The Phnom Penh Post Search

Search form

សុវណ្ណ​ឌឿន ត្រូវ​ដណ្តើម​ខ្សែ​ក្រវាត់​ជាមួយ​ជើង​ខ្លាំង​ឡាវ

Content image - Phnom Penh Post
Thav Uolan ត្រូវប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ ឡុង សុវណ្ណឌឿន ថ្ងៃសៅរ៍​​។ ស្រេង ម៉េងស្រ៊ុន

សុវណ្ណ​ឌឿន ត្រូវ​ដណ្តើម​ខ្សែ​ក្រវាត់​ជាមួយ​ជើង​ខ្លាំង​ឡាវ

ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង ឡុង សុវណ្ណឌឿន របស់​កម្ពុជា និង​ជើង​ខ្លាំង​របស់​ឡាវ Thav Uolan នឹងត្រូវ​ធ្វើការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​ជើងឯក​ខារ៉ាបាវ ទម្ងន់ ៦៧ គីឡូក្រាម​រដូវ​កាលទី ២ នៅលើ​សង្វៀន SEATV នា​រសៀល​ថ្ងៃសៅរ៍ ចុង​សប្តាហ៍​នេះ ដើម្បី​យក​ខ្សែក្រវាត់ អមដោយ​ប្រាក់​រង្វាន់​ចំនួន ៥០០០ ដុល្លារ។

តាមពិត ឡុង សុវណ្ណឌឿន ធ្លាប់​បាន​យក​ឈ្នះ Thav Uolan ដោយ​ពិន្ទុ​ម្តងហើយ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ ប៉ុន្តែ​ការ​ទទួលបាន​ជ័យជម្នះ​រៀងៗ​ខ្លួន ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ក្នុងនោះ សុវណ្ណ​ឌឿន បាន​ឈ្នះ​ពិន្ទុ Kang Kat ខណៈ Thav Uolan ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង រឿង សោភ័ណ្ឌ នោះ​ទើប​ធ្វើឲ្យ​អ្នកទាំង ២ បានវិល​មកជួប​គ្នា​ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ​នេះ ហើយ​អ្នកគ្រប់គ្រង​សង្វៀន SEATV ក៏​កំពុង​រៀបចំ​ក្រុម​បច្ចេកទេស ដើម្បី​គេចឲ្យ​ផុតពី​ជម្លោះ និង​ការរិះគន់​ផងដែរ។

លោក ញាន សុធី នាយក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ SEATV និយាយថា៖ «យើង​បាន​រៀបចំ​ត្រៀម​រួចជាស្រេច ដើម្បី​ធ្វើឲ្យ​កម្មវិធី​ប្រកួត​នេះ បានល្អ​ប្រសើរ និង​ជោគជ័យ ព្រោះ​នៅវគ្គ​ផ្តាច់ព្រ័ត្រ​ម្តងៗ មាន​អ្នកទស្សនា​ច្រើន​កកកុញ ហេតុនេះ​យើង​ត្រូវបាន​រឹតបន្តឹង​ផ្នែក​សន្តិសុខ និងក្រុម​បច្ចេកទេស ឲ្យ​មានភាព​សុក្រឹត​យុត្តិធម៌»។

បន្ថែម​លើនេះ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ថ្លែងថា៖ «មុននឹង​ប្រកួត​យើង នឹង​បើក​អង្គប្រជុំ​មួយ ដើម្បី​បន្តឹង​ពីការ​ផ្តល់​ពិន្ទុ ដើម្បី​ពង្រឹង​ឲ្យមាន​ភាពយុត្តិធម៌ សុក្រឹត គេចឲ្យ​ផុតពី​ការរិះគន់​ពី​មហាជន ប៉ុន្តែ​ខ្ញុំសូម​ឲ្យអ្នក​ទស្សនា​ទាំងអស់​បើក​ចិត្តឲ្យ​ទូលាយ ព្រោះការ​យល់​ឃើញ​របស់​អ្នកគាំទ្រ និងមន្ត្រី​បច្ចេកទេស​ខុសពី​គ្នា នៅពេល​ដែល​ការប្រកួត​មានភាព​ប្រហាក់​ប្រហែល​គ្នា តែបើ​ការឈ្នះ​ចាញ់​ដាច់ ឬ​សន្លប់ គឺយើង​មើលឃើញ​ទាំងអស់​គ្នា គ្មាន​បញ្ហា​នោះ​ឡើយ»។

ចំពោះ​ការវិល​មកជួប Thav Uolan លើក​នេះ ឡុង សុវណ្ណ​ឌឿន បាន​ប្រាប់ថា៖ «បើទោះ​បីជា​ខ្ញុំ​ធ្លាប់ឈ្នះ​គេ តែការ​វិល​មកជួប​គ្នា​លើកនេះ ខ្ញុំ​មិនទាន់​ហ៊ាន​កំណត់​លទ្ធផល​ទុកមុន​នោះទេ ព្រោះ​គេ​ក៏ជា​កីឡាករ​ខ្លាំង​ម្នាក់ ដែល​លំបាក​ទប់ទល់​ក្បាច់​ជង្គង់ និងមាន​មុខរឹង មិនងាយ​នឹង​សន្លប់​ឡើយ។ ទោះបី​យ៉ាង​ណា ខ្ញុំនឹង​វ៉ៃ​ដោយ​ប្រុងប្រយ័ត្ន​បំផុត និងសង្ឃឹម​ថា​នឹង​ឈ្នះបាន​ខ្សែ​ក្រវាត់​នេះ ៩០ ភាគរយ»។

ឡុង សុវណ្ណឌឿន បាន​និយាយថា បើ​និយាយ​ពីកម្រិត​ក្បាច់គុន កីឡាករ​ឡាវ​រូបនេះ​ក៏ខ្លាំង​មួយ​ដែរ ប៉ុន្តែ​យុទ្ធសាស្ត្រ​សម្រាប់​ឈ្នះ គឺដល់​វគ្គនេះ​ត្រូវតែ​សង្ឃឹម​ខ្ពស់​ដូចគ្នា។ លោក​បន្តថា៖ «យើង​នឹងលេង​ស្នៀត​ជង្គង់​ឲ្យបាន​ច្រើន ព្រោះ​យើង​មានប្រៀប​ផ្នែក​កម្ពស់​ងាយ​ស្រួល​ឱប»។

យ៉ាងណា​មិញ លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ឡាវមក​ប្រកួត បាន​និយាយ​ថា៖ «ខ្ញុំមិន​ហ៊ាន​វាយតម្លៃ​ឈ្នះមុន​បានទេ ព្រោះ​អ្វីៗ​ដូច​លោក​ឃើញ​ស្រាប់ ការប្រកួត​គ្នា​មិនអាច​ប៉ាន់​ស្មាន​បានទេ។ ប៉ុន្តែ​បើនិយាយ​ពីវិជ្ជា​គុនវិញ ខ្ញុំមើល​ឃើញថា កីឡា​ឡាវ​រូបនេះ​ល្អជាង ឡុង សុវណ្ណ​ឌឿន តែ​លទ្ធផល​ខ្ញុំមិន​ហ៊ាន​អះអាង​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