ការប្រកួត​មួយរយៈ​ចុងក្រោយ​របស់​កីឡាករ សូត្រ ប៊ុនធី មកពី​ក្លិប​បក្សី​ស្លាប​ដែក ហាក់ដូច​មិនសូវ​បាន​ផល​ល្អ​ទាល់តែ​សោះ​ដែល​លោក សួន ប៊ុនសូត្រ ជា​ឪពុក​ និង​គ្រូបង្វឹក​បាន​អះអាង​ថា មកពី​បញ្ហា​សម្រក​ទម្ងន់​ច្រើនពេក​។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​ ១៨ ​នៃ​សង្វៀន​អាស៊ីអាគ្នេយ៍​ ខណៈ​គូ​ដណ្តើម​មេដាយមាស​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្រុមហ៊ុន Bostrong សម្រាក​មួយ​សប្តាហ៍​នោះ សូត្រ ប៊ុនធី ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Kong Kangvan ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​បន្ទាប់ពី​គេ​ធ្លាប់​វ៉ៃ​ក្នុង​ទម្ងន់​ក្រោម​ ៦០ ​គីឡូក្រាម​យូរ​មកហើយ​។

ចំពោះ​បទពិសោធ​ប្រដាល់​វិញ សូត្រប៊ុនធី ប្រកួត​ច្រើន​ជាង​កីឡាករ​ថៃ​ក្នុង​ទម្ងន់​ក្រោម​ ៦០ ​គីឡូក្រាម​ ប៉ុន្តែ​ទើបតែ​ពេលនេះ​បាន​ឡើង​ទម្ងន់​មក​វ៉ៃ​ក្នុង​ទម្ងន់​ធ្ងន់​ប៉ះ​ជាមួយ​ជើងចាស់​របស់​ថៃ​មិនទាន់​ដឹងថា​ល្អ​ឬ​យ៉ាង​ណា​នោះទេ​។

សូត្រ ប៊ុនធី ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ចំនួន​ ២ ​ស្ថាប័ន​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​ហើយ​ការឡើង​ទម្ងន់​ឈាន​មក​ប៉ះ​ជាមួយ​ជើងចាស់​កីឡាករ​ថៃ Kangvan នេះ​ទំនង​ដូចជា​លំបាក​ទស្សន៍ទាយ​ពី​លទ្ធផល​ណាស់ ប៉ុន្តែ​គ្រូបង្វឹក​អះអាង​ថា ធានា​ឈ្នះ​បាន​ភាគរយ​ខ្ពស់​លើ​កីឡាករ​ថៃ​។

អ្នក​ប្រដាល់ សូត្រ ប៊ុនធី មាន​កម្ពស់​ ១,៧០ ​ម៉ែត្រ​ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ១០៨ ​លើក ឈ្នះ​ ៨២ ​ដង ចាញ់​ ២២ ​ដង​ស្មើ​ចំនួន​ ៤ ​ដង ចំណែកឯ​កីឡាករ​ថៃ Kangvan មាន​កម្ពស់​ ១,៧០ ​ម៉ែត្រ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ច្រើនលើក និង​មាន​សមត្ថភាព​ល្អ​គួរសម ខណៈ​ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ៨៣ ​លើក ឈ្នះ​ ៦៦ ​លើក ចាញ់​ ១៦ ​លើក និង​ស្មើ​ ១ ​លើក​ក្នុងនោះ​ធ្លាប់​ឈ្នះ ចាន់ រតនា ផង​ដែរ​។

លោក ប៊ុនសូត្រ ជា​គ្រូបង្វឹក​និយាយ​ថា​៖ «​ប៊ុនធី ឡើង​វ៉ៃ​ក្នុង​ទម្ងន់​ក្រោម​ ៦០ ​គីឡូក្រាម​គឺ​លំបាក​ឈ្នះ​គេ​ណាស់​ព្រោះ​ត្រូវ​បញ្ចុះទម្ងន់​នាំ​ឲ្យ​ខ្សោយកម្លាំង​ដូច្នេះ​ចាប់ពី​ពេល​នេះ​ទៅ​ហ្វឹកហាត់​សម្រាប់​ឡើង​ប្រកួត​ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​វិញ ហើយ​ជំនួប​លើក​នេះ​អាច​មាន​លក្ខណៈ​តឹងតែង​ពីព្រោះ​កីឡាករ​ថៃ​ចាស់វស្សា​ជាង​ក្នុង​ទម្ងន់​នេះ​ ប៉ុន្តែ​តាមរយៈ​ការហ្វឹកហាត់​ពី​ខ្ញុំ​ផ្ទាល់​គឺ​មាន​យុទ្ធសាស្ត្រ​យក​ឈ្នះ​បាន​ក្នុង​ភាគរយ​ខ្ពស់​ដោយ​ស្នៀត​កែង និង​ទាត់​ឆ្ងាយ​ដែល​ធ្វើឲ្យ​ខ្ញុំ​ជឿជាក់​ថា ប៊ុនធី នឹង​ឈ្នះ​ក្នុង​ទំនុក​ចិត្ត​​ ៨០ ​ភាគរយ​»​។

លោក ថាញ់ វ៉ាឡេក គ្រូបង្វឹក​កីឡាករ​ថៃ​និយាយ​ថា​៖ «Kangvan មាន​ស្នៀត​ជង្គង់​ល្អ និង​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ​»​។

លោក វ៉ាឡេក បាន​បន្ថែម​ថា​៖ «​ពួកគេ​មាន​សមត្ថភាព​ល្អ​ផ្សេង​គ្នា​ និង​មាន​ឱកាស​ផ្តួល​យក​ចាញ់ឈ្នះ​ដូចគ្នា​ព្រោះ​បើ Kangvan បិទ​ស្នៀត​កែង​ជាប់​មិន​ឲ្យ​វាយ​ចូល​នោះ គេ​មានប្រៀប​ផ្នែក​លេង​ក្បាច់​ជង្គង់ ប៉ុន្តែ​ប្រសិនបើ Kangvan ចាប់​ឱប​ជាប់​នោះ សូត្រ ប៊ុនធី រើ​មិន​រួច​នោះ​ក៏​អាច​នឹង​ចាញ់​ដូចគ្នា​ដែរ​»​។

លោក ញាន សុធី នាយក​គ្រប់គ្រង​ការប្រកួត​និយាយ​ថា​៖ «​ពួកគេ​ប៉ះ​ប្រកួត​គ្នា​គឺ​សង្ឃឹមថា​ល្អមើល ព្រោះ​កម្ពស់​ ១,៧០ ​ម៉ែត្រ​ដូចគ្នា ហើយ​ថៃ Kangvan ជំនាញ ស្នៀត​ជង្គង់ ចំណែក សូត្រ ប៊ុនធី ជំនាញ​ស្នៀត​កែង ហើយ​ក្រៅពី​នេះ​សមត្ថភាព​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​នោះ​ទេ​»៕