ភ្នំពេញ៖ ដោយមាន​បទពិសោធ​ជា​កម្មការិនី​លក់​ពលកម្ម និង​ហាត់​ប្រដាល់​តាំងពី​កុមារភាព កីឡាការិនី​ប្រដាល់​ឆ្នើម​មាន​ស្រុកកំណើត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ សៀវ អាន បាន​ចំណាយពេល​រស់នៅ​ប្រទេស​ថៃ និង​បាន​ឡើង​ប្រកួត​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៨ របស់​ថៃ​ក្រុង​បាងកក ហើយ​មានឈ្មោះ​ល្បីល្បាញ​គួរឱ្យ​មោទនភាព។

យ៉ាងណា​ក៏ដោយ​នៅពេលនេះ​កីឡាការិនី​ដ៏មាន​សក្តានុពល​ម្នាក់នេះ បាន​សម្រេច​លា​បញ្ឈប់​អាជីព​ប្រដាល់​នេះ​នៅ​ត្រឹម​អាយុ ១៨ ឆ្នាំ បន្ទាប់ពី​នាង​ស្វែងរក​ការចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​មិន​បាន ហើយ​ឪពុក​របស់​ សៀវ អាន ក៏បាន​ឯកភាព​ឱ្យ​ឈប់​ផងដែរ ដើម្បី​ចាប់​អាជីព​ថ្មី។

សៀវ អាន បាន​និយាយថា៖ «ខ្ញុំ​កំព្រាម្តាយ​តាំងពី​មិនទាន់​ស្គាល់មុខ ហើយ​ខ្ញុំ​មិនសូវ​បាន​រស់នៅ​ជាមួយ​លោកឪពុក​ ឬ​គ្រួសារ​ទេ ដោយសារ​តែ​ជីវភាព​ក្រលំបាក។ ឪពុក​ខ្ញុំ គាត់​មានកូន​ច្រើន​ជាមួយ​ប្រពន្ធក្រោយ ហេតុនេះ​ការរស់នៅ​របស់​ខ្ញុំ ជា​អ្នក​ប្រដាល់​ម្នាក់ ដើរ​ស៊ីឈ្នួល​ និង​ហាត់​ប្រដាល់​ជាច្រើន​កន្លែង មិន​សូវ​បាន​រៀនសូត្រ​ច្រើន​ទេ តែ​យ៉ាងណា​ខ្ញុំ​ចេះ​អាន និង​សរសេរ​បានខ្លះ»។

កីឡាការិនី សៀវ អាន បានសម្រេច​លាឈប់​ពី​អាជីព​ប្រដាល់ ត្រឹម​អាយុ ១៨ ឆ្នាំ។

ជុំវិញ​ប្រវត្តិ​ និង​ខ្សែជីវិត​ដ៏កម្សត់​ក្នុង​ជីវភាព​ជា​អ្នក​ប្រដាល់ សៀវ អាន បាន​បន្តថា៖ «ខ្ញុំ​ហ្វឹកហាត់​ប្រដាល់​ភាគច្រើន​នៅ​ប្រទេស​ថៃ ព្រោះ​មាន​ការងារ​ធ្វើ​ផង ហាត់​ប្រដាល់​ផង​ និង​បាន​ឡើង​ប្រកួត​ផង​បាន​ប្រាក់​ផ្ញើ​មកឱ្យ​ប្អូន​ផង។ ប៉ុន្តែ​ក្រោយពី​សង្វៀន​ប្រដាល់​នៅ​ថៃ បាន​បិទ​កម្មវិធី​ប្រកួត​ខ្លះ​ខ្ញុំ​ក៏បាន​វិល​មក​ខេត្តសៀមរាប និង​បាន​ចូល​ហាត់ខ្លះៗ​ជាមួយ​ក្លិប​ប្រដាល់​ទន្លេសាប​វិបុល ជាមួយ​លោកគ្រូ លុយ វិបុល និង​ហាត់​ជាមួយ​ក្លិប​មិស្ទ័រលី នៅ​ខេត្តសៀមរាប​ផងដែរ តែ​ខ្ញុំ​បាន​ប្រកួត​នៅ​ភ្នំពេញ​តែម្តង​គត់​ដោយ​បាន​ចាញ់​កីឡាការិនី​ជើង​ខ្លាំង ធន់ វិរៈពណ៌ ក្នុង​ទឹក​ទី ៣ នៅ​សង្វៀន​បាយ័ន»។

