ភ្នំពេញ៖ ​ជា​កីឡាករ ​សុខ ​សាវិន បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​​ប្រជែង​ឱ្យ​បាន​តំណែង​ជើងឯក ដើម្បី​យក​ប្រាក់​រង្វាន់ ​៤ លាន​រៀល សម្រាប់​ការ​បង្ហាញ​វត្តមាន​លើក​ទី​៤ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦០ ​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ ខណៈ​ការ​ប្រកួត​នេះ មាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៅ​​​អគ្គស្នងការ​នគរបាល​ជាតិ​ ចំនួន ​៣ ​នាក់ បាន​​ត្រៀម​ថវិកា​លើក​ទឹក​ចិត្ត​បន្ថែម​ដល់ សុខ សាវិន បើ​សិន​ជា​​គេ​ប្រកួត​ឈ្នះ​។​

សម្រាប់​ការ​ប្រកួត​លើក​នេះ សុខ សាវិន ដែល​ទើប​ប្តូរ​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​មក​នៅ​ក្លិប​នាយកដ្ឋាន​អង្គរក្ស​នោះ នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​បេក្ខភាព ៣ នាក់​ផ្សេង​ទៀត ​មាន​អតីត​មិត្ត​រួម​ក្លិប ​ជ័រ ​ពៅ​ ព្រម​ទាំង ​ឡុង ​ជិន ​និង ​បាង ​កាយ៉ាក ខណៈ​អ្នក​ទាំង ​៣ នេះ សុទ្ធ​តែ​ធ្លាប់​បាន​ឈ្នះ​ប្រាក់​លាន​ពី​កម្មវិធី​នេះ គឺ​ផ្ទុយ​ពី សុខ សាវិន ដែល​បាន​ចូលរួម​រហូត ​៣ ​លើក តែ​មិន​ទាន់​ដណ្តើម​បាន​ប្រាក់​លាន​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ សម្រាប់​ការ​មក​​ប្រកួត​ជា​លើក​ទី​៤ ​នេះ សុខ សាវិន និង​គ្រូ​បង្វឹក​របស់​គេ​បាន​អះអាង​ថា ​ហ្វឹកហាត់​ត្រៀម​កម្លាំង​ និង​បច្ចេកទេស​បាន​ល្អ ​ដោយ​​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ដណ្តើម​យក​ប្រាក់​ចំនួន ​៤ ​លាន​រៀល​ ​ពី​កម្មវិធី​នេះ​​ឱ្យ​បាន។​​ សុខ​ សាវិន បាន​​និយាយ​ថា​៖ «​ ខ្ញុំ​​ធ្លាប់​ចូលរួម​ប្រកួត​ចំនួន ​៣ ​លើក​មែន ​ក្នុង​កម្មវិធី​នេះ​ ប៉ុន្តែ​លក្ខណៈ​ប្រកួត​កាល​នោះ ​គឺ​វ៉ៃ​មិន​សន្លប់​ត្រូវ​សម្រេច​ឱ្យ​​​ស្មើ​គ្នា មិនមែន​ខ្ញុំ​ចាញ់​នោះ​ទេ»​។

សុខ សាវិន បាន​បញ្ជាក់​ថា៖ ​«សម្រាប់​ការ​ប្រកួត​លើក​​នេះ គឺ​ប្រកួត ៣ ​ទឹក ទាំង​វគ្គ​ជម្រុះ និង​​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ការ​ឈ្នះ​ចាញ់​អាស្រ័យ​ទៅ​លើ​ការ​ដាក់​ពិន្ទុ មិនមែន​តម្រូវ​ឱ្យ​វ៉ៃ​ទាល់​តែ​សន្លប់ ទើប​ឈ្នះ​ដូច​មុន​នោះ​ទេ ហេតុ​នេះ ខ្ញុំ​តាំង​ចិត្ត​យក​ឈ្នះ​ឱ្យ​បាន​សម្រាប់​ការ​ប្រកួត​​លើក​នេះ​ គឺ​សង្ឃឹម​ឈ្នះ​ ៨០​ ភាគរយ ​ទោះ​ជួប​កីឡាករ​មួយ​ណា​ក៏​បាន​»។

