អ្នក​ប្រដាល់​ចិត្តធំ ល្អ​កែង​ និង​ជង្គង់​ស្រួច សុខ សាវិន មកពី​ក្លិប​ឆ្មា​ស​សែនសុខ​គុនខ្មែរ បាន​បន្ត​ឈ្នះ​កីឡាករ​ថៃ Khan Thep ដោយ​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​ ៣ ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី​ ៩ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ខណៈ វៀត ប៊ុនឌឿន មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​បាន​ចាញ់​កីឡាករ​ថៃ Phut phat Noy ក្នុង​ទឹក​ទី​ ៣​។

ជ័យជម្នះ​របស់ សុខ សាវិន នេះ​បាន​ធ្វើឲ្យ​គាត់​មាន​ ៦ ​ពិន្ទុ​នាំ​មុខ​ជា​បណ្តោះអាសន្ន​ទៅលើ​កីឡាករ​កម្ពុជា​ចំនួន​ ៣ ​នាក់​ទៀត​គឺ សូត្រ ប៊ុនធី កីឡាករ ចាន់ សំអាត និង​កីឡាករ វៀត ប៊ុនឌឿន នៅក្នុង​ពូល​ A ខណៈ​គម្រោង​នៃ​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ​នៅ​សល់​ចំនួន​ ២ ​ប្រកួត​ទៀត​ជាមួយ​កីឡាករ​ថៃ​។

កីឡាករ សុខ សាវិន ហាក់​ដូច​មិន​ទាន់​មាន​សំណាង​នៅ​ឡើយ​ទេ​នៅក្នុង​អាជីព​ប្រដាល់​របស់​គេ​កន្លង​មក​ជិត​ ១០ ​ឆ្នាំ​មក​នេះ​ព្រោះ​រាល់​ពេល​ប្រកួត​ខ្សែក្រវាត់ គឺ​គាត់​មិន​ដែល​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​ណា​ឡើយ​។

លោក ស៊ន អេលីត គ្រូបង្វឹក​និយាយ​ថា​ការដណ្តើម​ខ្សែក្រវាត់​លើក​នេះ​សង្ឃឹម​ខ្ពស់​ក្នុង​ការឡើង​ចូល​ទៅ​ដល់​វគ្គ​ខ្វែង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ និង​ហ៊ាន​ធានា​អះអាង​ថា​នឹង​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​មិន​ខាន​ពីព្រោះ​បាន​ហ្វឹកហាត់​ និង​រក្សា​សុខភាព​ត្រៀម​ប្រកួត​បាន​ល្អ​។

សុខ សាវិន បាន​និយាយ​ក្រោយពី​ប្រកួត​ថា​៖ «​ខ្ញុំ​ខិតខំ​ហ្វឹកហាត់​វ៉ៃ​យក​ខ្សែក្រវាត់​រដូវកាល​ទី​ ៩ ​នេះ​ឲ្យ​បាន​ព្រោះ​ក្នុង​ចំណោម​ជើង​ខ្លាំង​ទម្ងន់​ ៦០ ​គីឡូក្រាម​ជំនាន់​ខ្ញុំ គេ​ឈ្នះ​ខ្សែក្រវាត់​ និង​ពាន​ច្រើន​គ្នា​ណាស់​តែ​ខ្ញុំ​មិន​ទាន់​បាន​។ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​លើក​នេះ ខ្ញុំ​បាន​កំណត់​គោលដៅ​ច្បាស់លាស់​ថែរក្សា​សុខភាព​ និង​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ និង​សង្ឃឹម​ជឿជាក់​ថា យ៉ាងហោច​ណាស់​ក៏​ឈ្នះ​ត្រឹម​លេខ​ ២ ​ដែរ​ ប៉ុន្តែ​បំណង​ធំ​របស់​ខ្ញុំ​គឺ​ម្ចាស់​ខ្សែ​ក្រវាត់​តែម្តង​»​។

ជ័យជម្នះ​របស់ សុខ សាវិន ត្រូវ​គេ​មើលឃើញ​ថា​វ៉ៃ​កាច​ និង​អស់ពី​សមត្ថភាព​គ្មាន​បន្ធូរដៃ​សោះ​ឡើយ​ដែល​ជា​ការប្រកួត​ជក់​ចិត្ត​បំផុត​។

