ភ្នំពេញ៖ ​កីឡាករ​ជា​ពិធីករ​ប្រដាល់ ឡុង​ សុវណ្ណឌឿន​ ​នឹង​ត្រូវ​ប្រឈម​​ជាមួយ​អ្នក​លេង​កណ្តាប់​ដៃ​ឆ្វេង ​រឿង ​សោភ័ណ្ឌ​ នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​​ប្រាក់​លាន ប្រភេទ​ទម្ងន់ ​៧១ ​គីឡូក្រាម ​នៅ​លើ​សង្វៀន CNC នា​ព្រឹក​ថ្ងៃ​សៅរ៍ ប៉ុន្តែ​អ្នក​ទស្សនា​ភាគ​ច្រើន ​ហ៊ាន​​ទស្សន៍ទាយ​មុន​ថា ​ឡុង​សុវណ្ណឌឿន​ ទំនង​ត្រឹម​ឡើង​កំដរ​ប៉ុណ្ណោះ​ ព្រោះ​​​មិន​ដឹង​​ថា ​​មាន​ក្បាច់​អី​ទៅ​ប្រកួត​ឈ្នះ ​រឿង ​សោភ័ណ្ឌ​ នោះ​​ទេ​។

តាម​ប្រវត្តិ​ប្រកួត​កន្លង​មក ​ឡុង ​សុវណ្ណឌឿន​ ធ្លាប់​ចាញ់​ រឿង​ សោភ័ណ្ឌ​ នៅ​សង្វៀន CNC នេះ ​ក្នុង​​ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​វគ្គ​​​ពាក់​កណ្តាល​ផ្តាច់​ព័ត្រ​យ៉ាង​គ្រាំគ្រា ​ដោយ​បាន​ប្តូរ​កណ្តាប់​ដៃ​គ្នា​បាន​យ៉ាង​ល្អ ​ហើយ​បន្ទាប់​មក​ពួក​គេ​បាន​រាប់​អាន​គ្នា​ជា​បងប្អូន​ធម៌ ​នៅ​ក្រៅ​សង្វៀន​។​ ហេតុ​នេះ ​ការ​វិល​មក​ជួប​គ្នា​របស់​អ្នក​ទាំង ​២​ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា ​អាច​វ៉ៃ​​គ្នា​មិន​អស់​ពី​សមត្ថភាព ​ឬ​អាច​បន្ធូរ​ដៃ​ឲ្យ​គ្នា​។

ទោះបី​ជា​យ៉ាង​ណា រឿង​ សោភ័ណ្ឌ​ បាន​អះអាង​ថា​៖ «ការ​ប្រកួត​នេះ​ ខ្ញុំ​មិន​បន្ធូរ​ដៃ​ទេ​ គឺ​វ៉ៃ​អស់​ពី​សមត្ថភាព​ ​ព្រោះ​គេ​ឲ្យ​យើង​ឡើង​វ៉ៃ​គ្នា បាន​លុយ ​មិន​មែន​ឡើង​រាំ​ទេ​ ហើយ​​ខ្ញុំ​សង្ឃឹម​ឈ្នះ ​៩០ ​ភាគរយ ​ប៉ុន្តែ​លំបាក​ចូល​វ៉ៃ​ដែរ ព្រោះ​ ឡុង សវណ្ណឌឿន ខ្ពស់​ជាង​ និង​មាន​ក្បាច់​ជង្គង់​ល្អ​ ជា​អំណោយ​ផល​»។

សិស្ស​គណ​ក្លិប​មកុដ​រាជសីហ៍​រូប​នេះ បាន​បន្ថែម​ថា​៖ «ខ្ញុំ​ក៏​មិន​សូវ​បាន​ហាត់​ខ្លាំង​នោះ​ដែរ​ ​ព្រោះ​គ្មាន​ដៃ​គូ​ហ្វឹកហាត់​សម​កម្លាំង​ គឺ​ហាត់​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ​។​ ​ខ្ញុំ​រាប់​អាន​គាត់​ជា​បងប្អូន​ធម៌ ​ប៉ុន្តែ​អាជីព​លើ​សង្វៀន ​មិន​អាច​បន្ធូរ​បន្ថយ​កណ្តាប់​ដៃ​ទេ​ ​ព្រោះ​ជា​មុខ​របរ​យើង​ទៅ​ហើយ​»​។​

