ភ្នំពេញ៖ ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​រក្សា​ការពារ​បញ្ហា​ជំងឺ​ឆ្លង​កូវីដ ១៩ និង​បន្ថយ​ការ​ជួបជុំ​គ្នា​ច្រើន ក្នុង​ការ​ហ្វឹកហាត់ ប៉ុន្តែ​ចំពោះ​ក្លិប​បក្សី​ស្លាប​ដែក​របស់​លោក​គ្រូបង្វឹក សួន ប៊ុនសូត្រ មិន​អាច​បិទ​បាន​ទេ ព្រោះ​ការ​ហ្វឹកហាត់​ពេល​នេះ គ្មាន​កីឡាករ​ណា​ក្រៅ​ពី​​កូន​បង្កើត​របស់​លោក​ទាំង ៤ នោះ​ទេ ពោល​គឺ​ការ​ហ្វឹកហាត់​ហូប​ចុក ស្នាក់នៅ ក្នុង​ដំបូល​ផ្ទះ​តែ​មួយ គ្មាន​អ្នក​ដទៃ​ឡើយ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស គឺ​នៅ​សប្តាហ៍​នេះ កូន​របស់​គាត់​ទាំង ៤ នាក់ សុទ្ធ​តែ​ត្រូវ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន CNC ដូច​គ្នា។

លោក សួន ប៊ុនសូត្រ ជា​គ្រូបង្វឹក និង​ជា​ម្ចាស់​ក្លិប​បក្សី​ស្លាប​ដែក​ផ្ទាល់ ដោយ​មាន​ប្រពន្ធ និង​កូន​ទាំង​អស់ ជា​អ្នក​ហាត់ និង​ឡើង​ប្រដាល់​ជា​មុខ​របរ​តែ ១ គត់ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ ក្លិប​របស់​លោក​គ្មាន​កីឡាករ​ណា​ម្នាក់​នៅ​ហ្វឹកហាត់ ក្រៅ​ពី​កូន​ទាំង ៤ នាក់​របស់​គាត់​នោះ​ឡើយ ខណៈ​ដែល​ទីផ្សារ​ប្រកួត​របស់​កូន​គាត់​ទាំង ៤ នាក់​នេះ កំពុង​ពេញ​និយម​ខ្លាំង ព្រោះ​សមត្ថភាព និង​ក្បាច់​គុន​របស់​ពួក​គេ សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​លំដាប់​ជួរ​មុខ​ទាំង​អស់។

អតីតកាល​របស់​លោក សួន ប៊ុនសូត្រ មិន​ធ្លាប់​មាន​បទពិសោធ​ជា​កីឡាករ​ល្អ​ឆ្នើម ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នោះ​ឡើយ ប៉ុន្តែ​គាត់​បាន​បង្វឹក​កូនៗ​ទាំង ៤ នាក់ ​រួម​មាន សូត្រ ប៊ុនធី, សូត្រ ខេវិន, សូត្រ វាសនា និង ​សូត្រ សុខឃីម ឱ្យ​ក្លាយជា​កីឡាករ​មាន​សមត្ថភាព​ល្អ​លំដាប់​ជួរ​មុខ ព្រមទាំង​អាច​រក​បាន​ប្រាក់​ចំណូល​ពី​ប្រកួត​នេះ ច្រើន​គួរ​សម គឺ​អាច​ទ្រទ្រង់​ជីវភាព​បាន​យ៉ាង​ល្អ​ប្រសើរ និង​មាន​ផ្ទះ​សំបែង​ផ្ទាល់​ខ្លួន​ទៀត​ផង។

