ភ្នំពេញៈ អ្នក​លេង​កណ្តាប់ដៃ​ រឿង សោភ័ណ្ឌ ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​វិល​ពី​ប្រទេស​បារាំង​មក​ដល់​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃ​អាទិត្យ ដោយ​ស្ពាយ​ខ្សែក្រវាត់​ ២ និង​ពាន​ ១ ព្រម​ទាំង​បាន​ប្រាក់​ពី​ការប្រកួត​ច្រើន​គួរសម បន្ទាប់ពី​ឈ្នះ​ ៣ ​ប្រកួត​ជាប់ៗ​គ្នា​។

ទោះ​យ៉ាង​ណា រឿង សោភ័ណ្ឌ មិន​សង្ឃឹម​ទៅ​លើ​ប្រាក់​ឧបត្ថម្ភ​ចំនួន ​១៥០០ ​ដុល្លារ​ពី​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​គឺ លោក ពេជ្រ ស្រស់ ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​នឹង​ផ្តល់​ឲ្យ​រូប​គេ​ពេល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នោះ​ទេ​។

សោភ័ណ្ឌ បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​រំពឹង ឬ​ផ្តោតអារម្មណ៍​ខ្លាំង​ទៅ​លើ​លុយ​របស់​ប្រធាន​គណបក្ស​ដែល​ប្រកាស​តាម​ហ្វេសប៊ុក​នោះ​ទេ ព្រោះ​មិន​ដឹង​ថា​គាត់​ឲ្យ​ដោយ​ស្មោះ​សម្រាប់​ទ្រទ្រង់​កីឡា ឬ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​អ្វី​មួយ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ដំណឹង​ផ្លូវការ​នៅ​ឡើយ​ទេ​»​។

«​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​មាន​អ្នកណា​ហៅ ឬ​កំណត់​ឲ្យ​ទៅ​យក​លុយ​នៅ​ឡើយ​ទេ បើ​ទោះបី​ជា មិត្តភក្តិ ឬ​បណ្តាញ​ហ្វេសប៊ុក​នាំ​គ្នា​ផ្អើល​ថា ខ្ញុំ​ទទួល​បាន​លុយ​​ ១ ៥០០ ​ដុល្លារ​ភ្លាមៗ ក្រោយ​ពេល​ខ្ញុំ​ជាន់ដី​ស្រុក​ខ្មែរ​ក៏ដោយ គឺ​តាម​ពិត ខ្ញុំ​មិន​ទាន់​បាន​ទេ​»​។

រឿង សោភ័ណ្ឌ បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា​៖ «​ប្រសិន​បើ​ការផ្តល់​ប្រាក់​រង្វាន់​ ១៥០០ ​ដុល្លារ​នោះ​ជា​ការ​លើក​ទឹកចិត្ត​សម្រាប់​ខ្ញុំ ជា​កីឡាករ​គឺ​ខ្ញុំ​សូម​អរគុណ និង​ទទួល​យក​ដោយ​រីករាយ ប៉ុន្តែ​ក្នុង​ករណី​គេ​តម្រូវ​ឲ្យ​ខ្ញុំ​យក​លុយ​ជា​ថ្នូរ​ទៅ​នឹង​ការធ្វើ ឬ​បម្រើ​នយោបាយ​ណា​មួយ​ដែល​មិន​បម្រើ​ឆន្ទៈ​របស់​ខ្ញុំ​គឺ​ខ្ញុំ​មិន​ហ៊ាន​ទទួល​ទេ ព្រោះ​ខ្លាច​ខុស​ពី​ច្បាប់ ដោយសារ​កីឡា​មិន​បម្រើ​នយោបាយ​ទេ​»​។

ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ «​បញ្ហា​ប្រធាន​គណបក្ស​ណា​មួយ​ឧបត្ថម្ភ​កីឡាករ​ណា​ម្នាក់​ជា​សិទ្ធិ​របស់​គេ ហើយ​យើង​អបអរសាទរ​ព្រោះ​កីឡាករ​យើង​ទទួល​បាន ប៉ុន្តែ​ការផ្តល់​លុយ ដើម្បី​អូសទាញ​កីឡាករ ទិញ​ទឹក​ចិត្ត​បង្ខំ​ឲ្យ​ធ្វើ​តាម​អ្វី​មួយ​ដែល​ផ្ទុយ​ពី​ច្បាប់​កីឡា ឬ​យក​កីឡា ដើម្បី​ជា​ឈ្នាន់​នយោបាយ​ឃោសនា បោកប្រាស់ គឺ​មិន​គាំទ្រ​ទេ ហើយ​កីឡាករ​មិន​គួរ​នឹង​ទទួល​យក​ដែរ​»​។

លោក​បន្ថែម​ថា​៖ «​ជាង​ ២០ ​ឆ្នាំ​មក​ហើយ​ដែល​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ មាន​ការ​គាំទ្រ​ពី​វិស័យ​ឯកជន ធ្វើឲ្យ​មាន​ភាព​រីកចម្រើន មាន​ទីផ្សារ​ប្រកួត​បាន​ប្រាក់​តម្លៃ​ខ្លួន​សមរម្យ ដោយ​មិន​ទាន់​ដែល​ឃើញ​គណបក្ស​ណា​ជួយ​កីឡាករ​ទេ ប៉ុន្តែ​ពេល​ជិត​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨ ​នេះ​ស្រាប់​តែ​លេច​ដំណឹង​ព្រោងព្រាត​តាម​ហ្វេសប៊ុក​ឧបត្ថម្ភ​ដល់​កីឡាករ​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​ក្នុង​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​នោះ យើង​មិន​ទាន់​ដឹង​ទេ​។ បើ​ឧបត្ថម្ភ​ក្នុង​នាម​លើក​ស្ទួយ​វិស័យ​កីឡា​គឺ​ល្អ ប៉ុន្តែ​បើ​រឿង​ផ្សេង​ទៅ​ជា​នយោបាយ ខ្ញុំ​មិន​គាំទ្រ​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ដែរ​ថា​៖ «​ការឧបត្ថម្ភ​គាំទ្រ​កីឡា​គឺ​យើង​គាំទ្រ ប៉ុន្តែ​បើ​យក​ប្រិយភាព​របស់​កីឡាករ​ណា​ម្នាក់ ទៅ​ឃោសនា​ផ្សព្វផ្សាយ បញ្ហា​គណបក្ស​គឺ​មិន​ស្រប​ច្បាប់​ទេ​។ ហេតុ​នេះ​ខ្ញុំ​មាន​សង្ឃឹម និង​ជឿជាក់​ថា​អ្នក​ឧបត្ថម្ភ​ប្រាក់​ទៅ​កីឡាករ គេ​មិន​ប្រើប្រាស់​វេទិកា​កីឡា​នេះ បម្រើ​នយោបាយ​នោះ​ឡើយ​»​។

គួរ​រំឭក​ថា​សម្រាប់​ការចេញ​ទៅ​ប្រកួត​នៅ​បារាំង​ជិត​ ៣ ​ខែ​នេះ រឿង សោភ័ណ្ឌ បាន​ប្រកួត​ ៣ ​លើក​ដោយ​ឈ្នះ​ទាំងអស់ ហើយ​ទទួល​បាន​ខ្សែក្រវាត់​ ២ និង​ពាន​​ ១ ព្រមទាំង​ទទួល​បាន​ប្រាក់​ជាង​ ៣០០០ ​ដុល្លារ​។ ការ​ឈ្នះ​ខ្សែក្រវាត់​ ២ ​បន្ថែម​ទៀត​នេះ​ធ្វើឲ្យ រឿង សោភ័ណ្ឌ មាន​ខ្សែក្រវាត់​សរុប​ចំនួន​ ៨ និង​ពាន​ ៣ ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​របស់​គេ​ជាង​ ១០ ​ឆ្នាំ​នេះ​៕