ចំណែក លោក​ ស៊ន​ អេលីត​ គ្រូ​បង្វឹក សុខ សាវិន បាន​​និយាយ​ថា​៖ «​ក្រៅ​ពី​ហ្វឹកហាត់​ល្អ​ ថែទាំ​សុខភាព​ល្អ​ គឺ សុខ សាវិន មាន​​ទឹក​ចិត្ត​ប្រកួត​ពុះកញ្ជ្រោល ព្រោះ​​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ដែល​មាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ចំនួន ​៣ ​នាក់ ​មាន​​ឯក​ឧត្តម​នាយ​ឧត្តមសេនីយ៍​ ឆៃ​ ស៊ីណារិទ្ធ​ ឯក​ឧត្តម ​ឧត្តម​សេនីយ៍​ឯក ​ឌី ​វិជ្ជា​ និង​​​ឧត្តម​សេនីយ៍ឯក ​យឹម ​លាង នៅ​ចាំ​លើក​ទឹក​ចិត្ត​ ដោយ​បាន​សម្រេច​ផ្តល់​ប្រាក់ ​៣០០ ​ដុល្លារ ​ដល់​​កីឡាករ​លំដាប់​ឆ្នើម​ ដែល​ប្រកួត​ឈ្នះ ​ក្នុង ​១ ប្រកួត និង​ ​១៥០ ​ដុល្លារ​ ជូន​កីឡាករ​លំដាប់​ស៊េរី ​B ​ដែល​ប្រកួត​ឈ្នះ​ក្នុង ​១ ​ប្រកួត​។​ ប្រាក់​រង្វាន់​បន្ថែម​នេះ​ហើយ ​ដែល​ជា​កត្តា​ជំរុញ​​ឱ្យ​កីឡាករ​ក្នុង​ក្លិប​អង្គរក្ស​ សប្បាយ​ចិត្ត​ ខិតខំ​ហាត់​យ៉ាង​ខ្លាំង ​ដើម្បី​​ប្រកួត»។

លោក​ ស៊ន ​អេលីត បាន​​បន្ថែម​​ថា​៖ ​«ចំពោះ​គូ​ប្រកួត​ ​៣ ​នាក់​ ដែល​ត្រូវ​ចាប់​ឆ្នោត​ប្រកួត​លើក​​នេះ​ សុទ្ធ​តែ​​ធ្លាប់​​ចាញ់​ និង​ឈ្នះ​គ្នា​​ទៅ​វិញ​ទៅ​មក ​ប៉ុន្តែ​បើ​គិត​ពី​ឧបសគ្គ​ធំ​វិញ​ គឺ​មាន ​ឡុង​ ជិន ដែល​​អាច​ថា ​លំបាក​ជាង​គេ​ក្នុង​ការ​យក​ឈ្នះ​ ព្រោះ​ ​ឡុង ​ជិន ​ល្អ​ទាត់​ និង​ជង្គង់ ​ខណៈ​ ​សុខ ​សាវិន ​មាន​ប្រៀប​ផ្នែក​កណ្តាប់​ដៃ»​។​

ចំណែក ​ឡុង ​ជិន បាន​​បញ្ជាក់​​ថា​៖ «ខ្ញុំ​សង្ឃឹម​ឈ្នះ ​៧០ ​ភាគរយ ​ហើយ​ ៣ នាក់​នេះ​ ជួប ​១ ណា​ក៏​បាន​ដែរ​ ព្រោះ​សុទ្ធ​តែ​ខ្ញុំ​ធ្លាប់​ឈ្នះ​កន្លង​មក»​។​ យ៉ាង​ណា​ក៏​ប្រកួត​នេះ ​គេ​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​វត្តមាន​​របស់ សុខ​ សាវិន ​និង ​ជ័រ ​ពៅ​ ព្រោះ​ជា​មិត្ត​ភក្តិ​ និង​ធ្លាប់​ជា​មិត្ត​រួម​ក្លិប ​ហេតុ​នេះ​បើ​​ចាប់​ឆ្នោត​ប៉ះ​​គ្នា​ មិន​ដឹង​ថា ពួក​គេ​វ៉ៃ​គ្នា​មែន​ទែន ​ឬ​ប្រកួត​បន្ធូរ​ដៃ​ ដោយ​មាន​ការ​យោគយល់​គ្នា​នោះ​ទេ​។​

ចំពោះ​បញ្ហា លោក​ ជួប ​វុត្ថា ​អ្នក​គ្រប់គ្រង​កីឡាករ​ប្រកួត​ប្រចាំ​សង្វៀន​ថោន​និយាយ​ថា​៖ ​«​សង្វៀន​យើង​មាន​ភាព​ល្បីល្បាញ​ និង​មាន​ការ​គាំទ្រ​ ​ដោយសារ​តែ​ការ​​ប្រកួត​ មាន​តម្លាភាព ​ហើយ​កីឡាករ​ឡើង​វ៉ៃ​ មិន​អាច​បន្ធូរ​ដៃ​ឱ្យ​គ្នា​បាន​នោះ​​ទេ​។ ​បន្ថែម​​លើ​នេះ​ សង្វៀន​យើង​បាន​ផ្តល់​តម្លៃ​ខ្លួន​ប្រកួត​​ខ្ពស់​សមរម្យ ​អ៊ីចឹង​​បើ​មើល​ឃើញ​មិន​ស្រួល​ ហើយ​ដាស់​តឿន​ទៅ​មិន​ស្តាប់​ និង​បណ្តេញ​ចេញ​មិន​ឱ្យ​ប្រាក់​តម្លៃ​ខ្លួន​តែ​ម្តង»​​៕