ភ្នំពេញ៖ ​ការ​កាត់​សេចក្តី​ឲ្យ​ សុខ​ សាវិន ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ Phat Ngam ​ដើម្បី​បាន​ឈ្នះ​​ខ្សែ​ក្រវាត់​ទាំង​​ភាព​ចម្រូង​ចម្រាស់​ នៅ​លើ​សង្វៀន SEATV កាល​ពី​ខែ​មុន​នេះ វា​នៅ​តែ​ធ្វើ​ឲ្យ សុខ ​សាវិន ​មក​ពី​ក្លិប​ ឆ្មា​ស​សែន​សុខ​ មាន​ការ​មិន​អស់​ចិត្ត រហូត​រូប​គេ​​បាន​ឈាន​ដល់​ការ​សុំ​សង​សឹក​ ជាមួយ​ថៃ​រូប​នេះ​ឡើង​វិញ ​ប៉ុន្តែ​បាន​ប្តូរ​សង្វៀន​ទៅ​ប្រកួត​នៅ​ប៉ុស្តិ៍​លេខ ​៥ ​វិញ​ម្តង​ នា​យប់​ថ្ងៃ​សៅរ៍​ អម​ជាមួយ​​ព្រឹត្តិការណ៍​ TV5 Boxing Knock Out Serir (K-Cement)។​

ការ​សុំ​ប្រកួត​សងសឹក​ និង​ប្តូរ​សង្វៀន​នេះ​ត្រូវ​បាន​ប្រភព​អ្នក​តាម​ដាន​ការ​ប្រកួត​ប្រដាល់​ប្រចាំ​សប្តាហ៍​នេះ​ មាន​ការ​ចាប់​អារម្មណ៍ ​និង​មាន​ជំនឿ​​ខ្លាំង​ទៅ​លើ​កីឡាករ ​សុខ ​សាវិន ​មាន​ប្រៀប​ជាង​អ្នក​ប្រដាល់​ថៃ ​Phat Ngam​។​ ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពិសេស​ក្នុង​អំឡុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ សុខ ​សាវិន ​បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​រូប​នេះ​ ចំនួន​ ​២ ​លើក ​សុទ្ធ​តែ​មិន​អស់​ចិត្ត។

ជាមួយ​ការ​​សម្រេច​ឲ្យ​ចាញ់ ​ទាំង​មាន​ភាព​ចម្រូង​ចម្រាស ​បាន​​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ឈាន​ដល់​ការ​​កោះ​ប្រជុំ ​និង​ស្តី​បន្ទោស​ដល់​ចៅ​ក្រម​​របស់​ខ្លួន​ផង​ដែរ ដែល​ផ្តល់​ឲ្យ​កីឡាករ​ថៃ​ឈ្នះ​ក្នុង​ ភាព​មិន​ប្រក្រតី​។ ​ហេតុ​នេះ​​ជំនួប​លើក​នេះ វា​ជា​ការ​ប្រកួត​លើក​ទី៣ ​របស់​អ្នក​ប្រដាល់​ទាំង ​២ ​រូប​នេះ។

ការ​ជួប​គ្នា​លើក​នេះ​ក៏​អាច​ចាត់​ទុក​ថា ​ជា​ឱកាស​ចុង​ក្រោយ​មួយ​របស់ ​សុខ ​សាវិន​ ផង​ដែរ ក្នុង​ការ​សងសឹក​ ​​Phat Ngam ព្រោះ ២ ​លើក​កន្លង​មក នៅ​លើ​សង្វៀន SEATV ​គឺ​ចាញ់​ដោយ​​មិន​អស់​​ចិត្ត ហើយ​កាល​ចាញ់​លើក​ទី​១​ នៅ​ថ្ងៃទី ​២៩​ ខែ ​មិថុនា និង​ចាញ់​លើក​ទី២​ នៅ​ថ្ងៃទី ៣ ​ខែ ​សីហា​ ឆ្នាំ ​២០១៩​។ ការ​បរាជ័យ​នេះ បាន​ធ្វើ​ឲ្យ ​សាវិន​ ចិញ្ចឹម​ចិត្ត ​ដើម្បី​សងសឹក​ ប៉ុន្តែ​ពេល​នេះ​សុំ​ប្តូរ​សង្វៀន​ទៅ​ប៉ុស្តិ៍​លេខ ​៥ ​វិញ​ម្តង ​ដែល​មតិ​ភាគ​ច្រើ​គិត​ថា ​ចៅ​ក្រម​មាន​ភាព​សុក្រឹត ​និង​ផ្តល់​ភាព​យុត្តិធម៌​ជាង​នៅ​សង្វៀន SEATV​។​

លោក ​សន​ អេលីត​ គ្រូ​បង្វឹក​កីឡាករ សុខ សាវិន ​នៅ​តែ​អះអាង​ថា​ សុខ​ សាវិន​ បាន​ចាញ់​​ Phat Ngam ​ទាំង ​២ ​លើក​នោះ ​ជា​រឿង​អយុត្តិធម៌​ ហើយ​ការ​មក​ប្រកួត​សងសឹក​គ្នា​លើក​នេះ​ គឺ​សង្ឃឹម​ថា ​ចៅ​ក្រម ​និង​ប្រធាន​វិនិច្ឆ័យ​នៅ​សង្វៀន​​នេះ​ នឹង​ផ្តល់​យុត្តិធម៌​ល្អ​ប្រសើរ​ជាង​មុនៗ ​គឺ​ចាញ់​ ឬ​ឈ្នះ ​ដោយ​អស់​ពី​ចិត្ត​។