លោក សួន ប៊ុនសូត្រ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា៖ «ខ្ញុំ​មិន​ធ្លាប់​ជា​កីឡាករ​ឆ្នើម​នោះ​ទេ គឺ​ក្នុង ១ ជីវិត​របស់​ខ្ញុំ ធ្លាប់​បាន​ប្រកួត​ប្រដាល់​សកល​ត្រឹម ៣ លើក ដោយ​ឈ្នះ ១ និង​ចាញ់ ២ ដង ប៉ុន្តែ​ខ្ញុំ​ភាគ​ច្រើន​ដើរ​ជាមួយ​អ្នក​ប្រដាល់​ល្បីៗ​មួយ​ចំនួន។ សម្រាប់​បញ្ហា​កូវីដ ១៩ កំពុង​រាតត្បាត​ក៏​ខ្ញុំ​មិន​អាច​បិទ​ក្លិប​បាន​ដែរ ព្រោះ​ក្នុង​ក្លិប​ទាំង​មូល​មាន​តែ​កូន ប្រពន្ធ និង​ខ្ញុំ​ផ្ទាល់​ប៉ុណ្ណឹង គ្មាន​អ្នកណា​ក្រៅ មក​ហាត់​ទៀត​ឡើយ»។

លោក​បាន​បន្ត​ថា៖ «កូនៗ​របស់​ខ្ញុំ មាន​សេវា​ប្រកួត​ជា​ប្រចាំ គឺ​មិន​លំបាក​ស្វែងរក​សង្វៀន​ប្រកួត​នោះ​ទេ ព្រោះ​ពួក​គេ​មាន​សមត្ថភាព​ល្អ ហ្វឹកហាត់​ល្អ ជា​ប្រចាំ ហើយ​ប្រាក់​ចំណូល​បាន​មក​ពី​តម្លៃ​ខ្លួន​ប្រកួត​វិញ គឺ​កាន់​តែ​ប្រសើរ​អាច​គ្រប់គ្រង​ជីវភាព​បាន​ល្អ​សមរម្យ។ កូន​ដែល​ល្អ​ជាង​គេ​ក្នុង​កម្រិត​គូ​ឯក​គឺ សូត្រ ប៊ុនធី ទម្ងន់ ៦៣,៥ គីឡូក្រាម ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ២ ស្ថាប័ន និង​ទទួល​បាន​ក្របខ័ណ្ឌ​ប៉ូលិស​យូរ​ហើយ ឯ​កូន​ទី២ សូត្រ ខេវិន លំដាប់​ល្អ​បន្ទាប់ ដោយ​ធ្លាប់​ទទួល​បាន​ត្រឹម​ជើងឯក​រង​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម ចំណែក​កូន​ទី៣ សូត្រ វាសនា មាន​ទម្ងន់ ៦០ គីឡូក្រាម និង​កូន​ទី៤ ជា​កូនពៅ សូត្រ សុខឃីម មាន​ទម្ងន់ ៥៤ គីឡូក្រាម ធ្លាប់​ជាប់​ជា​ជម្រើសជាតិ​ថ្នាល​ចំនួន ២ ឆ្នាំ»។

លោក សួន ប៊ុនសូត្រ បាន​បញ្ជាក់​ថា៖ «ការ​គ្រប់គ្រង​ហ្វឹកហាត់​បាន​ល្អ និង​ធ្វើ​ឱ្យ​កូនៗ​មាន​សមត្ថភាព​ល្អ​បែប​នេះ គឺ​ខ្ញុំ និង​ប្រពន្ធ គ្រប់គ្រង​ផ្ទាល់ ដាក់​វិន័យ​តឹងតែង ខណៈដែល​មុខ​របរ​នេះ គឺ​រួមគ្នា​ជួយ​គ្នា​ទាំង​អស់ គ្មាន​មុខរបរ​ក្រៅ​ពី​នេះ​ឡើយ។ នៅ​សប្តាហ៍​នេះ ពួក​គេ​ចេញ​ប្រកួត​ទាំង ៤ នាក់ គឺ សូត្រ ប៊ុនធី ត្រូវ​ប្រកួត​សងសឹក​ជាមួយ លន បញ្ញា រីឯ សូត្រ ខេវិន ត្រូវ​ជួប សេក គឹមរួន ខណៈ សូត្រ វាសនា ប៉ះ ពុទ្ធ ពិឃាត (ទេស ជីវ៉ា) ហើយ សូត្រ សុខឃីម ប្រកួត​នឹង សេក ពិសិដ្ឋ»៕