ភ្នំពេញៈ កីឡាករ សូត្រ ប៊ុនធី បាន​ធ្វើឲ្យ​ការប្រជែង​ឱកាស​ចុងក្រោយ​របស់​ខ្លួន​ជាមួយ​ជនរួមជាតិ ចាន់ សំអាត ដើម្បី​រក​អ្នកមាន​ប្រៀប​បាន​ឡើង​ទៅ​កាន់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី​ ៩ នៅ​សង្វៀន SEATV នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​បាន​រលាយបាត់​ទាំងស្រុង ខណៈ​រូបគេ​ត្រូវ​កំណត់​ឲ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ ព្រោះ​តែ​រក្សា​ទម្ងន់​ខ្លួនឯង​មិន​បាន តាម​ការកំណត់​នោះ​។

ការរក្សា​ទម្ងន់​មិន​បាន​នេះ បាន​ធ្វើឲ្យ​ការប្រកួត​ចុងក្រោយ​របស់ សូត្រ ប៊ុនធី ជាមួយ​ថៃ KhanThep នៅ​ថ្ងៃ​សៅរ៍​នេះ​ក្លាយ​ជា​ការប្រកួត​ដែល​មិន​បាន​ផល គឺ​បាន​ត្រឹម​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ​។ ផ្ទុយ​ពី​នេះ ចាន់ សំអាត នឹង​ទទួល​បាន​លេខ​ ២ ​ប្រចាំ​ពូល​កម្ពុជា បន្ទាប់ពី សុខ សាវិន ដោយ​ស្វ័យប្រវត្តិ បើ​ទោះបី​ជា​ការប្រកួត​លើក​នេះ​រូបគេ​ចាញ់​ថៃ Phut Phat Noy ក៏ដោយ ព្រោះ​ ៣ ​ប្រកួត​កន្លង​មក​នេះ សំអាត បាន​ឈ្នះ​ ២ និង​ចាញ់​ ១ ខណៈ​ ៣ ​ប្រកួត​របស់ សូត្រ ប៊ុនធី បាន​ឈ្នះ​ ១ និង​ចាញ់​ ២ ​ដង​រួច​ទៅ​ហើយ​។

កីឡាករ សូត្រ ប៊ុនធី ដែល​ធ្លាប់​ជា​ជើង​ខ្លាំង​មួយរូប​នោះ​បាន​ប្រាប់​ពី​ការប្រកួត​ធ្លាក់ចុះ​របស់​ខ្លួន​ថា​៖ «​មូលហេតុ​ប្រកួត​ធ្លាក់ចុះ​ដោយ​បញ្ហា​បញ្ចុះ​សម្រក​ទម្ងន់ ព្រោះ​ទម្ងន់​ពិត​របស់​ខ្ញុំ​ឥឡូវ​ឡើង​ដល់​ ៦៤ ​គីឡូក្រាម ហើយ​ត្រូវ​រត់​មក​ចុះ​ត្រឹម​ ៦០ ​គីឡូក្រាម​គឺ​ខ្សោយកម្លាំង ឆាប់​អស់​ណាស់​។ ហេតុនេះ​ក្រោយ​បញ្ចប់​ខ្សែក្រវាត់​នេះ ខ្ញុំ​នឹង​សុំ​ឲ្យ​គណៈកម្មការ​ចាប់​គូ​វ៉ៃ​ទម្ងន់​ចាប់ពី​ ៦៣,៥ ​គីឡូក្រាម​ទើប​បាន ព្រោះ​សម្រក​ទម្ងន់​គឺ​ប្រឈម​ទៅ​នឹង​ការចាញ់​ភាគច្រើន​»​។

ចំណែក​លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ប្រាប់​ថា​៖ «​កីឡាករ KhanThep លំបាក​ឈ្នះ សូត្រ ប៊ុនធី ណាស់ ទោះបី​ជា ប៊ុនធី សម្រក​ទម្ងន់​ច្រើន​ក៏ដោយ​។ សូត្រ ប៊ុនធី នឹង​អាច​នៅ​វ៉ៃ​បាន​ល្អ​ ៣ ​ទឹក​ដែរ ហើយ​ជង្គង់ និង​កែង​របស់​គេ​អាច​ផ្តួល​កីឡាករ​ថៃ​ក៏​ថា​បាន​ដែរ​»​។

ទាក់ទង​នឹង​ការប្រកួត​បង្គ្រប់កិច្ច​នេះ​លោក រាជ សុផែន ស្នងការ​ប្រកួត​ប្រចាំ​នៅ​សង្វៀន SEATV បាន​និយាយ​ថា​៖ «​សម្រាប់​គូប្រកួត​បង្គ្រប់កិច្ច​តាម​រូបមន្ត បើ​វ៉ៃ​មិន​អស់​ពី​សមត្ថភាព​គឺ​បណ្តេញ​ចុះ មិន​ប្រកាស​លទ្ធផល ហើយ​ក៏​មិន​ឲ្យ​ប្រាក់​តម្លៃ​ខ្លួន​ដែរ និង​អាច​ទទួល​ជាប់​ពិន័យ​ប្រសិន​បើ​រកឃើញ​កំហុស​»​។

ដោយឡែក ចាន់ សំអាត ដែល​ត្រូវ​ជួប Phut Phatnoy ដែល​ ៣ ​ប្រកួត​កន្លង​មក​បាន​ឈ្នះ​ ២ និង​ចាញ់​ ១ ​ដង​ដូចគ្នា​នោះ​គឺ​អាច​នឹង​មាន​ភាពស្វិតស្វាញ​ខ្លាំង ព្រោះ Phut Phatnoy ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត តំណាង​ឲ្យ​ពូល​ថៃ​ដែរ ដ្បិតអី​ការចាញ់​នឹង​ធ្វើឲ្យ​រូបគេ​ធ្លាក់​ចេញ​ពី​ការប្រកួត​នេះ​។

យ៉ាងណា​ក៏ដោយ ចាន់ សំអាត ប្រាប់​ថា​៖ «​ខ្ញុំ​ហាត់​បាន​ល្អ និង​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​គឺ​មាន​ទំនុកចិត្ត​ឈ្នះ​ ៨០ ​ភាគរយ​។ បើ​ទោះបី​ជា​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ពី​ខេត្ត​ឆ្ងាយ ប៉ុន្តែ​ខ្ញុំ​បាន​មក​ស្នាក់នៅ​ភ្នំពេញ​ដោយ​ទទួល​បាន​ការយកចិត្ត​ទុក​ដាក់​ពី​អ្នកគ្រូ សុខុម ជួយ​ឧបត្ថម្ភ​គាំទ្រ​»៕