ភ្នំពេញ៖ កីឡាករ ​តក់ ​សោភ័ណ្ឌ​ ​​​បាន​វិល​មក​កាន់​សង្វៀន​ជា​ថ្មី​នៅ​រសៀល​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​​រូប​គេ​បាន​ជួប​បរាជ័យ​ក្នុង​ការ​ងាក​ទៅ​ចាប់​របរ​លក់​ត្រី នៅ​ស្រុក​កំណើត​ ខេត្ត​ព្រៃវែង​នោះ ហើយ​ការ​វិល​មក​ប្រកួត​នៅ​លើ​សង្វៀន SEATV លើក​នេះ រូប​គេ​ត្រូវ​ប៉ះ​កីឡាករ​ជើង​ចាស់ លួន សុខខេង ក្នុង​ទម្ងន់ ​៧១ គីឡូក្រាម។

តក់ ​សោភ័ណ្ឌ​ បាន​ប្រាប់​កាលពី​ថ្ងៃ​ពុធ​​ថា​៖ «​ការ​ឃ្លាត​ពី​សង្វៀន​ប្រដាល់​​ជាង ​២ ​ឆ្នាំ​នេះ ខ្ញុំ​ទៅ​លក់​ត្រី​ នៅ​ឯ​ស្រុក​កំណើត​ ក្នុង​ភូមិ​ចាក់​ខ្លាញ់​ ឃុំ​ពាមរក៍ ​ស្រុក​ពាមរក៍ ​ខេត្ត​ព្រៃវែង ​ប៉ុន្តែ​ក្នុង​រដូវការ​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​នេះ បាន​ធ្វើ​ឲ្យ​​មុខ​របរ​លក់​ត្រី​នេះ​បាត់បង់ ​ហើយ​ដោយសារ​មាន​ជីវភាព​លំបាក​ពេក ទើប​ខ្ញុំ​​សុំ​គ្រូ​មក​ប្រកួត​វិញ ​ដើម្បី​បាន​លុយ​ខ្លះ​សម្រាប់​ជីវភាព»​។​

កីឡាករ​រូប​នេះ បន្ត​ថា​៖ «​ខ្ញុំ​ទើប​តែ​មក​ដល់​ភ្នំពេញ​ និង​​​ហ្វឹកហាត់​បាន​​ត្រឹម​មួយ​ព្រឹក​ប៉ុណ្ណោះ ​ហើយ​ខ្ញុំ​ក៏​មិន​​ធ្លាប់​ជួប លួន សុខខេង នោះ​ដែរ​។ ហេតុ​នេះ ​ខ្ញុំ​មិន​អាច​និយាយ​ពី​លទ្ធផល​ទុក​មុន​បាន​ទេ​ ព្រោះ​ខកខាន​ប្រកួត​ចំនួន ​២ ​​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹង​អស់​ពី​លទ្ធភាព​ដើម្បី​ទទួល​បាន​ការ​ប្រកួត​លើក​ក្រោយ​ ដោយសារ​ខ្ញុំ​គ្មាន​មុខ​របរ​អ្វី​ទេ អ៊ីចឹង​ហើយ​ខ្ញុំ​តាំង​ចិត្ត​យក​ឈ្នះ​ឲ្យ​បាន ​គឺ​សង្ឃឹម​ ​៨០ ​ភាគរយ​»​។

ចំពោះ​សមត្ថភាព​ប្រកួត​របស់ លួន​ សុខខេង​ ​ក៏​មិន​ជា​អស្ចារ្យ​នោះ​ដែរ ​ហើយ​មិន​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ដូច តក់ សោភ័ណ្ឌ នោះ​ទេ។ បន្ថែម​លើ​នេះ ​ក្រោយ​ក្លិប​ចាស់​អាស៊ី​កីឡា ​បាន​បិទ​កម្រិត​វិជ្ជា​គុន​របស់ ​សុខខេង បាន​​ធ្លាក់​ចុះ ​ហើយ​បាន​មក​នៅ​ក្លិប​ពុទ្ធសេរីវង្ស​កីឡា។

លោក​ ណន​ រិទ្ធ ដែល​ជា​​គ្រូ​បង្វឹក​បាន​​និយាយ​ថា​៖ «​លួន​ សុខខេង ​ជើង​ចាស់​ មិន​សូវ​ខ្លាំង ​និង​លេច​ធ្លោ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​សមត្ថភាព​​ប្រហែល តក់​ សោភ័ណ្ឌ​ គឺ​មាន​លទ្ធភាព​តិចតួច​ណាស់​ ដែល​អាច​ឈ្នះ​ ​សុខខេង ​បាន​។​ លួន​ សុខខេង ​មាន​ប្រៀប​ឈ្នះ ​៩០ ​ភាគរយ ​លើ ​តក់​សោភ័ណ្ឌ​»។

ចំណែក​​លោក​ ញាន ​សុធី អ្នក​គ្រប់គ្រង​កម្មវិធី​​ប្រដាល់​នៅ​ SEATV​ បាន​និយាយ​ថា​៖ «​ខ្ញុំ​នៅ​តែ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ជើង​ចាស់​បាន​ប្រកួត​ ​ដើម្បី​ជួយ​គ្នា​ឲ្យ​មាន​ជីវភាព​ល្អ ព្រោះ​ពួក​គាត់​ បើ​គ្មាន​ការ​​ប្រកួត​ប្រដាល់​ទេ​ គេ​ជួប​បញ្ហា​លំបាក​ខ្លាំង​ណាស់»​។​

ដោយ​ឡែក កីឡាករ​​ ​ភួង ពិសិដ្ឋ ​​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជំនាញ​​កណ្តាប់​ដៃ ​ទូច ដេវីត​ ខណៈ​​​ពួក​គេ​សុទ្ធ​តែ​ជើង​ខ្លាំង​ជំនាន់​ក្រោយ។​ លោក ​អាត​ សំរិទ្ធ​ គ្រូ​បង្វឹក​ ទូច ដាវីត បាន​និយាយ​ថា៖ ​«​ទូច ​ដាវីត ​មាន​ប្រៀប​ឈ្នះ ​៩០ ​ភាគរយ ​គឺ​មាន​ចំណុច​ខ្សោយ​បន្តិច​ទេ ​ដែល​​អាច​ចាញ់​ប្រៀប​ ភួង​ ពិសិដ្ឋ​ ផ្នែក​ក្បាច់​ជង្គង់ ​ពេល​ឱប​គ្នា​។ ទោះ​ជា​យ៉ាង​ណា​ កូន​សិស្ស​ខ្ញុំ​ គឺ​សង្ឃឹម​ឈ្នះ​តែ​ម្តង ​លើកលែង​តែ​ករណី​លេង​ក្បាច់​ជង្គង់​ប៉ុណ្ណោះ​ ជា​ឧបសគ្គ​ដែល​គេច​មិន​ផុត»​៕​​