គោល​បំណង​ឲ្យ​គេ​បាន​ចូល​ប្រកួត​លើ​ប្រភេទ​កីឡា​អុក​នេះ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី ​៣២ ​ឆ្នាំ ​២០២៣​ ដែល​កម្ពុជា ត្រូវ​​ធ្វើ​ជា​ម្ចាស់​​ផ្ទះ៕