ភ្នំពេញ៖ កីឡាករ​កម្ពុជា សុខ​ សាវិន ​មក​ពី​ក្លិប​ឆ្មា​ស​សែន​សុខ​គុនខ្មែរ ​​បាន​បង្ហាញ​​ការ​​ជឿ​ជាក់ខ្លាំង ក្នុងការ​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ Den Sayam សម្រាប់​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក ​ Carabao​ ទម្ងន់ ​៦០ ​គី​ឡូក្រាម​ នៅ​សង្វៀន SEATV ​ដើម្បី​​យក​ប្រៀប​លើ​ជន​រួម​ជាតិ​ ៣​ នាក់​ផ្សេង​ទៀត និងបាន​ឡើង​ទៅ​វគ្គពាក់កណ្តាល​​ផ្តាច់​ព្រ័ត្រ​​។​

ការ​ផ្តួល​កីឡាករ​ថៃឲ្យ​សន្លប់​ទាំង​ ២​ លើក កន្លង​មក​នេះ បាន​ជួយ​ឲ្យ សុខ សាវិន កំពុង​មាន​ពិន្ទុ​នាំ​មុខ​លើ​កីឡាករ សូត្រ ប៊ុនធី, ចាន់ សំអាត និង វៀត ប៊ុនឌឿន ដែល​ឈរ​នៅ​ក្នុងពូល​ A ជាមួយ​គ្នា ហើយ​ការ​ប្រកួត​លើក​ទី៣ ​នេះ សាវិន មាន​ទំនុក​ចិត្តកាន់​តែ​ខ្ពស់ ក្នុងការ​យក​ឈ្នះ​លើ Den Sayam​ ព្រោះ​ថៃ​ម្នាក់​នេះ ធ្លាប់​បាន​ចាញ់ សុខ សាវិន ក្នុងការ​ប្រកួតក្រៅ​ខ្សែ​ក្រវាត់​នេះ​កន្លងមក។

កីឡាករ សុខ​ សាវិន ដែល​មិន​ធ្លាប់​ដណ្តើម​បានខ្សែ​ក្រវាត់ នៅ​ក្នុងការ​ប្រកួត​កន្លង​មក​​នោះ បាន​​និយាយ​ថា​៖ «​ខ្ញុំ​នឹង​ប្រឹង​យក​ឈ្នះ​ Den Sayam ឲ្យ​បាន​ ហើយខ្ញុំ​​សង្ឃឹម​បាន​ចូល​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ​​១០០ ​ភាគ​រយ​ ​ព្រោះ​គិត​មក​ដល់​ជុំ​ទី៣ ​នេះ​ ខ្ញុំ​មាន​ពិន្ទុនៅ​លើ​កំពូល​តារាង​ជា​ស្រេច​ ក្នុង​ចំណោម​កីឡាករ​ខ្មែរ​ទាំង ​៤ នាក់»​។​

ចំណែក​លោក​ ស៊ន​ អេលីត​ គ្រូ​បង្វឹក សុខ សាវិន បាន​និយាយ​ថា​៖ ​«ការ​ប្រ​កួត​លើក​នេះ​សុខ ​សាវិន​ ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ​ ទាំង​កម្លាំង​កាយ ​បច្ចេក​ទេស​ និង​សុខភាព ហើយ​​ធានា​យក​ឈ្នះ​ឲ្យ​បាន​គឺសង្ឃឹម​ ​៩០ ​ភាគ​រយ»​។

អេលីត​ បាន​បន្ត​ថា៖​ «​ការ​ខក​ខាន​មិន​បាន​ខ្សែ​ក្រ​វាត់​របស់​ សុខ ​សាវិន ​កន្លង​មក ​​មិន​មែន​ សុខ​ សាវិន​ ខ្សោយ​ទេ​ ប៉ុន្តែ​ជួប​ករណីយ​ស៊យ​ ដោយ​​កាល​នោះ​មាន​ពិន្ទុ​ស្មើ​គេ​ដែរ​ មិន​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រោះ​​គេ​ជ្រើស​រើស​យក​តែ​ម្នាក់​ក្នុង ​១ ​ពូល​។ ​ចំណែក​​លើក​នេះ​ ​គឺ​អស់​ឧបសគ្គ​ធំ​ហើយ​ ​ព្រោះ​ក្នុង​ចំណោម​កីឡាករ​ថៃ​ចំនួន ​៤​ នាក់ ​គឺ​មាន​កម្រិត​វិជ្ជា​គុន​ប្រ​ហាក់​ប្រ​ហែល​គ្នា ​និង​ធ្លាប់​ប្រ​កួត​គ្នា​កន្លង​មក​ផង​ដែរ»​។

