ភ្នំពេញ: ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់៦០គីឡូក្រាម​រដូវ​កាល​ទី ៧ នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍ បាន​រក​ឃើញ​ម្ចាស់ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​ធ្លាក់​ទៅ​លើ​ដៃ​របស់​កីឡាករ​សូត្រ ប៊ុនធី ក្រោយ​ពី​ចំណាយ​ពេល​ប្រកួត​វគ្គ​ជម្រុះ​ជាង ១០ សប្តាហ៍ ក្នុង​បេក្ខភាព​អ្នក​ប្រដាល់​កម្ពុជា ៤ នាក់ និង​ថៃ ៤ នាក់។

សូត្រ ប៊ុន​ធី បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាមួយ​កីឡាករ​ថៃ ៤ នាក់ ឈ្នះ​ទាំង ៤ ប្រកួត និង​បាន​យក​ឈ្នះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ចុង​ក្រោយ​ជាមួយ​កីឡាករ​ថៃ Phat Thana ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់ ១ និង​ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លារ​អាមេរិក។

កីឡាករ​រូបនេះ​បច្ចុប្បន្ន​មាន​អាយុ ២១ ឆ្នាំ ជា​កូន​ទី៤ នៅ​ក្លិប​ប្រដាល់​បក្សី​ស្លាប​ដែក​នៃ​ក្រសួង​មហាផ្ទៃ មាន​ឪពុក​បង្កើត​ឈ្មោះ​សួន ប៊ុន​សូត្រ ជា​គ្រូបង្វឹក និង​ជា​គ្រូសារ​មួយ​ដែល​ស្វែងរក​ប្រាក់​ចំណូល​ពី​ការ​ប្រកួត​ប្រដាល់​ទាំង​ស្រុង។

សូត្រ ប៊ុន​ធី បាន​ចាប់​ហ្វឹកហាត់​ប្រដាល់​លក្ខណៈ​អាជីព​តាំងពី​ឆ្នាំ ២០១៣ រហូតមក​ដល់​ពេល​នេះ ហើយ​ក្រៅ​ពី​ជើង​ឯក​រង រូបគេ​បាន​គ្រប់គ្រង​ខ្សែ​ក្រវាត់​ចំនួន ២ ស្ថាប័ន រួម​មាន​ខ្សែក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​ទម្ងន់ ៦០ គីឡូក្រាម ឆ្នាំ ២០១៧ និង​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦០ គីឡូក្រាម ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​លើក​នេះ​តែ​ម្តង។

ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍ អ្នកទស្សនា​ភាគច្រើន បាន​មើលឃើញ​ថា ការ​ប្រកួត​ឈ្នះ​នេះ​មាន​លក្ខណៈ​លំបាក និង​តឹង​តែង​ណាស់ ពីព្រោះ​កីឡាករ​ថៃ​ក៏​ល្អ​ផ្នែក​ទាត់​ជើង​ក្រោម។ តាម​ការ​សង្កេត​ប្រកួត​ចំនួន ៥ ទឹក​ពេញ សូត្រ ប៊ុនធី មាន​ប្រៀប​ទឹក​ទី ១ ទឹក​ទី ៤ និង​ទឹក​ទី ៥ ប៉ុន្តែ ក្រោយ​ការ​ប្រកួត​បាន​បញ្ចប់ ចៅក្រម​ទាំង ៥ បាន​ផ្តល់​ពិន្ទុ​ឲ្យ​សូត្រ ប៊ុន​ធី ឈ្នះ​ជា​ឯកច្ឆន្ទ​ក្នុង​ពិន្ទុ ៥ ទល់ ០ ហើយ​ក្រោយ​ពេល​ប្រកាស​ភ្លាម​នោះ ភាគី​ខាង​កីឡាករ​ថៃ​បាន ស្រែក​ចំអក​ទំនង​ដូចជា​មិន​ពេញ​ចិត្ត។ ឆ្លើយ​តប​ចំពោះ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​លើក​នេះ លោក​សួន ប៊ុន​សូត្រ គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត បាន​បញ្ជាក់​ថា៖ «មុន​ប្រកួត ប៊ុនធី មាន​បញ្ហា​សុខភាព​ខ្លះៗ​ដូចជា​គ្រុន​ក្តៅ ប៉ុន្តែ​ពេលវេលា​ប្រកួត​មិន​អាច​ខក​ខាន​បាន​ទេ ហើយ​ក៏​ត្រូវ​តែ​រក្សា​ការ​សម្ងាត់​មិន​ឲ្យ​ភាគី​ម្ខាង​ទៀត​ដឹង​នោះ​ទេ»។

