ភ្នំពេញ៖ កីឡាការិនី​កូន​ខ្មែរ-អាមេរិក ដែល​កំពុង​ដាក់ចិត្ត​កាន់​តែ​ជ្រៅ​ទៅ​លើ​ការប្រកួត​គុន​ចម្រុះ MMA ឯម សុវណ្ណារី បាន​បង្ហាញ​ភាព​ជឿជាក់​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​ថា កញ្ញា​នឹង​អាច​យក​ឈ្នះ​លើ​អ្នក​ប្រយុទ្ធ​របស់​អាមេរិក Colbey Northcut ក្នុង​ភាគរយ​ខ្ពស់​បំផុត សម្រាប់​ការ​ប្រកួត ONE Championship ឬ ONE: TNT IV នៅ​លើ​ទឹកដី​សិង្ហបុរី នា​រាត្រី​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១។

ការ​ត្រៀម​បង្ហាញ​ខ្លួន​ជា​ថ្មី នៅ ONE នាពេល​ខាង​មុខ​នេះ វា​កើត​ឡើង​តាម​ការ​ចង់​បាន​របស់ ឯម សុវណ្ណា​រី ដែល​បាន​ស្នើ​សុំ​ទៅ​អ្នក​គ្រប់គ្រង​អង្គភាព​រៀបចំ​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​នេះ​ដោយ​ផ្ទាល់ បន្ទាប់​ពី​នាង​បាន​ផ្តួល​កីឡាការិនី​របស់​កូរ៉េខាងត្បូង Choi Jeong Yun កាល​ពី​ខែ​មករា ហើយ​នេះ​ក៏​ជា​គោលដៅ ដែល ឯម សុវណ្ណារី ចង់​បាន​តាំង​ពី​កញ្ញា​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​គុន​ចម្រុះ​នេះ តាំង​ឆ្នាំ ២០១៦ ផង​ដែរ ព្រោះ​កន្លង​មក ឯម សុវណ្ណារី ប្រកួត​បាន​ត្រឹម ១ ដង​ប៉ុណ្ណោះ ក្នុង ១ ឆ្នាំ។

កីឡាការិនី ឯម សុវណ្ណារី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ តាម​ហ្វេសប៊ុក​ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ផ្ដួល​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី២ នៃ​ការ​ប្រកួត ONE Championship នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មករា ឆ្នាំ ២០២១ កន្លង​ទៅ​នោះ ម្ចាស់​កម្មវិធី​នៃ​សង្វៀន ONE បាន​លើក​ទឹកចិត្ត និង​សម្រេច​ដាក់​ឱ្យ​រូប​ខ្ញុំ បន្ត​ប្រកួត​ជាមួយ​នឹង​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​អាមេរិក គឺ Colbey Northcut ក្នុង​ព្រឹត្តិការណ៍ ONE: TNT IV នា​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នៅ​លើ​ទឹក​ដី​ប្រទេស​សិង្ហបុរី ដដែល»។

កីឡាការិនី​ដែល​ចង់​វិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយ​ជា​អ្នកល្បី​នៅ​សង្វៀន ONE Championship ហើយក៏​​មាន​បំណង​ចង់​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ឯម សុវណ្ណារី បាន​ប្រាប់​បន្ថែម​ថា៖ «កីឡាការិនី Colbey Northcut ជា​ជើង​ខ្លាំង​ម្នាក់ ដែល​មាន​បទពិសោធ​ប្រកួត​ច្រើន ប៉ុន្តែ​ខ្ញុំ​បាន​តាំង​ចិត្ត​យក​ឈ្នះ​ឱ្យ​បាន គឺ​ខ្ញុំ​មាន​សង្ឃឹម​យក​ឈ្នះ​រហូត​ដល់ ៩០ ភាគរយ សម្រាប់​ការ​ប្រកួត​លើក​នេះ»។

