ក្រុងគូ​ឡា​ឡាំ​ពួ: អ្នក​ប្រយុទ្ធ​គុន​ចម្រុះ​របស់​កម្ពុជា ឯម​ សុវណ្ណា​រី និង​ចាន់ រត​នា សុទ្ធ​សឹង​បាន​ធ្វើ​ឲ្យ​កម្ពុជា មាន​មុខ​មាត់​នៅ​លើ​ទឹកដី​នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ក្រោយពី​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​​តាម​រយៈ​កា​រ​ផ្តួល​ឲ្យ​ដៃ​គូ​សន្លប់​ដូចគ្នា​​ក្នុង​ការ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍ ONE: Destiny of Champions ប្រទេស​ម៉ា​ឡេស៊ី កាលពី​ថ្ងៃ​សុក្រ​។

កីឡា​ការិនី​កូន​ខ្មែរ​ដើម​​អាមេរិក​សុវណ្ណា​រី បាន​ចំណាយ​ពេល​​ច្រើន​ជាង​១​,២០​នាទី​ប៉ុណ្ណោះ ដើម្បី​ផ្តួល​កីឡា​ការិនី​អ៊ុយ​ក្រែន Iryna Kyselova ក្នុង​​ទម្ងន់​៦៣,៥​គីឡូក្រាម ឲ្យ​សន្លប់​ក្នុង​ការ​ប្រកួត​បើកឆាក​នៅ​រាត្រី​ដដែល​នោះ​។

កីឡា​ការិនី​វ័យ​២៦​ឆ្នាំ​រូបនេះ អាច​សង្គ្រោះ​ពី​ការព្យា​យាម​​ក្លេ​របស់​ Iryna យ៉ាង​ល្អ មុន​នឹង​ដណ្តើម​បាន​​ឱកាស​ក្នុង​​ការ​អង្គុយ​លើ​ដៃគូ​វិញ ហើយ​​សុវណ្ណារី បាន​វាយ​យ៉ាង​សន្ធាប់​ទៅលើ​ផ្ទៃ​មុខ​លើ​ដៃ​គូ​ដើម្បី​បង្ខំ​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួ​ត​នៅ​​ដើម​ទឹក​ទី​១​តែម្តង​។

ក្រោយ​ពី​ដ​ណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បង្ហាញខ្លួន​ជាលើក​ទី​១​របស់​នាងក្នុង​កម្មវិធី​ប្រកួត​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គ​ភាព ONE Championship (ONE) សុវណ្ណា​រី បាន​បញ្ជាក់​ថា នាង​ពិត​ជា​រំភើប​ណាស់​ក្នុង​ការ​​ដណ្តើម​បាន​ជ័យ​ជម្នះ​នេះ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​មាន​មោទ​ន​ភាព​​។

កីឡាករចាន់ រត​នា (ពី​លើ) ព្យា​យាម​វាយ​ទៅលើ​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​ការ​ប្រកួត ONE: Destiny of Champions កាលពីថ្ងៃ​សុក្រ​។ រូប​ថត សហ​ការី

កីឡា​ការិនី​​រូបនេះ​បាន​ប្រាប់​ភ្នំ​ពេញ ប៉ុស្តិ៍ នៅ​ឯ​សង្វៀន Axiata Arena ថា៖ «ខ្ញុំ​ពិត​ជា​រីក​​រាយ​ណាស់​។ ខ្ញុំ​បាន​ត្រៀម​​​ការ​ប្រកួត​យ៉ាង​ល្អ ដោយ​យើង​បានផ្តោត​លើ​ការ​​រា​រាំង​ការ​ប្រើប្រាស់​ស្នៀត​ក្លេ​របស់​គូ​ប្រកួត​។ គម្រោង​របស់​ខ្ញុំ​គឺ​ប្រើប្រាស់​កណ្តាប់​ដៃ​ ប៉ុន្តែ ពេល​ដែល​នាង​ចង់​ប្រើ​ប្រាស់​ក្បាច់​ក្លេ ខ្ញុំ​​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវក្នុង​ការ​​រា​រាំង​»​។

សុវណ្ណារី បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​ក្នុង​ការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​។ ខ្ញុំ​ពិត​ជា​​រំភើប​ណាស់​ក្នុង​ការ​​ធ្វើ​ឲ្យ​កម្ពុជា​មាន​​មោទ​ន​ភាព​តាម​រយៈ​​ការ​ដណ្តើម​បាន​ជ័យជម្នះ​»​។

អ្នក​ប្រយុទ្ធ​​របស់​កម្ពុជា​ម្នាក់​ទៀត​នៅ​រាត្រី​ដដែល​នោះ ចាន់ រត​នា បាន​គេ​ចផុត​ពី​ការ​សន្លប់​ក្នុង​ទឹក​​ទី​១ និង​​ការ​ចាញ់​ដោយ​ស្នៀត​ក្លេ​នៅ​​​ដើម​ទឹក​ទី​២​​ នៅពេល​ដែល​ប្រកួត​ជាមួយ​នឹង​កីឡាករ​ឥណ្ឌូនេស៊ី Abro Fernandes មុន​នឹង​វាយ​​ឲ្យ​ដៃ​គូ​របស់​ខ្លួន​សន្លប់​នៅ​រយៈពេល​១​នាទី​ចុ​ង​ក្រោយ​។

