ភ្នំពេញៈ ​កីឡាករ​កម្ពុជា សូត្រ​ ប៊ុន​ធី ​ដែល​កំពុង​តែ​សាង​កេរ្តិ៍​​ឈ្មោះ​ល្បី​ខ្លាំង​ ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ដោយ​មិន​ដែល​ចាញ់នោះ នឹង​ត្រូវ​ឡើង​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ខ្មែរ​សុរិន្ទ Chiek Sayam ដែល​អ្នក​ខ្លះ​ស្គាល់​ថា ចេកនួន នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ ​នា​យប់​ថ្ងៃសៅរ៍​ខាង​មុខ​នេះ គឺ​ជា​គូ​មិត្ត​ភាព​អន្តរ​ជាតិ​ អម​ការ​​ប្រកួត​ជម្រុះចុង​ក្រោយ ជុំ​ទី​ ១ នៃ​ពាន​រង្វាន់​ TV5 ​Boxing​ Knock Out Serie ទម្ងន់​៦៣,៥ គ.ក្រ​។

សម្រាប់​ការ​ជួប​គ្នា​កន្លងមក ​សូត្រ​ ប៊ុន​ធី បាន​​ចាញ់ ​Chiek Sayam យ៉ាង​គ្រាំ​គ្រា​ខ្លួន ពីព្រោះ​កាល​នោះ Chiek Sayam បាន​វ៉ៃ ​ប៊ុនធី ឡើង​ទក់សាច់​ មុន​ឈ្នះ​​ដោយ​ពិន្ទុ​។​ ចំណែក​​ជំនួប​សងសឹកលើក​នេះ​ គេមិន​ដឹង​ថា​ ប៊ុនធី​ មាន​អ្វី​ថ្មី ​ដើម្បី​យក​ឈ្នះ ​ចេក​នួន ​នោះ​ទេ ព្រោះ​អ្នក​ប្រដាល់​ខ្មែរ​សុរិន្ទ ​ដែល​អាច​និយាយ​ខ្មែរ​បាន ចេកនួន ​​ប្រាប់​ថា​៖ «​ការ​ជួប ​ប៊ុនធី ​ក៏​លំបាក​ប្រកួត​ណាស់​ដែរ ពី​ព្រោះ​គាត់​ល្អ​កែង​ និង​ជង្គង់ ​​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​សង្ឃឹម​​រក្សា​បាន​នូវ​ជ័យជម្នះ​»​​។

កីឡាករ Chiek Sayam​ បាន​បន្ថែម​ថា៖ ​«មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ ខ្ញុំ​គិត​ថា ​ជា​បងប្អូន​ខ្មែរ ​គឺ​មាន​មនោសញ្ចេតនា​ស្រឡាញ់​គ្នា។ ទោះ​ជា​ខ្ញុំ​វ៉ៃ​តំណាង​ឲ្យ​ថៃ​ ប៉ុន្តែ​បេះដូង​នៅ​តែ​ជា​ខ្មែរ​ ​ព្រោះ​ជីដូន​ជីតា​ម៉ែ​ឪ​ខ្ញុំ​ជា​ខ្មែរ»​។​ នៅ​ក្នុង​ចំណោម​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ ដែល​ប៉ះ​ជាមួយ​ Chiek Sayam ​គឺ​លំបាក​ឈ្នះ​ណាស់​ សូម្បី​តែ​ ឡុង ​សំណាង ​ក៏​ធ្លាប់​សន្លប់​ត្រឹម​ទឹក​ទី ​៤ ​ក្រោម​ស្នៀត​ទាត់​របស់​ Chiek Sayam ​ដែរ​។​

ចំណែក​ សូត្រ​ ប៊ុនធី​ ដែល​ធ្លាប់​ចាញ់​ Chiek Sayam ​កន្លង​មក​ គឺ​គិត​មក​ដល់​ពេល​នេះ​គេ​មាន​ការ​​រីក​ចម្រើន​វិជ្ជាគុន​ជាង​មុន ​វ៉ៃ​កាច​ជាង​មុន​ និង​ទើប​តែ​ផ្តួល​កីឡាករ​ចិន នៅ​ Mas Fight ​យក​ប្រាក់​រង្វាន់​បន្ថែម​ ​៦០០ ​ដុល្លារ ​កាល​ពី​សប្តាហ៍​មុន​។​​

