ភ្នំពេញៈ គ្រូបង្វឹក​នៃ​ក្លិប​ប្រដាល់​ឆ្មា​ស​សែនជ័យ​គុន​ខ្មែរ​លោក ស៊ន អេលីត ហាក់​នៅតែ​មាន​ការបារម្ភ​ទៅលើ​ភាព​មិន​វៃឆ្លាត​របស់ សុខ សាវិន នៅពេល​កីឡាករ​វ័យ​ ២៤ ​ឆ្នាំ​រូប​នេះ​ត្រូវ​វិល​មក​ជួប​ជើង​ខ្លាំង​វ័យក្មេង​របស់​ថៃ Tounpe នៅក្នុង​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ដណ្តើមពាន​អន្តរជាតិ​កំពូល​អ្នក​ប្រដាល់​ដៃ​ដែក ISI Palm រដូវកាល​ទី​ ៤ ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គ.ក្រ នា​រសៀល​ថ្ងៃអាទិត្យ​ខាងមុខ ហើយ​កីឡាករ​ លី ភា ក៏ត្រូវ​ប្រជែង​រក​ការ​ឈ្នះ​ពេល​ប៉ះ Vithakyayuth ផង​ដែរ​។

អតីត​កីឡាករ​មាន​ជំនាញ​ច្រើន​ប្រភេទ ស៊ន អេលីត បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​បើ​និយាយ​ពី​កម្លាំង សមត្ថភាព និង​បច្ចេកទេស​ប្រកួត គឺ សុខ សាវិន មាន​គ្រប់​អស់​ហើយ ប៉ុន្តែ​ចំពោះ​កលល្បិច​នៃ​ការប្រកួត យើង​នៅ​ស្ទើរ​ជាង Tounpe បន្តិច ព្រោះ​ Tounpe ជា​កីឡាករ​ជើងចាស់​មាន​បទពិសោធ​ច្រើន​»​។

សម្រាប់​ការប្រកួត​បើក​ឆាក​កាលពី​ថ្ងៃ​ទី​ ៣ ខែ​កុម្ភៈ​កន្លង​មក​នេះ សុខ សាវិន បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Vithakyayuth ប៉ុន្តែ Tounpe បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា លី ភា ដោយ​ពិន្ទុ​ដាច់ ហើយ​នៅ​មុន​ការប្រកួត​ពាន​នេះ​កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​បាន​ឈ្នះ និង​ផ្តួល​កីឡាករ​កម្ពុជា​ជាមួយ​ជំនាញ​វាយ​កែង និង​បុក​កែង ឲ្យ​សន្លប់​ច្រើន​នាក់​មកហើយ​។

យ៉ាងណា​ក៏ដោយ Tounpe ក៏​បាន​សរសើរ​ពី​ក្បាច់​ប្រកួត​របស់ សុខ សាវិន ផងដែរ ព្រោះ​ថៃ​ម្នាក់​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​យក​ឈ្នះ លី ភា ថា​៖ « សុខ សាវិន ក៏​ជា​បេក្ខភាព​ម្នាក់​ស្ថិត​ក្នុង​ការចាប់​អារម្មណ៍​របស់​ខ្ញុំ​ដែរ​។ ខ្ញុំ​មិន​ធ្លាប់​ជួប​គេ​ទេ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា​ក្បាច់​ប្រកួត​របស់​គេ​ល្អ​»​។

ប៉ុន្តែ ស៊ន អេលីត បាន​បង្ហើប​ថា សុខ សាវិន មាន​ភាគរយ​តិច​ក្នុង​ការយក​ឈ្នះ Tounpe បើសិន​ជា​គេ​នៅ​តែ​វ៉ៃ​មិន​ឆ្លាត​។ អេលីត បាន​និយាយ​ថា​៖ «​បើសិន​ជា សុខ សាវិន វ៉ៃ​ឆ្លាត និង​វ៉ៃ​បាន​ល្អ​ប្រហែល​តែ​ពេល​ជួប Vithakyayuth ក្នុង​ការប្រកួត​ជុំ​ទី​ ១ គឺ​គេ​នឹង​អាច​យក​ឈ្នះ Tounpe ហើយ​ថា​មិន​ត្រូវ​អាច​នឹង​វ៉ៃ​កីឡាករ​ថៃ​ម្នាក់​នេះ​ឲ្យ​សន្លប់​ទៀត ប៉ុន្តែ សាវិន នៅ​ស្ទើរ​ល្បិចកល​»​។

បងប្រុស​របស់​វីរនារី​ម្ចាស់​មេដាយ​អាស៊ី ស៊ន សៀវម៉ី រូបនេះ​បាន​បន្ថែម​ថា​៖ «​ក្នុង​នាម​ជា​គ្រូ ខ្ញុំ​តែងតែ​ពង្រឹង​បន្ថែម និង​ប្រាប់​ពី​ល្បិចកល​នៃ​ការប្រកួត​ដល់​សិស្ស ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅ​លើ​ភាព​វៃឆ្លាត​របស់​សិស្ស​ផងដែរ​។ សាវិន វ៉ៃ​ចេញ​តែមួយ​ច្រក​ដោយសារ​ចូល​វ៉ៃ​ត្រង់ៗ​ធ្វើឲ្យ​គូប្រកួត​ឆាប់​មើល​ដឹង​គឺ​គេ​មិនសូវ​ចេះ​ប្រើ​ល្បិចកល​ដោយ​ការ​វ៉ៃ​បញ្ឆោត ឬ​ជន្ល​ឆ្វេង​ស្តាំ​អី​នោះ​ទេ ដល់​តែ​អ៊ីចឹង​យើង​ពិបាក​នឹង​សង្ឃឹម​ដែរ ព្រោះ​ការប្រកួត​មើល​មិន​ឃើញ​ទេ គឺ​ជួនកាល​យើង​ភ្លាត់ និង​ជួនកាល​គេ​ភ្លាត់​ក៏​មាន​»​។

កីឡាករ​កម្ពុជា លី ភា នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Vithakyayuth ហើយ​នេះ​ជា​ការប្រកួត​យ៉ាង​សំខាន់​ដែល លី ភា ត្រូវការ​ឈ្នះ​ជា​ដាច់ខាត ដើម្បី​ស្តារ​ឱកាស​ឡើង​វិញ​ក្រោយពី​ចាញ់ Younpe កាល​ប្រកួត​បើកឆាក​។ ប៉ុន្តែ​តាម​សមត្ថភាព​ប្រកួត​របស់ លី ភា ពិបាក​ក្នុង​ការរំពឹង​យក​ឈ្នះ Vithakyayuth ណាស់​ព្រោះ​ថៃ​ម្នាក់​នេះ​មាន​បច្ចេកទេស​ល្អ និង​មាន​ភាពវៃឆ្លាត​ក្នុង​ការប្រកួត​ទៀត​ផង​៕