The Phnom Penh Post Search

Search form

សុ​វណ្ណា​រី សុបិន​ចង់​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង ONE

Content image - Phnom Penh Post
ឯម សុវណ្ណារី ​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់ ត្រៀម​ប្រកួត​នៅ ONE​​។ សហការី

សុ​វណ្ណា​រី សុបិន​ចង់​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង ONE

ភ្នំពេញៈ អ្នក​ប្រយុទ្ធ​គុន​ចម្រុះ​កម្ពុជា ដើមកំណើត​អាមេរិក ឯម សុណ្ណារី បាន​បញ្ជាក់​ថា ក្តី​សុបិន​ដ៏​ធំ​បំផុត​របស់​នាង គឺ​ការ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក នៅ​ថ្ងៃ​ណាមួយ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​វាយ​ដាក់​ទ្រុង​របស់​អង្គភាព រៀបចំ​ការ​ប្រកួត ONE Championship (ONE)។

ការបញ្ជាក់​ពី​ក្តី​សុបិន​នេះ បានកើត​ឡើង នៅមុន​ពេល សុ​វណ្ណា​រី ត្រូវ​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​អាជីព​ជា​លើក​ទី ១ របស់​នាង ក្នុង​កម្មវិធី​របស់ ONE គឺ ONE: Destiny of Champions ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃ​សុក្រ​នេះ ដោយ​ក្នុង​នោះ សុណ្ណារី នឹង​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់ ៥៦,៧ គ.ក្រ​ជាមួយ​កីឡាការិនី​អ៊ុយក្រែន Iryna Kyselova នៅ​មជ្ឈមណ្ឌល Axiata Arena។

កីឡាការិនី​វ័យ ២៦ ឆ្នាំ សុ​វណ្ណា​រី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «នេះ​ជាការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ MMA អាជីព លើក​ទី ៣ របស់​ខ្ញុំ ក្រោយ​ពី​ខ្ញុំ​បាន​ទាំង​ឈ្នះ ២ ប្រកួត​កន្លង​មក​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ជំនួប​ជាមួយ​នឹង Kyselova នឹង​ក្លាយជា​ស្ពាន ក្នុង​ការ​សម្រេច​ក្តី​នៃ​ការ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​របស់ ONE ព្រោះ​ក្តី​សុបិន​របស់​ខ្ញុំ​គឺ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៥៦,៧ គ.ក្រ នៅ​ថ្ងៃ​ណាមួយ។ ខ្ញុំ​កំពុង​តែ​ខិត​ខំ​ព្យាយាម​ខ្លាំង ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មាន​មោទនភាព និង​ចង់​តប​ស្នង​ចំពោះ​ការ​គាំទ្រ​របស់​ពួក​គាត់​ផង​ដែរ»។

ឯម សុ​វណ្ណា​រី បានចាប់ផ្តើម​ហ្វឹកហាត់​កីឡាប្រដាល់​ក្នុង​ឆ្នាំ ២០១២ ហើយ ២ ឆ្នាំ​ក្រោយ​មក នាង​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ក្បាច់ Jujitsu ប្រដាល់​គុន​ខ្មែរ Kung Fu Sansoo និង​យូដូ មុន​នឹង​សម្រេច​ចិត្ត​សាក​ល្បង​ក្នុង​ការ​ប្រកួត MMA ក្នុង​ឆ្នាំ ២០១៦។ សម្រាប់​ឱកាស​ប្រកួត​នៅ​ម៉ាឡេស៊ី ខាង​មុខ​នេះ សុណ្ណារី បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពិត​ជា​ដឹង​គុណ​ដល់ ONE សម្រាប់​ការ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ ក្នុងការ​អាច​ទៅ​ទស្សនកិច្ច និង​ប្រកួត​នៅ​ទឹកដី​កំណើត​របស់​ឪពុក​ម្តាយ​ខ្ញុំ​នៅ​ថ្ងៃ​ណាមួយ»។