បន្ថែម​លើ​នេះ ​លោក​ គង់​ ចាន់​ធី​ណា​ គ្រូ​បង្វឹក ​រឿង​ សោភ័ណ្ឌ​ បាន​និយាយ​ថា​៖ «សោភ័ណ្ឌ ​​វ៉ៃ​មិន​ដែល​ចេះ​បន្ធូរ​ដៃ​ឲ្យ​គេ​ទេ​ បើ​វា​ផ្តាច់​បាន​ មិន​ចំណាយ​ពេល​យូរ​ឡើយ​។ ​សោភ័ណ្ឌ ​ហាត់​បាន​តិចតួច ​ដោយ​គ្មាន​គូឡាំ​ជាមួយ​ ​ព្រោះ​ខ្លាច​ឆ្លង​វីរុស​គ្នា​។​ ​ខ្ញុំ​គិត​ថា​ បើ​វ៉ៃ​គ្នា​អស់​ពី​លទ្ធភាព ​រឿង ​សោភ័ណ្ឌ​ មិនមែន​ស៊ី​ផុយ​ទេ​ ​ព្រោះ​ ឡុង ​សុវណ្ណឌឿន ​ល្អ​ក្បាច់​ជង្គង់ ​និង​មាន​កម្ពស់​ខ្ពស់​ល្អ​សម្រាប់​​ធាក់​ទប់ ​និង​ឱប​ឡើង​ជង្គង់​»។

ចំណែក​លោក ​ឡុង ​សាលវ័ន្ត ​គ្រូ​បង្វឹក ​សុវណ្ណឌឿន​ បាន​ទទួល​ស្គាល់​ថា​៖ «​កណ្តាប់​ដៃ​របស់​ រឿង​ សោភ័ណ្ឌ​ ធ្ងន់​ៗ ​ហើយ ​សុវណ្ណឌឿន​ ទំនង​គ្មាន​ឱកាស​ឈ្នះ​នោះ​ទេ​។​ ទោះ​យ៉ាង​ណា​ សុវណ្ណឌឿន ​ឡើង​ប្រកួត​មិន​ដែល​លាក់​ពុត​ទេ ​គឺ​វ៉ៃ​អស់​ពី​សមត្ថភាព ​និង​មាន​កម្ពស់​ល្អ ​អាច​មាន​លទ្ធភាព​វ៉ៃ​ជង្គង់​បាន​ប្រសើរ​ជាង»​។

លោក​ សាលវ័ន្ត បាន​បន្ថែម​ថា៖​ «ពេល​ជាប់​ឱប​ឡើង​ជង្គង់ ​ឡុង ​សុវណ្ណឌឿន ​មាន​ប្រៀប​ជាង​ ប៉ុន្តែ​ខ្លាច​ចាប់​ សោភ័ណ្ឌ​ ឱប​ឡើង​ជង្គង់​មិន​បាន ​គឺ​ចាញ់​ក្រោម​កណ្តាប់​ដៃ​ហើយ​​។ ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ ឡុង ​សាលវ័ន្ត​ បាន​បង្ហើប​ថា​៖ «​ឡុង​ សុវណ្ណឌឿន​ មិន​សូវ​បាន​ហ្វឹកហាត់​ទេ ព្រោះ​​ជាប់​រវល់​ការងារ​ច្រើន ​ហើយ​ខ្ញុំ​រំពឹង​ឈ្នះ​តិច​ណាស់»​។

ដោយ​ឡែក​ជើង​ខ្លាំង​វ័យ​ក្មេង ឡៅ ចិត្ត្រា ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន​ជាមួយ មឿន សុខហ៊ុច នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ ត្រូវ​បាន​លុប​ចោល​វិញ​ហើយ ព្រោះ​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង ឡៅ ស៊ីណាត ដែល​ជា​បង​ប្រុស​បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ ​«ចិត្ត្រា មិន​បាន​ប្រកួត​ទេ ព្រោះ​គេ​ជាប់​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​ទាហាន​ម្នាក់ ដែល​​គ្មាន​​ពេល​ហ្វឹកហាត់ ហេតុ​នេះ​យើង​មិន​អាច​ដាក់​ឲ្យ​គេ​ប្រកួត​បាន​ឡើយ»៕