
សកម្មភាពប្រណាំងសេះក្នុងស្រុក ប្រចាំខែកក្កដា ពីថ្ងៃអាទិត្យ។ សហការី
ភ្នំពេញៈ សេះកម្រិតស្តង់ដារអន្តរជាតិ ដែលបានឃ្លាតឆ្ងាយពីទីលានប្រកួត SCT Sport Complex របស់ 7NG ជិត ១ ឆ្នាំមកហើយនោះ ត្រូវបានគណៈកម្មការរៀបចំឲ្យមានការប្រកួតជាថ្មី ក្នុងព្រឹត្តិការណ៍ប្រណាំងសេះ Smart Land and Home Champion រដូវកាលទី ៣ ឆ្នាំ ២០១៨ នៅលើទឹកដីវិហារសួគ៌ កាលពីថ្ងៃអាទិត្យ ហើយសេះក្នុងស្រុកឈរនៅ ២ ពូលផ្សេងទៀត ក៏ត្រូវបានដាក់ឲ្យប្រកួតគ្នាផងដែរ។
បើទោះបីជា ការប្រកួតប្រចាំខែកក្កដានេះ មានសេះស្តង់ដារអន្តរជាតិក្នុងពូល A ត្រឹម ៥ ក្បាល ប៉ុន្តែលោក អឿន សុផល គណៈកម្មការបច្ចេកទេសនៃព្រឹត្តិការណ៍ Smart Land and Home Champions នេះបានអះអាងថា ការប្រកួតនៅខែក្រោយៗទៀតនឹងមានដាក់សេះពូល A កាន់តែច្រើន។
លោក អឿន សុផល បានប្រាប់ថា ការដាក់ឲ្យមានការប្រកួតឡើងវិញសេះពូល A ដែលសុទ្ធតែជាសេះលំដាប់កំពូលនាំចូលពីបរទេសនេះ បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រនានា បន្ទាប់ពីយើងបានខកខានប្រកួតសេះពូល A នេះជាច្រើនខែកន្លងមក ប៉ុន្តែចាប់ពីខែនេះតទៅសេះអន្តរជាតិក្នុងពូល A នេះ នឹងត្រូវបន្តដាក់ឲ្យប្រកួតជាបន្តទៀត ដោយចែកចេញជា ៣ កម្រិតផ្សេងទៀត ដូចជាពូល A កម្រិត ១, ២ និងកម្រិត ៣ ជាដើម ដើម្បីឆ្ពោះទៅកាន់ការប្រកួតយកប្រាក់រង្វាន់ធំ ប្រចាំរដូវកាល នាខែធ្នូ ឆ្នាំ ២០១៨ ខាងមុខ។
តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញនោះសេះឈ្មោះ Belly ដែលបញ្ជាដោយកីឡាករ ពិសិត បានលេខ ១ ក្នុងពូល A ប្រចាំខែកក្កដានេះ ឯលេខ ២ បានទៅសេះឈ្មោះ Kenzo ដែលបញ្ជាដោយ រ៉ូប៊ី ហើយលេខ ៣ បានទៅសេះឈ្មោះ Carino បញ្ជាដោយ រស់ គ្រូចន។

សេះឈ្មោះ Belly និងអ្នកបញ្ជា គឺកីឡាករ ពិសិត បានឡើងទទួលយករង្វាន់ចំនួន ១,២ លានរៀល ចំពោះការឈ្នះតំណែងជើងឯក ការប្រណាំងសេះក្នុងពូលA។រូប សហការី
ដោយឡែកការប្រកួតសេះក្នុងស្រុកប្រចាំពូល D វិញ លេខ ១ បានទៅសេះឈ្មោះ ប្រុសប៉ាវ លេខ ២ បានទៅ អារ៉េ និងលេខ ៣ បានទៅសេះឈ្មោះ អាចេត។ ចំណែកការប្រកួតក្នុងពូល C គឺចំណាត់ថ្នាក់លេខ ១ បានទៅលើសេះឈ្មោះ NAVARA បញ្ជាដោយកីឡាករ យ៉ាន់ ពិសី លេខ ២ បានទៅ KK និងលេខ ៣ បានទៅសេះឈ្មោះ អាឆ្លាម៕