នៅក្នុង​ការប្រកួត​នេះ សុ​វណ្ណា​រី ពិតជា​ចង់យក​ឈ្នះ​លើ​គូប្រកួត​ឲ្យ​បាន​ឆាប់រហ័ស ប៉ុន្តែ ការ​យក​ឈ្នះ​ដោយ​ពិន្ទុ បន្ទាប់​ពី​ការ​ប្រកួត ៣ ទឹក ក៏​ស្ថិត​ក្នុង​គម្រោង​របស់​នាង​ផង​ដែរ។ កីឡាការិនី​រូប​នេះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​ហើយ។ ប្រសិន​បើ​ខ្ញុំ​អាច​បញ្ចប់​ការ​ប្រកួត​នេះ​យ៉ាង​ឆាប់​រហ័ស វា​ជា​រឿង​ដ៏​អស្ចារ្យ ប៉ុន្តែ ខ្ញុំ​ក៏មាន​គម្រោង​ប្រកួត​ឲ្យ​បាន ៣ ទឹក​ជាមួយ​នឹង​រូប​នាង​ផង​ដែរ»។

ទោះបីជា​យ៉ាងណា សុ​វណ្ណា​រី មិន​ហ៊ា​ន​មើលស្រាល​គូប្រកួត​ទេ​ដោយ​នាង​ជឿជាក់​ថា Kyselova នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ ក្នុង​នាម​ជា​អ្នក​មាន​ប្រៀប​ជាង។ កីឡាការិនី​នេះ​បាន​កត់​សម្គាល់​ថា៖ «ខ្ញុំ​គិត​ថា គូ​ប្រកួត​របស់​ខ្ញុំ គឺជា​ជើង​ខ្លាំង​ម្នាក់ ហេតុ​នេះ​នាង​នឹង​មាន​ភាព​ខ្លាំង ក្នុង​ពេល​ប្រើ​ស្នៀត​បោក​ផ្តួល ព្រមទាំង​ព្យាយាម​ប្រើ​ស្នៀត​ក្លេ និង​មាន​កណ្តាប់​ដៃស្តាំ​ខ្លាំង ហើយ​ក្រុម​ការងារ​របស់​ខ្ញុំ កំពុង​តែ​សម្រួច​ទៅ​លើ​ការ​ទប់​ទល់​ភាព​ខ្លាំង​នោះ»។

សុ​វណ្ណា​រី បាន​បន្ថែមទៀតថា៖ «កង្វល់​ដ៏​ធំ​របស់ខ្ញុំ​លើ​គូប្រកួត​របស់ខ្ញុំ​គឺថា នាង​មាន​បទពិសោធ​ច្រើន​ជាង​ខ្ញុំ»។

Kyselova មាន​វ័យ ២៣ ឆ្នាំ ហើយ​នាង​ជា​អ្នកប្រយុទ្ធ​ពោរពេញ​ដោយ​បទ​ពិសោធ​ម្នាក់ ប៉ុន្តែ កីឡាការិនី​របស់​អ៊ុយក្រែន​រូបនេះ​បាន​ជួប​ការ​ខក​ចិត្ត ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ១ របស់​នាង សម្រាប់​កម្មវិធី ONE ក្រោយ​ពី​កីឡាការិនី Michelle Nicolini បាន​ប្រើ​ស្នៀត​ក្លេ យក​ឈ្នះ​នាង​ត្រឹម​ទឹក​ទី ១ កាល​ពី​ដើម​ឆ្នាំ​នេះ។ កីឡាការិនី​សញ្ជាតិ​អ៊ុយក្រែន​រូប​ស្រស់​ម្នាក់​នេះ មាន​បទពិសោធ​ប្រកួត​ច្រើន​ជាង ឯម សុវណ្ណារី ព្រោះ​នាង​មាន​កំណត់ត្រា​ឈ្នះ​ដល់​ទៅ ១០ លើក និង​ចាញ់ ៣ លើក ក្នុង​ការ​ប្រកួត MMA ខណៈ​ដែល​នាង​ក៏មាន​ជំនាញ​ក្នុង​កីឡា​ប្រដាល់​សេរី ក្បាច់​គុន​យូដូ​និង​ចំបាប់​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