ភ្នំពេញៈ កីឡាករ​កម្ពុជា សុខ សាវិន និង ចាន់ សំអាត សុទ្ធតែ​មាន​រំពឹង​ខ្ពស់ ក្នុង​ការយក​ឈ្នះ​អ្នក​ប្រដាល់​ថៃ សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៦០ ​គីឡូក្រាម​នៅ​លើ​សង្វៀន SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ដើម្បី​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ចាន់ សំអាត មកពី​ក្លិប​អន្លង់វែង​ត្រូវ​វិល​ទៅ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Phat Ngam ខណៈ​អ្នក​ទាំង​ ២ ​នេះ​បាន​ឈ្នះ​ ៣ និង​ចាញ់​ ១ ​ប្រកួត​មាន​ ១០ ​ពិន្ទុ​នៅក្នុង​ការប្រកួត​ជម្រុះ​វិលជុំ​សន្សំ​ពិន្ទុ ប៉ុន្តែ​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ Phat Ngam ត្រូវ​បាន​គណៈកម្មការ​ពិន័យ​ឲ្យ​ចាញ់​កីឡាករ ចាន់ សំអាត ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​ពេល​ថ្លឹង​ទម្ងន់​មុន​ពេល​ប្រកួត​គឺ​អ្នក​ប្រដាល់​ថៃ​រូបនេះ​រក្សា​ទម្ងន់​ត្រឹម​ ៦០ ​គីឡូក្រាម​មិន​បាន​។

កីឡាករ ចាន់ សំអាត ធ្លាប់​ប្រកួត​បាន​ ៨១ ​ដង​ឈ្នះ​ ៦១ ចាញ់​ ១៧ និង​ស្មើ​ ៣ ​ដង ហើយ​ក្នុង​នោះ​ធ្លាប់​វាយ​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​បាន​ ១៧ ​ដង​។ រីឯ Phat Ngam មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៨៨ ​ដង ឈ្នះ​ ៧១ ចាញ់​ ១៥ និង​ស្មើ​ ២ ​ដង ហើយ​ទាក់ទង​ការប្រកួត​នេះ ចាន់ សំអាត បាន​អះអាង​ថា​រូបគេ​មាន​សង្ឃឹម​ឈ្នះ​ ៩០ ​ភាគរយ ដើម្បី​បាន​ឡើង​ទៅ​ផ្តាច់ព្រ័ត្រ ព្រោះ​កន្លង​មក​រូបគេ​ធ្លាប់​ឈ្នះ​កីឡាករ​ម្នាក់​នេះ​។

សុខ សាវិន រំពឹង​ឈ្នះ​ថៃ Den Sayam ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​សហការី

ចំណែក សុខ សាវិន របស់​ក្លិប​ឆ្មាស​សែនសុខ​គុនខ្មែរ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ ​ក្នុង​ពូល​កីឡាករ​កម្ពុជា​ក្នុង​ការប្រកួត​ជម្រុះ​វិលជុំ​សន្សំ​ពិន្ទុ​នោះ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Den Sayam ដែល​ឈ្នះ​បាន​ត្រឹម​ ២ ​ដង និង​ចាញ់​ ២ ​ដង​ក្នុង​វគ្គ​ជម្រុះ​គឺ​ខុសពី សាវិន ដែល​ឈ្នះ​ ៣ ​ដង និង​ចាញ់​តែ​ម្តង​គត់​។

បន្ថែម​លើ​នេះ​សម្រាប់​ការជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ​សន្សំ សុខ សាវិន ដែល​ធ្លាប់​ប្រកួត​បាន​ ១០៨ ​ដង ឈ្នះ​ ៧៤ ចាញ់​ ២៨ និង​ស្មើ​ ៦ ​ដង​នោះ​បាន​ប្រើ​កែង​វាយ​ឲ្យ Den Sayam សន្លប់​ត្រឹម​ទឹក​ទី​ ២ ​ប៉ុណ្ណោះ ខណៈ​ថៃ​ម្នាក់​នេះ​មាន​ប្រវត្តិ​ប្រកួត​ ៨៦ ដង ឈ្នះ​ ៦៧ ចាញ់​ ១៧ និង​ស្មើ​ពិន្ទុ​ ២ ​ដង​។

ទាក់ទង​ការប្រកួត​នេះ​លោក សន អេលីត គ្រូបង្វឹក សុខ សាវិន បាន​អះអាង​ថា​៖ «​តាមរយៈ​ការហ្វឹកហាត់ និង​តាំងចិត្ត​ប្រកួត​ខ្ពស់ ខ្ញុំ​ហ៊ាន​និយាយ​ថា សុខ សាវិន នឹង​ឈ្នះ ដើម្បី​ទទួល​បាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​តាម​ខ្ញុំ​មើល​គឺ​ការប្រកួត​នេះ​អាច​ថា ខ្មែរ​នឹង​ឈ្នះ​ទាំង​ ២ ​នាក់​ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​គ្នា​»​។

ចំណែក​លោក ថាញ់ វ៉ាឡេក គ្រូបង្វឹក​កីឡាករ​ថៃ​បាន​ប្រាប់​ថា​លោក​មិន​ទាន់​ហ៊ាន​ថា អ្នកណា​នឹង​មាន​ប្រៀប​ជាង​ទេ ព្រោះ​វគ្គ​នេះ​សំខាន់​ណាស់ អ៊ីចឹង​អាច​នឹង​មាន​យុទ្ធសាស្ត្រ​ពិសេស​រៀងៗ​ខ្លួន​ដែល​មិន​អាច​ប្រាប់​មុន​បាន​។ គួរ​បញ្ជាក់​ថា​ការប្រកួត​ខ្សែក្រវាត់​នេះ​អ្នក​បាន​លេខ​ ១ ជា​ម្ចាស់​ខ្សែក្រវាត់​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០០ ​ដុល្លារ ឯ​អ្នកចាញ់​លេខ​ ២ ទទួល​បាន​ ២០០០ ​ដុល្លារ​៕