ភ្នំពេញ: កីឡាករ​ប្រដាល់​កម្ពុជា​ឈុត សេរី​វ៉ាន់​ថង ក្លិប​រាហូ​កីឡា​ខេត្ត​បាត់ដំបង នឹង​ត្រូវ​ជួប​អ្នក​ប្រដាល់​ថៃ Theap Kao ហើយ​កីឡាករ​តាញ់ មករា ក្លិប​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ នឹង​ប៉ះ​កីឡាករ​ប្រដាល់​ថៃ Phach Yaksou ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក Carabao រដូវ​កាល​ទី ៦ ទម្ងន់ ៥៧ គីឡូក្រាម នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ (SEATV) នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី ៩ ខែ​មិថុនា ឆ្នាំ ២០១៨ ដែល​ជា​ការ​ប្រកួត​សប្តាហ៍​ទី ២។

វា​ជាការ​ប្រកួត​សប្តាហ៍​ទី ២ ប៉ុន្តែ ស្ថិតក្នុង​ជុំ​ទី ១ របស់​ឈុត សេរី​វ៉ាន់​ថង និង​កីឡាករ​ថៃ Theap Kao ដែល​ពួកគេ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ទាំង​មាឌ ទាំង​កម្ពស់ និង​បទ​ពិសោធ​លើក​សង្វៀន​ប្រកួត​ក្នុង​នោះ ដោយ សេរី​វ៉ាន់ថង មាន​កម្ពស់ ១,៦៨ ម៉ែត្រ ខណៈ Theap Kao គេ​មាន​កម្ពស់ ១,៦៧ ម៉ែត្រ។

បើ​និយាយ​ពីបទ​ពិសោធ​ប្រកួត​វិញ កីឡាករ​ថៃ Theap Kao ធ្លាប់​ប្រកួត​បាន​ចំនួន ៥៧ លើក ឈ្នះ ៥០ លើក និង​ចាញ់ ៧ លើក មិន​ដែល​ស្មើ ខណៈ​ដែល​កីឡាករ ឈុត សេរីវ៉ាន់ថង ធ្លាប់​ប្រកួត​បាន ៥៤ លើក ឈ្នះ ៤៧ លើក ចាញ់ ៦ លើក និង​ស្មើ ១ លើក។

ការប្រកួត​ចុងក្រោយ​របស់ ឈុត សេរី​វ៉ាន់​ថង កាលពី​ថ្ងៃទី ៤ ខែ​មិថុនា ឆ្នាំ ២០១៨ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ បាន​ចាញ់​កីឡាករ​សុខ ធី នៅ​វគ្គ ផ្តាច់ព្រ័ត្រ​ក្រោម​មតិ​មហាជន​ថា​អយុត្តិធម៌។

ឈុត សេរី​វ៉ាន់​ថង បាន​និយាយថា៖ «ខ្ញុំ​ប្រកួត​ម្តងៗ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ប៉ុន្តែ ការ​ចាញ់ ឬ​ឈ្នះ​គឺ​ស្រេច​លើ​គណៈ​កម្មការ។ ការ​ប្រកួត​ជាមួយ​ថៃ​សប្តាហ៍​នេះ ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ ៩០ ភាគរយ»។

ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​តា​ញ់ មករា (ធន មករា) មកពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាករ​ថៃ Phach Yaksou ដែល​ជា​ជើង​ថ្មី​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះ​ទេ។

កីឡាករ​តា​ញ់ មករា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដែល​ទើបតែ​ឈ្នះ​ខ្សែក្រវាត់​ថ្មីៗ​ពី​សង្វៀន ប៉ុស្តិ៍ លេខ ៥ ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម មាន​របៀប​វាយ​ខ្លាំង​ល្អ រហ័ស​រហួន ហើយ​ទឹកចិត្ត​ប្រកួត​របស់​គេ​ធំ​ណាស់។

កីឡាករ​តា​ញ់ មករា ធ្លាប់​ប្រកួត​បាន​ចំនួន ៤៩ លើក ឈ្នះ ៤៣ លើក ចាញ់ ៤ លើក និង​ស្មើ ២ លើក ដោយ​ប្រកួត​ចុង​ក្រោយ​ក្នុង​កីឡា​ជាតិ​កាល​ពី​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ ២០១៨ បាន​បញ្ចប់​ដោយ​ចាញ់​ពិន្ទុ​កីឡាករ​សុខ ធី ទាំង​ប្រផិត​ប្រផើយ។

ចំណែក Phach Yaksou ជា​ដៃគូ​វិញ ប្រកួត​បាន​ចំនួន ៦០ លើក ឈ្នះ ៤៩ លើក ចាញ់ ១០ លើក និង​ស្មើ​ពិន្ទុ ១ លើក ហើយ Phach Yaksou ត្រូវ​បាន​គេ​ទស្សន៍​ទាយ​ថា អាច​យ៉ាប់​ជាមួយ ធន មករា។

លោក​ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​និយាយថា៖ «សមត្ថភាព​របស់​កីឡាករ​ថៃ Phach Yaksou ជាមួយ​តាញ់ មករា នេះ​មិន​អាច​ទស្សន៍​ទាយ​ពី​លទ្ធផល​មុន​ប្រកួត​បាន​ទេ ពី​ព្រោះ​ជា​កីឡាករ​វ័យ​ក្មេង​ដូចគ្នា មាន​កម្លាំង​រឹង​មាំ មិន​ងាយ​សន្លប់​ដូចគ្នា។ ភាគរយ​នៃ​ជ័យ​ជម្នះ ខ្ញុំ​ជឿ​ថា តាញ់ មករា មាន​លទ្ធភាព​ឈ្នះ​ច្រើន​ជាង»៕