ភ្នំពេញ: ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦០ គីឡូក្រាម​របស់​សង្វៀន​អាស៊ី​អាគ្នេយ៍ បាន​រក​ឃើញ​ជើង​ខ្លាំង ២ នាក់ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ក្រោយ​ពី​សូត្រ ប៊ុនធី និង​កីឡាករ Phat Thana បាន​បញ្ចប់​ដោយ​ឈរ​លេខ ១ ក្នុង​ពូល​កីឡាករ​កម្ពុជា និង​ថៃ​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ និង​ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លារ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ខាង​មុខ។

សូត្រ ប៊ុន​ធី មកពី​ក្លិប​បក្សី​ស្លាប​ដែក​នៃ​សមាគម​ប្រដាល់​ក្រសួងមហាផ្ទៃ មួយរយៈ​នេះ​ប្រកួត​បាន​ល្អ ដោយ​ឈ្នះ​ជានិច្ច។ ក្នុង​អំឡុង​ប្រកួត​វគ្គ​ជម្រុះ​ចំនួន ៤ ប្រកួត​ជាមួយ​កីឡាករ​ថៃ ៤ នាក់ សូត្រ ប៊ុនធី ធ្វើ​បាន​ល្អ ពោល​គឺ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ ២ នាក់ និង​ផ្តួល​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ១ ចំនួន ២ នាក់ ក្រោយ​ពី​បាន​ផ្តួល​កីឡាករ​ថៃ Phat Chhayakphoum កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

ជ័យជម្នះ​របស់​កីឡាករ​សូត្រ ប៊ុន​ធី ចំនួន ៤ ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ ជួយ​ឲ្យ​គេ​មាន ១២ ពិន្ទុ​ពេញ និង​គ្រប់​គ្រាន់​បាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​កីឡាករ​សុខ សាវិន មក​ពី​ក្លិប​ឆ្មា​ស​សែន​ជ័យ បាន​ធ្លាក់​ចេញ​ដោយ​សារ​តែ ៤ ប្រកួត​ជាមួយ​ថៃ​ដូច​គ្នា​ឈ្នះ ៣ លើក និង​ចាញ់ ១ លើក​មាន​តែ ១០ ពិន្ទុ​ប៉ុណ្ណោះ។

កីឡាករ​ថៃ​ចំនួន ៤ នាក់​ក្នុង​ពូល B មានតែ​កីឡាករ PhatThana ម្នាក់​ប៉ុណ្ណោះ​ដែល​មាន ១០ ពិន្ទុ តាមរយៈ​ការ​ឈ្នះ ៣ និង​ចាញ់ ១ លើក ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាករ​កម្ពុជា​ប៊ុនធី និង​ដើម្បី​ដណ្តើម​យក​ខ្សែក្រវាត់ ក៏​ដូចជា​ទឹក​ប្រាក់ ៥០០០ ដុល្លារ​អាមេរិក។

សូត្រ ប៊ុន​ធី បាន​និយាយ​ក្រោយ​ប្រកួត​ថា៖ «ការ​ផ្តួល​ឲ្យ​ថៃ​សន្លប់​យ៉ាង​លឿន​នេះ ខ្ញុំ​ក៏​ប៉ាន់​ស្មាន​មិន​ដឹង​ដែរ ដោយ​ក្នុង​ឱកាស​ដែល​ចាប់​បាន​ឡើង​ជង្គង់​នោះ ខ្ញុំ​បាន​កាច់​បួង​ឡើង​ជង្គង់​ស្តាំ​ចូល​ចំ​ក្តោង​ច្រមុះ​បណ្តាល​ឲ្យ​ថៃ​សន្លប់​ធំ​តែ​ម្តង​ទៅ»។

ប៊ុន​ធី បាន​បន្តថា៖ «ខ្ញុំ​បាន​គិតថា នៅសល់​ការប្រកួត​ផ្តាច់ព្រ័ត្រ ១ លើក​ទៀត​ទើប​ដឹងថា ខ្សែ​ក្រវាត់ និង​ប្រាក់​ចំនួន ៥០០០ ដុល្លា​ជា​របស់​គេ ឬ​ខ្ញុំ»។

ទោះជា​យ៉ាងណា ប៊ុន​ធី បានបង្ហាញ​ពី​ការសង្ឃឹម​ច្បាស់​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ខ្សែ​ក្រវាត់​នេះ ៨០ ភាគរយ»។

លោក​សួន ប៊ុន​សូត្រ ជា​គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត បាន​និយាយថា៖ «ខ្ញុំ​នឹង​ប្រឹង​បង្វឹក និង​ថែទាំ​សុខភាព​ប៊ុនធី ឲ្យ​បាន​ល្អ​ដើម្បី​ត្រៀម​ការ​ប្រកួត​នេះ​ឲ្យ​បាន​ល្អ ឈាន​ទៅ​យក​ខ្សែ​ក្រវាត់​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម​នេះ​ឲ្យ​បាន»។

លោកគ្រូ​បង្វឹក​សួន ប៊ុន​សូត្រ បាន​បន្ថែមថា៖ «យើង​មិនអាច​ធ្វេសប្រហែស​បានទេ​ពីព្រោះ​ជា​ឱកាស​មាស ហើយ​ជីវភាព​ក្នុង​គ្រួសារ​ទាំង​មូល​គឺ​ពឹង​ផ្អែក​លើ​មុខរបរ​ប្រដាល់​ទាំង​អស់»។

សូត្រ ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ១១៥ លើក ឈ្នះ ៩១ លើក ចាញ់ ២០ លើក និង​ស្មើ ៤ លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន ២៥ លើក៕