លោក​បាន​បន្តថា៖ «បញ្ហា​នេះ​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​ប៊ុន​ធី មិនសូវ​សម្រុក​ខ្លាំង​ដូច​មុនៗ​ទេ ព្រោះ​ខ្លាច​អស់​ពាក់​កណ្តាល​ផ្លូវ»។

លោក​បាន​បន្ថែមថា៖ «ក្រោយពេល​ប្រកួត សុខភាព​កាន់តែ​ទ្រុឌទ្រោម ហើយ​កំពុងតែ​ឈឺ​នៅ​ឡើយ»។

សូត្រ ប៊ុន​ធី បាន​និយាយថា៖ «មុនពេល​ប្រកួត ខ្ញុំ​មាន​ក្តីបារម្ភ​ខ្លាំងណាស់​ដោយ​បញ្ហា​សុខភាព ប៉ុន្តែ ខ្ញុំ​ក៏មាន​សំណាង​ល្អ​ដែរ​ដោយ​កីឡាករ​ថៃ​វា​មិន​ដឹង​រឿង​សុខភាព ហើយ​មិន​វាយ​សម្រុក​មក​ខ្លាំង។ ប្រសិន​បើ​ថៃ​សម្រុក​មក​ខ្លាំង​នោះ ខ្ញុំ​ពិត​ជា​លំបាក​ទប់​ទល់​ផ្នែក​កម្លាំង»។

សូត្រ ប៊ុន​ធី បាន​បន្តថា៖ «ខ្ញុំ​សុំ​សម្រាក​មួយរយៈ​ដើម្បី​ថែ​សុខភាព​ឲ្យ​ល្អ​ឡើងវិញ​ដើម្បី​ត្រៀម​ប្រកួត​ចុង​ខែ​ធ្នូ​ឆ្នាំ ២០១៨ ក្នុង​កម្មវិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ជូន​សម្តេច​ហ៊ុន សែន»។

ចំណែក​លទ្ធផល​គូ​ផ្សេង ម៉ន សា​ម៉េ​ត​មកពី​ក្លិប​កងចក្រ​រាជសីហ៍ បាន​ផ្តួល​កីឡាករ​ថៃ TYSA ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ៤។ ការ​ប្រកួត​គូ​លក្ខណៈ​មិត្កភាព​អន្តរជាតិ​រវាង​ជើង​ខ្លាំង​កម្ពុជា​ឯម ឡេង​លី និង​កីឡាករ​ថៃ S upper Chhai ចំណាយ​ពេល​ត្រឹម​តែ ២ ទឹក​ប៉ុណ្ណោះ មុន​នឹង​ត្រូវ​បាន​គណៈ​កម្មការ​បណ្តេញ​ចុះ ពី​សង្វៀន ដោយ​ការ​ប្រកួត​ទំនង​ដូចជា​វាយ​មិន​អស់​ពី​សមត្ថភាព។ ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​មួយ​ចំនួន​ដែល​មាន​បញ្ហា​ភាគ​ច្រើន​ត្រូវ​ព្រមាន ឬ​ដេញ​ចុះ តែ​កីឡាករ​កម្ពុជា ចំណែក​កីឡាករ​ថៃ​តែង​តែ​រួច​ខ្លួន​ជានិច្ច ទោះ​វាយ​មិន​អស់​ពី​សមត្ថភាព ឬ​អវត្តមាន​ក្តី៕