ក្រុងគូឡាឡាំពួ: អ្នកប្រយុទ្ធគុនចម្រុះ (MMA) របស់កម្ពុជាដើមកំណើតអាមេរិក ឯម សុវណ្ណារី និងកីឡាករគុនខ្មែរ និងចម្រុះចាន់ រតនា សុទ្ធសឹងបានបញ្ជាក់ដូចគ្នាថា ពួកគេនឹងផ្តោតលើការប្រើប្រាស់ស្នៀតដ៏ខ្លាំងរបស់ខ្លួន ដើម្បីយកឈ្នះលើគូប្រកួតរៀងៗខ្លួន ក្នុងព្រឹត្តិការណ៍ ONE: Destiny of Champions នៅយប់ថ្ងៃសុក្រនេះ។
នៅមុនពេលការប្រកួតជាមួយនឹងកីឡាការិនីអ៊ុយក្រែន IrynaKyselova នៅឯសង្វៀន Axiata Arena ក្នុងទម្ងន់ ៦១,២ គីឡូក្រាម នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី សុវណ្ណារី បានបញ្ជាក់ថា នាងបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការប្រើប្រាស់ស្នៀតខ្លាំងរបស់ខ្លួនដើម្បីយកឈ្នះលើដៃគូ។
កីឡាការិនីកូនខ្មែរដើមកំណើតអាមេរិករូបនេះបានប្រាប់ថា៖ «ខ្ញុំត្រៀមរួចរាល់អស់ហើយសម្រាប់ការប្រកួតនេះ។ ខ្ញុំនឹងប្រើស្នៀតវាយកណ្តាប់ដៃ និងទាត់ ដែលជាចំណុចខ្លាំងរបស់ខ្ញុំក្នុងការយកប្រៀបទៅលើដៃគូរបស់ខ្ញុំ»។
ប៉ុន្តែ សុវណ្ណារី ក៏មិនផ្តោតតែលើការប្រើប្រាស់ស្នៀតប្រដាល់គុនខ្មែររបស់នាងតែមួយមុខនោះឡើយ ខណៈដែលនាងក៏មានជំនាញផ្នែកចំបាប់ យូដូ និងក្បាច់ក្លេ Brazilian Jiu Jitsu ដើម្បីទប់ទល់នឹងគូប្រកួតរបស់ខ្លួនផងដែរ។
Kyselova ជាកីឡាការិនីដែលមានបទពិសោធច្រើនជាង សុវណ្ណារី ខណៈដែលកីឡាការិនីជំនាញស្នៀតក្លេរបស់អ៊ុយក្រែនរូបនេះ ធ្លាប់ឡើងប្រកួត MMA អាជីពដល់ទៅ ១៣ លើក ឈ្នះ ១០ លើក និងចាញ់ ៣ លើក។
សុវណ្ណារី ដែលធ្លាប់ប្រកួត MMA ២ លើក និងឈ្នះទាំង ២ លើកនោះ បានបញ្ជាក់ថា៖ «ខ្ញុំពិតជាគោរពដៃគូរបស់ខ្ញុំ។ នាងជាអ្នកប្រយុទ្ធដែលមានបទពិសោធច្រើន ហើយខ្ញុំមានគម្រោងធ្វើការប្រកួតនេះឲ្យបាន ៣ ទឹកពេញ ប៉ុន្តែ បើខ្ញុំអាចមានឱកាសល្អ ខ្ញុំនឹងបញ្ចប់ការប្រកួតនេះឲ្យបានឆាប់»។
នេះគឺជាការប្រកួត MMA ក្រោមការរៀបចំរបស់ ONE Championship (ONE) របស់វុណ្ណារី ប៉ុន្តែ Kyselova នឹងបង្ហាញខ្លួនជាលើកទី ២ របស់នាង ក្រោយពីចាញ់ ១ ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់នាងកាលពីខែកញ្ញា ឆ្នាំនេះ។
អ្នកប្រយុទ្ធកម្ពុជាម្នាក់ទៀតដែលប្រកួតក្នុងកម្មវិធីរំភើបរដូវគ្នានេះ ចាន់ រតនា ហាក់មានការជឿជាក់ខ្ពស់ នៅមុនពេលប៉ះជាមួយនឹងកីឡាករឥណ្ឌូនេស៊ី AbroFernandes ក្នុងទម្ងន់ ៦១,២ គីឡូក្រាម ខណៈភាពខ្លាំងរបស់ខ្លួនផ្នែកប្រកួតជំហរគួរតែគ្រប់គ្រាន់ក្នុងការផ្តួលដៃគូរបស់ខ្លួន។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានប្រាប់ថា៖ «ខ្ញុំមានការជឿជាក់ខ្ពស់ក្នុងការប្រកួតនេះ។ ខ្ញុំជឿជាក់ថា ចំណុចខ្លាំងរបស់ខ្ញុំក្នុងការប្រកួតដោយជំហគួរតែអាចយកឈ្នះលើដៃគូរបស់ខ្ញុំបាន»។ ជាមួយគ្នានេះ រតនា ក៏បានខិតខំព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងទៅលើស្នៀតក្លេ និង Brazilian Jiu Jitsu ជាមួយនឹងលោកគ្រូបង្វឹក Lorenzo Lanzafame ផងដែរ។
ប៉ុន្តែ កីឡាកររបស់ក្លិបសិល្បៈរូបនេះបានបញ្ជាក់ថា រូបគេនឹងមិនធ្វើការវាយសម្រុកភ្លាមៗឡើយ ដោយត្រូវស្ទាបស្ទង់លើកម្លាំង និងស្នៀតប្រយុទ្ធរបស់ដៃគូជាមុនសិន មុននឹងប្រើប្រាស់យុទ្ធសាស្ត្រប្រកួតរបស់ខ្លួន ដើម្បីយកឈ្នះលើដៃគូ។ Fernandes ដែលជាគូប្រកួតរតនា គឺជាកីឡាករជើងថ្មីម្នាក់ក្នុង MMA ខណៈដែលរូបគេឈ្នះ ១ លើកពីការប្រកួត ១ លើករបស់ខ្លួន និងមិនធ្លាប់ប្រកួតក្នុងកម្មវិធីរបស់ ONE ឡើយ។
ដោយឡែក រតនា ធ្លាប់ប្រកួតគុនខ្មែរច្រើនជាង ១០០ ដង និងប្រកួតវាយដាក់ទ្រុងឲ្យ ONE ចំនួន ៦ លើក ដោយឈ្នះ ៣ លើក និងចាញ់ ៣ លើក៕