បន្ទាប់​វិលត្រឡប់​មកពី​ប្រទេស​ថៃ កីឡាការិនី សៀវ អាន កាលពី​អំឡុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ ២០២១ បាន​ស្វែងរក​ច្រក ដើម្បី​បាន​ចូល​ជា​ក្រុម​ជម្រើសជាតិ ទោះជា​គុន​ខ្មែរ,ឃីកបុកស៊ីង ឬ​ប្រដាលសកល​ក្តី​ក៏​ព្រម​ចូល​ដែរ ប៉ុន្តែ​ប្រភេទ​ទម្ងន់ ៤៩ ដល់ ៥២ គីឡូក្រាម​ដូច​រូបនាង មាន​ច្រើន​ទៅហើយ ធ្វើឱ្យ សៀវ អាន សម្រេចចិត្ត​លាឈប់​តែម្តង គឺ​ស្រប​ពេលដែល​ឪពុក​របស់​នាង​ឱ្យ​ឈប់​រកមុខ​របរ​ថ្មី​វិញ។

កីឡាការិនី​រូបនេះ​បាន​បញ្ជាក់ថា៖ «ខ្ញុំ​ធ្លាប់​ប្រកួត ២៧ ដង ចាញ់​តែ ៣ ដង​ទេ​ហើយ​ក្នុងនោះ​ខ្ញុំ​ហ្វឹកហាត់​ និង​បាន​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៨ របស់​ថៃ​បាន ៥ ដង ឈ្នះ​ទាំង ៥ ដង ធ្វើឱ្យ​ខ្ញុំ​មាន​ភាពល្បីល្បាញ​ណាស់ ដែល​តំណាង​ឱ្យ​កីឡាការិនី​កម្ពុជា ប៉ុន្តែ​ពេលនេះ​ឪពុក​ខ្ញុំ​បាន​ឱ្យ​ឈប់ ហើយ​ខ្ញុំ​សម្រេច​តាម​គាត់​ ដើម្បី​ចូលធ្វើការ​ឱ្យគេ​វិញ»។

ចំពោះ​ការសម្រេច​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​របស់​ សៀវ អាន នេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​និយាយថា៖ «ខ្ញុំ​សោកស្តាយ ដែល​គាត់​លាឈប់​តាម​គ្រួសារ។ នៅពេល​ខ្ញុំ​ទទួលដំណឹង​ថា កីឡាការិនី​រូបនេះ​ចង់​ចូល​ជម្រើសជាតិ ខ្ញុំ​បាន​លើក​គម្រោង​បែបបទ​ទៅ​សហព័ន្ធ​ និង​ថ្នាក់លើ​ដែរ​ព្រោះ​ឈ្មោះ​ជម្រើសជាតិ បាន​បញ្ជូន​ផុត​ទៅហើយ ដោយ​រង់ចាំ​ការសម្រេច​របស់​ថ្នាក់លើ​បន្ថែមទៀត។ ប៉ុន្តែ​គាត់​ក៏​អាច​ហាត់​ជា​កីឡាការិនី​បម្រុង​ក្នុង​ប្រភេទ​ទម្ងន់ ៤៩ ឬ ៥២ គីឡូក្រាម​បានដែរ តែ​ឥឡូវ​គាត់​សម្រេច​ឈប់ គឺ​ខ្ញុំ​មាន​ការសោកស្តាយ សមត្ថភាព​របស់គាត់»។

កីឡាការិនី សៀវ អាន បាន​បញ្ជាក់​ជាថ្មី​ថា នាង​មិន​វិល​មករក​មុខរបរ​ប្រដាល់​ទៀត​ទេ ព្រោះ​ចំណាយពេល​យូរហើយ ជិត ១៩ ឆ្នាំ​បានត្រឹមតែ​ឈឺខ្លួន​រក​អនាគត​មិន​ឃើញ​ទេ។ នាង​មាន​សមត្ថភាព​មិន​ក្រោម​គេ​ទេ ប៉ុន្តែ​គ្មាន​ខ្សែ ឬ​បក្ខពួក ពិតជា​មិនអាច​ទៅរួច​ឡើយ៕