ក្នុង​ជំនួប​សងសឹក​​នេះ ​លោក សួន ប៊ុនសូត្រ ​គ្រូ​បង្វឹក ​និង​ជា​ឪពុក​បង្កើត​បាន​ប្រាប់​ថា​៖​ «ប៊ុនធី ​មាន​លទ្ធភាព​ឈ្នះ​ ដោយ​ការ​ហ្វឹកហាត់​ និង​ប្រកួត​បាន​ល្អ​ជាង​មុន។​​ ​​​លើក​នេះ​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ​ ​ព្រោះ​យើង​មាន​ប្រៀប​ជាង​ ដោយ​ប្រើ​ស្នៀត​ជង្គង់​ ប៉ុន្តែ​ស្នៀត​ទាត់​​របស់ Chiek Sayam​ មាន​ប្រៀប​ជាង​ផង​ដែរ»​។

សម្រាប់​គូ​ដណ្តើម​ពាន ដើម្បី​រក​ឈ្នះ​កៅ​អី​ឡើង​​ទៅ​វគ្គ ​២ ​អ្នក​ប្រដាល់​ជើង​ខ្លាំង ​ពុយ ​វណ្ណៈ ​ត្រូវ​ប៉ះ​ជើង​ថ្មី ​​លីន ​សុខឈុន​ ​ហើយ​ជើង​ចាស់​ សូត្រ​ ខេវិន​ ត្រូវ​ប្រកួត​​ជាមួយ​កីឡាករ ​ភួង​ ​ណាំហ៊ង ​ដែល​មិន​សូវ​ល្បី​ឈ្មោះ​ដូច​គ្នា​។​

ពុយ​ វណ្ណៈ​ ជា​អ្នក​ប្រដាល់​កម្រិត​ខ្ពស់ ​១ រូប ​ដែល​គេ​ធ្លាប់​បាន​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ច្រើន​លើក​​មក​ហើយ ហើយ​ក៏​​ជា​ជើងឯក​រង​ខ្សែ​ក្រវាត់​ផង​ដែរ ​ផ្ទុយ​ពី​នេះ ​លីន​ សុខឈុន គ្រាន់​តែ​​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ​ដែល​គេ​មិន​សូវ​ស្គាល់​។ ​តាមរយៈ​បទពិសោធ​ឡើង​សង្វៀន​ និង​កម្រិត​បច្ចេកទេស​ក្បាច់​គុន ​គេ​អាច​វាយ​តម្លៃ​បាន​​ថា ​ពុយ ​វណ្ណៈ​ អាច​នឹង​ឈ្នះ​ដោយ​ស៊ី​ផុយ​ ដើម្បី​ប្រជែង​ដណ្ដើម​កៅអី​សម្រាប់​ជុំទី ២ ​នេះ​។

ស្រដៀង​គ្នា​នេះ​ដែរ​កីឡាករ ​សូត្រ ​ខេវិន របស់​​ក្លិប​បក្សី​ស្លាប​ដែក ​អាច​នឹង​យក​ឈ្នះ​ ​ភួង ​ណាំហ៊ង​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ ដោយ​មិន​សូវ​លំបាក​ដូច​គ្នា​។​ បន្ថែម​លើ​នេះ​ គ្រូ​បង្វឹក​កីឡាករ​សូត្រ​ ខេវិន​ គឺ​លោក ​សួន​ ប៊ុនសូត្រ​ បាន​បញ្ជាក់​ថា​៖ «​សមត្ថភាព​របស់​ សូត្រ​ ខេវិន ​ធានា​ឈ្នះ​១០០ ​ភាគរយ ​បាន​ឡើង​ទៅ​វគ្គ​ទី ២»។​

បើ​រំឭក​ពី​ប្រវត្តិ​ប្រកួត​របស់​ សូត្រ ខេវិន ​វិញ គឺ​​គេ​ធ្លាប់​​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ ​៣​ កាល​ពី​រដូវកាល​ទី ​៦​។ ​ចំពោះ​អ្នក​ស្រី​ សុខា​ អ្នក​គ្រប់គ្រង​កីឡាករ ​ពុយ ​វណ្ណៈ ​​បាន​​ប្រាប់​​ថា​៖ «​ពុយ ​វណ្ណៈ ​ហាត់​ត្រៀម​បាន​ល្អ ​គឺ​ធានា​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ទី ​២ ​ដូច​គ្នា ​គឺ ​១០០ ​ភាគរយ»​៕