កីឡាការិនី​កូន​ខ្មែរ-អាមេរិក ​វ័យ ២៤ ឆ្នាំ ឯម សុវណ្ណារី មាន​ឪពុកម្តាយ​ជា​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ហើយ​នាង​បាន​កើត​នៅ​ទីនោះ។ សុវណ្ណារី ធ្លាប់​ប្រកួត​បាន ៥ លើក នៅ​សង្វៀន ONE ដោយ​ឈ្នះ ៤ និង​ចាញ់ ១ ដង ហើយ​ការ​ប្រកួត​នៅ​ខែ​មេសា ឆ្នាំ ២០២១ ខាង​មុខ​នេះ នឹង​ក្លាយ​ជា​ការ​ប្រកួត​លើក​ទី៦ ក្នុង​អាជីព​របស់​នាង។ ចំពោះ​គោល​បំណង​ធំ សម្រាប់​ការ​ចាប់​យក​អាជីព​នេះ សុវណ្ណារី ធ្លាប់​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់​ស្ត្រី​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ MMA នេះ ឱ្យ​កម្ពុជា ដោយ​សង្ឃឹម​ថា បងប្អូន​ខ្មែរ​ស្រឡាញ់​គាំទ្រ​ខ្លាំង»។ 

ចំណែក​កីឡាការិនី​អាមេរិក Colbey Northcut ជា​អ្នក​ប្រយុទ្ធ​ចាស់​វស្សា​ម្នាក់​ដែរ តែ​មាន​បទពិសោធ​នៅ​សង្វៀន ONE ប្រហាក់ប្រហែល​នឹង ឯម សុវណ្ណារី ដែរ។ កីឡាការិនី​មាន​អាយុ ២៧ ឆ្នាំ​រូប​នេះ ធ្លាប់​ប្រកួត​បាន ៧ ដង ឈ្នះ ៥ និង​ចាញ់ ២ ដង ហើយ​ការ​ប្រកួត​ចុង​ក្រោយ Northcut បាន​យក​ឈ្នះ​កីឡាការិនី​ឥណ្ឌូនេស៊ី Putri Padmi ដោយ​ពិន្ទុ។

នៅ​ពេល​សួរ​ពី​បញ្ហា​កូវីដ ១៩ ដែល​អាច​បង្ក​ជា​បញ្ហា ឬ​ឆ្លង នៅ​ពេល​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​ក្នុង​តំបន់​អាស៊ី ឬ​ពេល​ហ្វឹកហាត់​នោះ កីឡាការិនី ឯម សុវណ្ណារី បាន​ប្រាប់​ថា៖ «ការ​ធ្វើ​ដំណើរ និង​ការ​ហ្វឹកហាត់ គឺ​គេ (ONE) ធ្វើ​បាន​ល្អ ដោយ​ដាក់​ឱ្យ​ខ្ញុំ នៅ​ដាច់​ដោយ​ឡែក​ក្នុង​បន្ទប់ ឬ​ហាត់​ក្នុង​កន្លែង​មួយ សម្រាប់តែ​ខ្ញុំ​ម្នាក់ និង​គ្រូបង្វឹក​ម្នាក់ ដែល​មើល​ការខុសត្រូវ​រួម និង​ក្រោម​ការពិនិត្យ​តាមដាន​ពី​គ្រូពេទ្យ​ជាប្រចាំ។ ការ​ធ្វើ​អ៊ីចឹង គឺ​ចាប់​ផ្តើម ៤ សប្តាហ៍ រហូត​ដល់​យប់​ថ្ងៃ​ប្រកួត​តែ​ម្តង ហើយ​ដៃគូ​ប្រកួត​របស់​ខ្ញុំ ក៏​ធ្វើ​បែប​នេះ​ដូចគ្នា ដើម្បី​ការពារ​កូវីដ ១៩ ឱ្យ​បាន និង​មាន​ប្រសិទ្ធភាព»៕