ភ្នំពេញ៖ អ្នកប្រដាល់ឆ្នើមជួរមុខទម្ងន់ស្រាល ៥១ គីឡូក្រាម ខាំ ខ្លានាង មកពីក្លិបរ៉ាហាប់ស្វាយប៉ាក និង សូត្រ ប៊ុនធី ជើងចាស់ខ្សែក្រវាត់ ២ ស្ថាប័ន របស់ក្លិបបក្សីស្លាបដែក សុទ្ធតែបានផ្តួលអ្នកប្រដាល់ថៃឲ្យសន្លប់ដូចគ្នា នៅលើសង្វៀនអាស៊ីអាគ្នេយ៍ កាលពីយប់ថ្ងៃអាទិត្យ ហើយលទ្ធផលដ៏ល្អនេះ ទំនងដូចជាការសាងថ្វីដៃ ឬការសន្សំក្រេឌីតសមត្ថភាពសម្រាប់តម្លៃខ្លួនដើមឆ្នាំ ២០២០ ផងដែរ។
នៅក្នុងទម្ងន់ ៥១ គីឡូក្រាម ខាំ ខ្លានាង ហាក់បីដូចជាគ្មានដៃគូស័ក្តិសមនោះទេ នៅក្នុងស្រុក ព្រោះមួយរយៈចុងក្រោយនេះ កីឡាករមាឌល្អិតចិត្តធំ ខ្លានាង មិនដែលចាញ់នោះទេ។ ចំណែកការប្រកួតកាលពីថ្ងៃអាទិត្យនោះ ខ្លានាង បានផ្តួលកីឡាករជើងចាស់របស់ថៃ La Fan ឲ្យសន្លប់យ៉ាងលឿនបំផុតក្នុងដើមទឹកទី ១ ប៉ុណ្ណោះ។
បន្ទាប់ពីស្នូរជួងបន្លឺឡើង ខាំ ខ្លានាង និង La Fan បានវាយសម្រុកគ្នា ដោយក្បាច់ទាត់ និងប្តូរកែងគ្នា ដោយគ្មានស្ទាបស្ទង់កម្លាំង ឬស្នៀតក្បាច់អ្វីនោះឡើយ ហើយស្នៀតកែងរបស់ ខ្លានាង វាយចូលគោលដៅច្រើនជាង។ ស្របពេលដែលពួកគេកំពុងតែផ្សងសំណាងយកឈ្នះរៀងៗខ្លួន មិនគិតពីបច្ចេកទេសដូចគ្នា គឺវ៉ៃប្តូរគ្មានឈប់នោះ កែងស្តាំរបស់ ខាំ ខ្លានាង វាយចូលគុម្ពថ្គាមរបស់ La Fan បណ្តាលឲ្យដួលសន្លប់ធំតែម្តង។
ការទទួលបានជ័យជម្នះដ៏រហ័សនេះ នាំឲ្យ ខាំ ខ្លានាង ឈ្នះយ៉ាងលឿន និងទទួលបានការគាំទ្រខ្លាំងពីមហាជន។ លោក បឺត សំខាន់ គ្រូបង្វឹក ខាំ ខ្លានាង បាននិយាយថា៖ «ក្នុងទម្ងន់ស្រាលត្រឹម ៥១ គីឡូក្រាមនេះ ខាំ ខ្លានាង ពិតជាលំបាករកដៃគូប្រកួត ក្នុងស្រុកណាស់ ហើយបើប៉ះថៃវិញ ក៏កម្រចាញ់ដែរ គឺភាគច្រើនឈ្នះសឹងតែ ៩០ ភាគរយ។ ទោះជាយ៉ាងនេះក្តី នៅក្នុងទម្ងន់ស្រាលបែបនេះ តម្លៃខ្លួនមិនទាន់បានប្រសើរដូចគេនៅឡើយទេ»។
ចំណែក សូត្រ ប៊ុនធី ដែលប៉ះជាមួយជើងខ្លាំង Fa Nemith ក៏បានសាងស្នាដៃបានល្អក្នុងដើមឆ្នាំ ២០២០ នេះផងដែរ ខណៈដែលការប្រកួតរបស់ ប៊ុនធី កាន់តែល្អឡើងៗ។ សូត្រ ប៊ុនធី ចាញ់ប្រៀប Fa Nemith នៅទឹកទី ១ និងទឹកទី ២ ដោយស្នៀតជង្គង់ ប៉ុន្តែនៅទឹកទី ៣ ប៊ុនធី បានប្រមូលថាមពលចាប់ឱបឡើងក្បាច់ជង្គង់បានល្អវិញ និងប្រើស្នៀតកែង បន្ថែមដោយកណ្តាប់ដៃ ព្រមទាំងរុញផ្តួលឲ្យ Fa Nemith វង្វេងវង្វាន់ នាំឲ្យអាជ្ញាកណ្តាលរាប់ចំនួន ៨ ទៅលើកីឡាករថៃ។
ទោះជាយ៉ាងនេះក្តី កីឡាករថៃរូបនេះ មិនព្រមចុះចាញ់ងាយៗនោះទេ ដោយរូបគេបានប្រឹងវាយបកមកវិញក្នុងទឹកទី ៤ ធ្វើឲ្យ សូត្រ ប៊ុនធី ចង់យ៉ាប់ម្តងៗផងដែរ។ ប៉ុន្តែក្នុងពេលដែលកីឡាករថៃស្រុតកម្លាំងផងនោះ សូត្រ ប៊ុនធី បានចាប់ឱបប្តូរក្បាច់ជង្គង់ និងបានរុញផ្តួលធ្វើឲ្យ Fa Nemith ដួលទាំងមានរបួសជើងងើបលែងរួច ហើយជ័យជម្នះបានទៅលើ ប៊ុនធី ត្រឹមទឹកទី ៤។
លោក សួន ប៊ុនសូត្រ គ្រូបង្វឹក សូត្រ ប៊ុនធី ប្រាប់ថា៖ «ប៊ុនធី ហ្វឹកហាត់បានល្អ ហើយរហូតដល់ខែកុម្ភៈ គេបានជាប់កិច្ចសន្យាអស់ហើយ ក្នុងតម្លៃខ្លួនប្រសើរជាងមុន គឺទាបបំផុតក៏ ៤០០ ដុល្លារដែរ នៅក្នុងស្រុក ចំណែកចេញក្រៅប្រទេស គឺច្រើនជាងនេះ។ប៊ុនធី ជាប់កិច្ចសន្យាអស់ ដូចជានៅសង្វៀនថោន Mas Fight នាថ្ងៃទី ២៦ ខែមករា និងសង្វៀនប៉ុស្តិ៍លេខ ៥ នៅថ្ងៃ ១៥ ខែកុម្ភៈ ហើយក្នុងនោះ ប៊ុនធី ក៏ត្រៀមសម្រាប់ការប្រកួតនៅសង្វៀនក្រៅប្រទេសផងដែរ»៕