ចំណែក​កីឡាករ វៀត ប៊ុនឌឿន ដែល​កាលពី​ជុំ​ទី​ ១ ​ឈ្នះ​បាន​ ៣ ​ពិន្ទុ​ហើយ​នោះ​ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ស្នៀត​ជង្គង់​របស់​កីឡាករ​ថៃ Phutphat Noy ក្នុង​ទឹក​ទី​ ៣ ​មិន​អាច​ងើប​តដៃ​ទៀត​បាន​។

នៅ​មុន​ពេល​ចុះចាញ់​នោះ ប៊ុនឌឿន ប្រកួត​បាន​ល្អ​មាន​ពិន្ទុ​នាំ​មុខ​កីឡាករ​ថៃ​ដាច់ ព្រម​ទាំង​វ៉ៃ​ឲ្យ​អាជ្ញាកណ្តាល​លោក ណន រិទ្ធ រាប់​កីឡាករ​ថៃ​ចំនួន​ ២ ​លើក ប៉ុន្តែ​នៅ​ចុង​ទឹក​ទី​ ៣ កីឡាករ​ថៃ​បាន​ប្តូរ​យុទ្ធសាស្ត្រ​មក​ប្រើ​ក្បាច់​ចូល​ឱប​ឡើង​ជង្គង់​បាន​ល្អ វាយ​ចូល​គោលដៅ និង​បន្ថែម​មួយ​ជង្គង់​ចូល​ពោះ​ទឹក​ធ្វើ​ឲ្យ ប៊ុនឌឿន សុំ​ចុះចាញ់​តែ​ម្តង​។

ជុំវិញ​គូ​ជក់ចិត្ត​បំផុត​សម្រាប់​ប្រដាល់​គុន​ខ្មែរ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​វិញ បឺត សង្ឃឹម មិន​អាច​សងសឹក​ជើង​ខ្លាំង​ជំនាន់​ថ្មី ធន់ អៀងឡៃ បាន​ទេ​ដោយ​ចុះចាញ់​ក្នុង​ទឹក​ទី​ ២​។

ការប្រកួត​ទឹក​ទី​ ១ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​ ២ ធន់ អៀងឡៃ មាន​ប្រៀប​ជាង​ដាច់​តែ​ម្ដង​។

បន្ថែម​ពី​លើ​នេះ​នៅពេល​ដែល​អាជ្ញាកណ្តាល​ឃាត់​ហើយ​នោះ ធន អៀងឡៃ បាន​វាយ​វាយ​ ១ ​ដៃ​យ៉ាង​ធ្ងន់​ទៅ​លើ បឺត សង្ឃឹម ធ្វើឲ្យ​ដួល​ដេក​ស្អាត ហើយ​អាជ្ញាកណ្តាល​បាន​រាប់​ដល់​ ៨ ​ទើប​ងើប​មក​យ៉ាង​ដុនដាប​។

អាជ្ញាកណ្តាល​លោក ណន រិទ្ធ មិន​ព្រមាន​កីឡាករ អៀងឡៃ ទេ​ដោយ​ឲ្យ​ប្រកួត​បន្ត​ទៀត​ហើយ​ភ្លាម​នោះ អៀងឡៃ បាន​ថែម​ ១ ​កែង​ទៀត​ធ្វើឲ្យ បឺត សង្ឃឹម ដួល​ងើប​លែងរួច​តែម្ដង​។

បឺត សង្ឃឹម បាន​និយាយ​ក្រោយពី​ប្រកួត​នេះ​ថា​៖ «​បរាជ័យ​ក្រោម​ដៃ ធន អៀងឡៃ ចំនួន​ ២ ​លើក​ហើយ​ធ្វើឲ្យ​ខ្ញុំ​ទទួល​ស្គាល់​ថា​គេ​ពិតជា​ខ្លាំង​អស្ចារ្យ​កែង​មុត​មិន​អាច​សងសឹក​បាន​ទេ​គឺ​គាត់​ខ្លាំង​មែន​»​។

សម្រាប់​គូ​មិត្តភាព​អន្តរជាតិ វង្ស វិឆ័យ បាន​ឈ្នះ​កីឡាករ​មកពី​អូស្ត្រាលី​ដោយ​ពិន្ទុ​ដាច់ ខណៈ​ ពុយ វណ្ណៈ ផ្តួល​កីឡាករ​ថៃ Phutphat Noy ក្នុង​ទឹក​ទី​ ៣៕