កីឡាករ សុខ សាវិន នឹង​ត្រូវដណ្តើម​៣ពិន្ទុ​ជាមួយ​អ្នកប្រដាល់​របស់​ថៃ Den Sayam នៅ​លើ​សង្វៀន SEATV។រូបភាព សហការី

តាម​រូប​មន្ត​ការ​​ប្រ​កួត​លើក​នេះ​ ក្នុង ​១ ​ពូល​ គេ​​យក​កីឡាករ​ចំនួន​ ២ នាក់ ​ដែល​មាន​ពិន្ទុ​ខ្ពស់​ឡើង​​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។​​ ប៉ុន្តែ ​Den Sayam​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នៅ​តែ​ជា​​ឧបសគ្គ​ធំ​មួយ​របស់​ សុខ​ សាវិន​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​វគ្គ​បន្ត ព្រោះ​ថៃ​ម្នាក់​នេះ ទើប​តែបាន​ផ្តួល ចាន់ សំអាត ឲ្យ​សន្លប់ក្នុងទឹក​ទី​៤ ហើយ​ក៏កំពុង​ឈរ​នៅកំពូល​តារាង​ប្រចាំ​ពូល ​B ផងដែរ។

​​

លោក ​ថាញ់​ វ៉ាឡេក​ គ្រូ​បង្វឹក​កីឡាករ​ថៃ​ បាន​ប្រាប់​ថា​៖ «សុខ​ សាវិន​ មិន​មែន​ស៊ី​កីឡាករ​ថៃ​ Den Sayam ​ផុយ​ទេ ​គឺ​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ធំ ​និង​ស្វិត​ស្វាញ​ ប៉ុន្តែ​​ខ្ញុំ​មិន​ទាន់​ហ៊ាន​ទស្សន៍​ទាយ​មុន​ទេ​ ​ព្រោះ​វា​អាស្រ័យ​លើ​ការ​ប្រ​កួត​ជាក់​ស្តែង​ផ្ទាល់​តែ​ម្តង ​ហើយ​ខ្ញុំ​គិត​ថា មាន​សង្ឃឹម ​​៥០ ​ភាគ​រយ​ម្នាក់»​។​

ចំណែក​ ​វៀត ​ប៊ុន​ឌឿន​ ​របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ក៏​ត្រូវ​ប្រកួត​ដណ្តើម​ ៣ ពិន្ទុ​ ជាមួយ​ថៃ​ Phat​ Ngam នៅ​ថ្ងៃសៅរ៍​នោះ​ដែរ​ ប៉ុន្តែ​​គូ​នេះ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ទេ ​ព្រោះ​សុទ្ធ​តែ​ប្រ​ឈម​ទៅ​នឹង​ការ​ធ្លាក់​ ដោយ​សារ​ធ្លាប់​ចាញ់​ដៃ​គូ​រៀងៗ​ខ្លួន​ និង​មាន​ពិន្ទុ​តាម​ពី​ក្រោយ​គេ​ក្នុង​ពូល​រៀងៗ​ខ្លួន​។​

លោក​ ញាន​ សុធី​ អ្នក​គ្រប់គ្រង់​សង្វៀន​ SEATV ​បាន​វិភាគ​ថា​៖ «​កីឡាករ​ថៃ ​Den Sayam ​ជា​អ្នក​ប្រដាល់​មាន​ផ្លែ​ល្អ​ជាង​ សុខ​ សាវិន ​ទៅ​ទៀត​ ​ព្រោះ​ ​ចាន់ ​សំអាត ​របស់​ក្លិប​អន្លង់វែង​ ជំនាញ​កណ្តាប់​ដៃ​ និង​ស៊ូល្អ​ ក៏​ចាញ់​រូប​គេ​ដែរ ​។ ​​តាម​ខ្ញុំ​គិត​ សុខ សាវិន និង Den Sayam ​មាន​សមត្ថភាព​ខ្លាំង​ម៉្យាង​ម្នាក់ ​និង​មាន​ល្បិច​ប្រ​កួត​ផ្សេង​គ្នា ​ហើយ​លទ្ធផល​ខ្ញុំ​ថា​ ៥០ ​ភាគ​រយ​ម្នាក់​»។

លោក​​បាន​បន្ត​ថា ​ចំពោះ​អ្នកប្រដាល់​ វៀត ប៊ុនឌឿន​ និង ​Phat Ngam មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ហើយ​មានមាឌ​ប្រហែល​គ្នាដោយ​ក្នុង​នោះ Phat Ngam ​ធ្លាប់​ប្រកួតបាន​ ៨៦ លើក ឈ្នះ ៦៩ លើក ចាញ់១៥​ និងស្មើ​ ២ ដង ឯ​ វៀត ប៊ុនឌឿន​ ប្រកួតបាន ​៨០ ដង ឈ្នះ ៦៣ ចាញ់ ១៥ និងស្មើ ២ ដង៕