ចំណែក លោក​ ថាញ់់​ វ៉ាឡេក​ គ្រូ​បង្វឹក​​ Phat Ngam បាន​​និយាយ​ថា​៖ «​សម្រាប់​គូ​នេះ​ប្រកួត​គ្នា​តឹងតែង​ ហើយ​ចាញ់​ ឬ​ឈ្នះ​ គឺ​លំបាក​ទស្សន៍​ទាយ​ណាស់​ គឺ​អាស្រ័យ​លើ​ពេល​ប្រ​កួត​ជាក់​ស្តែង​តែ​ម្តង»​។​

កីឡាករ សុខ ​សាវិន ​ធ្លាប់​ប្រកួត​បាន​​ចំនួន ​១១០ ដង​ ឈ្នះ ​៧៤ ដង ​ចាញ់ ​៣០ ​និង​ស្មើ​ពិន្ទុ ៦ ​ដង​។​ ចំណែក​​ថៃ​​ Phat Ngam ​វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ​៩០ ដង​ ឈ្នះ ​៧៣​ ចាញ់ ​១៥ ​និង​ស្មើ​ពិន្ទុ ​២ ដង​ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ សុខ​ សាវិន ​បាន​ខ្សែ​ក្រវាត់​ និង​ប្រាក់ ​៥ ពាន់​ដុល្លារ ​​ធ្វើ​ឲ្យ ​សាវិន​ ខូច​ចិត្ត​។​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រកួត​ជម្រុះ​បញ្ចប់​ជុំទី១​ នៃ​ព្រឹត្តិការណ៍​ TV5 ​Boxing Knock Out Serir វិញ​នោះ​ កីឡាករ​​ជើង​ចាស់ ​ទិត្យ ​សុវណ្ណគីរី​ របស់​ក្លិប​អេភូថង​កីឡា​ ដែល​បាត់​មុខ​ពី​សង្វៀន​យូរ​ហើយ​នោះ បាន​វិល​ជួប​ប្រកួត​អ្នក​ប្រដាល់​ជើង​ថ្មី ​ពិល ​រ័ត្ន ​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​។

ពិល ​រ័ត្ន ​មិន​មាន​នរណា​ស្គាល់​ច្រើន​នោះ​ទេ​ ហើយ​​ការ​មក​ជួប សុវណ្ណគិរី ដូច​ឡើង​​មក​ផ្សង​សំណាង​ ព្រោះ​ការ​ប្រកួត​នេះ​ គេ​មិន​សូវ​គិត​​ពី​កម្រិត​ចាស់​ ឬ​ថ្មី​ សមត្ថភាព​ខ្លាំង ​ឬ​ខ្សោយ​ទេ ​ឲ្យ​តែ​មាន​ទម្ងន់ ​តាម​ការ​កំណត់ ​៦០ ​គីឡូក្រាម​ដូច​គ្នា ​គឺ​អូខេ​តែ​ម្តង​។​

ចំពោះ​ សុវណ្ណគិរី​ ធ្លាប់​ជា​ជើង​ខ្លាំង តែ​​ក្រោយ​មក​​បាត់​មុខ​មួយ​រយៈ​នោះ​ ត្រូវ​បាន​គេ​រំពឹង​ថា ​នៅ​តែ​ខ្លាំង ​គឺ​យ៉ាង​ហោច​ណាស់​បទបិសោធ​​របស់​គេ​ គឺ​លំដាប់​ជួរ​មុខ​។​ សុវណ្ណគិរី​ និង​ ពិល​ រ័ត្ន​ ត្រូវ​បាន​អ្នក​តាម​ដាន​ប្រដាល់​នាំ​គ្នា​និយាយ​ថា​ ​មិន​ចំបាច់​ទស្សនា​ ក៏​គេ​ដឹង​ថា ​​៩៩ ​ភាគរយ ​គឺ​ សុវណ្ណគិរី ជា​អ្នក​ឈ្នះ​ដែរ​។​

ចំណែក​គូ​ជម្រុះ ​១ ​គូ​ទៀត ​កីឡាករ​ ទូច​ ដេវីត​ ​ក្លិប​អារុណរះ​កីឡា​ ត្រូវ​ជួប កុយ ​ចាន់តូ​ ​របស់​​ក្លិប​គីសែ​មានរិទ្ធ។ អ្នក​ទាំង ​២ ​នេះ ​ជា​អ្នក​ប្រដាល់​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​​អ្វី​ឡើយ​ ប៉ុន្តែ​យ៉ាង​ណា​ពួក​គេ​មាន​ឱកាស​បាន​ឡើង​ប្រជែង ​ដើម្បី​ទទួល​បាន​តម្លៃ​ខ្លួន​ប្រកួត ​និង​បទ​ពិសោធ​ផង​ដែរ ​ទោះ​ជា​​គ្មាន​សង្ឃឹម​ថា​ បាន​ឆ្លង​ទៅ​វគ្គ​បន្ត​បន្ទាប់​ក៏​ដោយ​៕​