ភ្នំពេញៈ កីឡាករ វេ​ង សុ​ភ័​ក្រ បាន​ចាញ់​ថៃ Aram Boy ដោយ​ពិន្ទុ​ដាច់ ក្នុង​ការ​ប្រកួត​អន្តរជាតិ​កម្តៅ​សាច់ដុំ នៅ​សង្វៀន SEATV កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ពេល​រូបគេ​ចូល​លេង​ខ្សែ​ក្រវាត់ Wurkz ទម្ងន់ ៦៣,៥ គ.ក្រ នៅ​សង្វៀន​នេះ។ ចំណែក យុគ យក្ស​ផ្លែ និង ឡុង ជិន សុទ្ធ​តែ​បាន​ឈ្នះ ៣ ពិន្ទុ ក្នុង​ការ​ប្រកួត​ជម្រុះ​លើក​ទី ១ ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ ទម្ងន់ ៥៧ គីឡូក្រាម កាល​ពី​ថ្ងៃ​សៅរ៍។

វេ​ង សុ​ភ័​ក្រ ត្រូវបាន​គណៈកម្ម​ការដាក់​ឲ្យ​ប្រកួត​កម្តៅ សាច់ដុំ ជាមួយ Aram Boy ដើម្បី​ពង្រឹង​សមត្ថភាព មុន​ឡើង​ប្រកួត​ខ្សែក្រវាត់ Wurkz នៅ​ថ្ងៃ​ទី ២៤ ខែ​មិថុនា ប៉ុន្តែ​ត្រូវ​ទទួល​រង​ការ​បរាជ័យ​យ៉ាង​គ្រាំគ្រា​ទៅ​វិញ។ ក្នុង​ការ​ប្រកួត ៥ ទឹក​ពេញ Aram Boy មាន​ប្រៀប​លើ​ស្នៀត​ចាប់​ឱប​ឡើង​ជង្គង់​សឹង​តែ​គ្រប់​ទឹក ប៉ុន្តែ សុភ័ក្រ នៅ​តែ​ជម្នះ​វាយ​កែង និង​កណ្តាប់ដៃ​បាន​ល្អ​ផង​ដែរ មុន​ប្រកាស​ឲ្យ​ចាញ់​ពិន្ទុ Aram Boy ដោយ​ពិន្ទុ ជា​ឯកច្ឆន្ទ។

ជា សំនៀង ដែលជា​សិស្ស​ច្បង ហើយ​បានមក​ឲ្យ​ទឹក វេ​ង សុ​ភ័​ក្រ នោះ បាន​និយាយ​ថា៖ «វេង សុភ័ក្រ ហ្វឹកហាត់​បាន​ល្អ ប៉ុន្តែ​ពេល​ប្រកួត​ជាមួយ Aram Boy នេះ​គឺ​ចាញ់​ក្បាច់​ជង្គង់​តែ​ម្តង។ វេង សុភ័ក្រ បាន​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ តែ​ទៅ​មិន​រួច​ទេ ព្រោះ​ថៃ​នេះ​ល្អ​ណាស់ និង​លំ​បា​យក​ឈ្នះ»។

ដោយឡែក ការប្រកួត​បើកឆាក​ជម្រុះ​សន្សំ​ពិន្ទុ ខ្សែក្រវាត់​ខារ៉ាបាវ រដូវ​កាល​ទី ៦ កាល​ពី​ថ្ងៃ​សៅរ៍ នៅ​លើ​សង្វៀន SEATV នោះ​ដែរ កីឡាករ ឡុង ជិន របស់​ក្លិប​ខ្លារខិន​នៃ​ក្រសួង​មហាផ្ទៃ បាន​ចំណាយ​ពេល​តែ​មួយ​ទឹក ប៉ុណ្ណោះ ក្នុង​ការ​ផ្តួល​ថៃ Phat Thou ដោយ​ប្រើ​កណ្តាប់​ដៃ​ឲ្យ​សន្លប់​ឈឹង​តែ​ម្តង។

ចំណែក​គូ​ខ្សែក្រវាត់ ១ គូ​ទៀត យុគ យក្ស​ផ្លែ បានឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Phat Sela ដោយ​ពិន្ទុ​ក្នុងការ​ប្រកួត​ចំនួន ៥ ទឹក។ ស្ថានភាព​ប្រកួត​របស់​យក្ស​ផ្លែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ចាញ់​ប្រៀប​ថៃ​ចំនួន ៤ ទឹក​ទៅ​ហើយ ប៉ុន្តែ​នៅ​ទឹក​ទី ៥ គេ​មាន​ឱកាស​ប្រើ​ដៃ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​វង្វេង​វង្វាន់ អាជ្ញា​កណ្តាល​ក៏​ចាប់​រាប់​តែម្ត​ង​ទៅ។ ចប់​ការ​ប្រកួត​ជ័យជម្នះ​បាន​ទៅ​លើ យុគ យក្ស​ផ្លែ តែម្តង ហើយ​លទ្ធផល​នេះ​ធ្វើ​ឲ្យ យុគ យក្ស​ផ្លែ និង ឡុង ជិន មាន ៣ ពិន្ទុ​ដូចគ្នា។

ទាក់ទង​ទៅនឹង​ការ​សន្លប់​របស់​ថៃ ក្រោយ​រង​កណ្តាប់ដៃ​មិន​ធ្ងន់​នោះ លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​ប្រាប់​ថា៖ «កីឡាករ Phat Thou សន្លប់​ក្រោម​កណ្តាប់ដៃ​របស់ ឡុង ជិន មិន​ធ្ងន់​មែន ហើយ​ការ​សន្លប់​នោះ​អាច​សង្ស័យ​វា​ធ្វើ​ពុត​បន្ថែម​ផង ខណៈ​ដែល​សមត្ថភាព​របស់​វា មិន​អាច​ទៅ​រួច​ជាមួយ ឡុង ជិន​នោះ»។

លោក ថៃ អ៊ូ បាន​បន្ថែមថា ជ័យជម្នះ​របស់ យុគ យក្ស​ផ្លែ លើ​កីឡាករ​ថៃ Phat Sela នោះ ទំនង​ហេង និង​សំណាង​ច្រើន​ជាង ព្រោះ ៤ ទឹក​កន្លង​មក យក្ស​ផ្លែ បាន​ចាញ់​ថៃ​ដាច់ ប៉ុន្តែ​ទឹក​ទី ៥ ស្នៀត​ដៃ​របស់​គេ ធ្វើ​ឲ្យ​ឈ្នះ​ថៃ​ទាំង​មិន​គួរ​ឲ្យ​ជឿ។

គួរ​បញ្ជាក់ថា សមាសភាព​អ្នក​ប្រដាល់​កម្ពុជា​ចំនួន ៤ នាក់ ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រកួត ជាមួយ​កីឡាករ​ថៃ ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ រដូវកាល​ទី ៦ នេះ មាន​កីឡាករ​ឈុត សេរីវ៉ាន់ថន មក​ពី​ក្លិប​រាហ៊ូ​ខេត្ត​បាត់ដំបង យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជសីហ៍ ឡុង ជិន និង ធន់ មករា របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ដែល​អ្នក​ទាំង​នេះ មាន​ទម្ងន់ ៥៧ គីឡូក្រាម​ដូចគ្នា៕