ភ្នំពេញ: កីឡាករ​សូត្រ ប៊ុន​ធី បាន​បន្ត​ឈ្នះ​កីឡាករ​ថៃ Phat Ngenthon ដោយ​ពិន្ទុ ដើម្បី​ទទួល​បាន ៣ ពិន្ទុ​បន្ថែម និង​ដើម្បី​ឈរ​ក្នុង​លំដាប់​កំពូល​តារាង​បណ្តោះ​អាសន្ន នៅ​ខាង​ពូល​កីឡាករ​កម្ពុជា ក្នុង​ការ​ប្រកួត​ជម្រុះ​វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦០ គីឡូក្រាម កាល​ពី​ថ្ងៃ​សៅរ៍។ ជាមួយ​គ្នា​នេះ កីឡាករ​កម្ពុជា​ម្នាក់​ទៀត​ដែល​លេង​ក្នុង​ខ្សែក្រវាត់​នេះ​ដែរ លី ភា មក​ពី​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង បាន​បោះ​បង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី ៣ ក្រោយ​កីឡាករ​ថៃ Phat Maha បាន​ទាត់​ឲ្យ​ខូច​ជើង​ក្រោម​ក្នុងការ​ប្រកួត​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍។

នៅ​សង្វៀន​ប្រដាល់​ជាមួយគ្នានេះដែរ ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ​នៃ​ពានរង្វាន់​មួយ​ទៀត​គឺ Ganzberg ទម្ងន់ ៦៥ គីឡូក្រាម​កាល​ពី​យប់​សៅរ៍ ដើម្បី​ដណ្តើម​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​កីឡាករ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា អ៊ុំ វណ្ណេត មក​ពី​ក្លិប​ព្រែក​ឯង​កីឡា និង​កីឡាករ​មាស សុជាតិ មក​ពី​ក្លិប​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍សាត់ បាន​វាយ​គ្នា​អស់​ពី​សមត្ថភាព ហើយ​លទ្ធផល​បាន​លើ វណ្ណេត ជា​អ្នក​ឈ្នះ និង​បាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ទឹក​ប្រាក់ ២៥០០ ដុល្លារ។

ការប្រកួត​របស់​សូត្រ ប៊ុន​ធី មកពី​បក្សី​ស្លាប​ដែក​លើក​នេះ​ជាមួយ​កីឡាករ​ថៃ Phat Ngenthon មាន​លក្ខណៈ​តឹង​តែង និង​ស្វិត​ស្វាញ​បំផុត។

ការតស៊ូ​ដណ្តើម​ពិន្ទុ​គ្នា​ក្នុង​រយៈពេល​ត្រឹម៣ទឹក​ដំបូង គេ​មិនទាន់​មើលឃើញ​ពី​ខាង​ណា​មាន​ប្រៀប​ពិន្ទុ​នាំ​មុខ​នៅ​ឡើយ ស្រប​ពេល​ដែល​ក្បាច់​ប្រយុទ្ធ​របស់​អ្នក​ប្រដាល់​ទាំង ២ មាន​គ្រប់​ស្នៀត និង​ល្បិចកល​ដូចគ្នា ទាំង​ស្នៀត កែង ជង្គង់ និង​ទាត់​គ្រប់​ទម្រង់ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត​បំផុត។

លុះ​ការប្រកួត​បាន​ឈានចូល​ដល់​ទឹក​ទី ៤ និង​ទឹក​ទី ៥ ទើប​គេ​មើលឃើញថា កីឡាករ​សូត្រ ប៊ុនធី មាន​ប្រៀប​នាំមុខ​ច្រើន​ជាង។ ចប់​ការ​ប្រកួត​ចំនួន ៥ ទឹក​ពេញ គណៈ​វិនិច្ឆ័យ​បាន​ប្រកាស​ពិន្ទុ​ពី​សំណាក់​ចៅក្រម​ចំនួន ៥ នាក់ ដើម្បី​ផ្តល់​ពិន្ទុ​ឲ្យ​សូត្រ ប៊ុន​ធី ឈ្នះ​ជា​ឯកច្ឆន្ទ ពោល​គឺ ៥ ទល់ ០។

គូ​ប្រដាល់​ខ្សែក្រវាត់​មួយគូ​ទៀត កីឡាករ​លី ភា បាន​ចាញ់​កីឡាករ​ថៃ Phat Maha ត្រឹម​ទឹក​ទី ៣ ប៉ុណ្ណោះ ដោយ​គ្មាន​លទ្ធភាព​តដៃ ស្រប​ពេល​ដែល​កីឡាករ​ថៃ​ទាត់​សន្ធាប់ ដែល​បង្ខំ​ឲ្យ​មាន​បញ្ហា​ជើង​ក្រោម ហើយ​អាជ្ញា​កណ្តាល​បញ្ឈប់​តែម្តង។ ក្រោយ​ពី​ការ​ប្រកួត​នេះ ក្នុង​ពូល​កីឡាករ​កម្ពុជា សូត្រ ប៊ុនធី បាន​ឈ្នះ ២ ប្រកួត មាន ៦ ពិន្ទុ ឈរ​ក្នុង​លំដាប់​លេខ ១ ជា​បណ្តោះ​អាសន្ន ចំណែក​កីឡាករ​ថៃ​ចំនួន ៤ នាក់​ដែល​ប្រកួត ៣ សប្តាហ៍​កន្លង​មក ទើប​តែ​មាន​កីឡាករ Phat Maha ប៉ុណ្ណោះ ដែល​បាន​ឈ្នះ​ម្តង ខណៈ​មិត្ត​រួម​ជាតិ​ថៃ​ដូចគ្នា​ចាញ់​ទាំង​អស់។ ក្នុងការ​ប្រកួត​គូ​មិត្តភាព ១ គូ​ទៀត កីឡាករ​ជើង​ថ្មី​ឯម ឡេងលី មក​ពី​ក្លិប​ថ្មគោល​ពោធិ៍​សែនជ័យ បាន​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង Super Chhai ម្ចាស់​ខ្សែ​ក្រវាត់​ទៅ​វិញ៕