ចាន់​ រត​នា ហាក់ចាញ់​ប្រៀប​ទាំង​ស្នៀត​ក្លេ និង​ការ​វាយ​ដោយ​ជំហរ​របស់​កីឡាករ Fernandes ក្នុង​ទឹក​ទី​១ និង​ត្រូវ​តែ​ព្យា​យាម​គេចផុត​ពី​ស្នៀត​ក្លេ​របស់​ដៃគូ​ខ្លួន​នៅ​ដើម​ទឹក​ទី​២ ខណៈ​ដែល​ពួក​​គេ​បាន​សម្តែង​នូវ​ការ​ធ្លាក់​ចុះ​នូវ​ថាម​ពល​ដូចគ្នា​​ក្នុង​ទឹក​នេះ​។

ប៉ុន្តែ ការ​មាន​ស្មារតី​​តស៊ូ​យ៉ាង​ខ្លាំង និង​ការ​ស្រេក​ឃ្លាន​ជ័យជម្នះ​ បាន​ជំរុញ​ឲ្យ​រត​នា យក​ឈ្នះ​លើ​ដៃគូ​ទាំង​​ត្រដាប​ត្រដួស តាម​រយៈ​ការ​​ប្រើប្រាស់​ស្នៀត​ទាត់ ជង្គង់ និង​កណ្តាប់ ដើម្បី​បង្ខំ​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទម្ងន់​៦១,២​គីឡូក្រាម​នេះ នៅនាទី ទី​៤:០៦​នៃ​ទឹក​ទី​២​តែម្តង​។

​កីឡា​ការិនី​ឯម សុវណ្ណារី (ពីលើ) បាន​វាយ​ឲ្យ​កីឡា​ការិនី​អ៊ុយ​ក្រែន Iryna Kyselova នៅ​ត្រឹម​ទឹក​ទី​១ ក្នុង​ការប្រកួត​កាលពីថ្ងៃសុក្រ​។ រូប​ថត សហ​ការី

ក្រោយពី​ការ​ប្រកួត កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់​ថា៖ «ពេល​ខ្ញុំ​ត្រូវ​មួយ​ដៃ​របស់​​គាត់​ក្នុង​​ទឹក​​ទី​១ ខ្ញុំ​ស្ទើរ​តែ​សន្លប់​ទៅ​ហើយ ព្រោះ​កណ្តាប់​ដៃគាត់​ធ្ងន់ ប៉ុន្តែ ខ្ញុំ​បាន​ខាំ​ធ្មេញ​ព្យា​យាម​ចូល​វាយ​​ ដើម្បី​ពង្រឹង​កម្លាំង​ស្មារតី ដើម្បី​រក​ឱកាស​ទាត់​​វិញ​»​។

រត​នា​បាន​​បន្ត​ថា៖ «ក្រោយ​មក ខ្ញុំ​បាន​ព្យាយាម​​​វាយ​សម្រុក​លើ​ដៃគូ​ ដើម្បី​បម្រូល​ស្មារតី និង​ស្ទង់​កម្លាំង​របស់​គាត់​។ ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​បាន​​គេចផុត​ពីការ​ក្លេ​របស់​ខ្ញុំ ឃើញ​ថា ទាំង​ខ្ញុំ និង​គាត់​ពិត​ជា​ធ្លាក់​ចុះ​កម្លាំង​ដូចគ្នា ប៉ុន្តែ គាត់​ហាក់​ដូច​ជា​អស់​​កម្លាំង​សុះ​ជាង​ខ្ញុំ ហេតុនេះ ខ្ញុំ​បាន​​ព្យា​យាម​​វាយ​​កម្លាំង​ចុងក្រោយ​របស់​ខ្ញុំ ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះ​នេះ​តែម្តង​»។

ក្នុង​ការ​ប្រកួត​គូ​ឯក​​នៃ​ព្រឹត្តិការណ៍ ONE: Destiny of Champions នៅ​រាត្រី ដដែល​នោះ ​កីឡាករ​ជើង​ខ្លាំង​ថៃ Yodsanklai IWE Fairtex បាន​យកឈ្នះ​លើ​កីឡាករ​អូ​ស្ត្រាលី Luis Regis យ៉ាង​ងាយ តាម​រយៈ​ការ​វាយ​ឲ្យ​រូប​គេ​ដួលសន្លប់​ ក្រោយពី​ចាប់​ផ្តើម​ប្រកួត​បាន​ត្រឹម​តែ​២,០៨​នាទី​ប៉ុណ្ណោះ​នៃ​ទឹក​ទី​១​៕