ភ្នំពេញ៖ ​ជើង​ខ្លាំង ​ផល ​សោភ័ណ្ឌ​ ត្រូវ​បាន​​ដាក់​ឲ្យ​ជួប​​ជាមួយ​កីឡាករ​ថៃ​ចំណូល​ថ្មី ​​Vakai Thap ក្នុង​ទម្ងន់ ​៦៣​,៥ គីឡូក្រាម​ ជា​គូ​ឯក​អមការ​ប្រកួត​ជម្រុះ​ដណ្តើម​ពាន TV5 ​Boxing Knock Out Serie ​នៅ​ថ្ងៃ​សៅរ៍​​នេះ ក្នុង​វគ្គ ​១៦ នាក់​ចុង​ក្រោយ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ ​៨ នាក់ ឬ​វគ្គ​ទី ​៣។​

បើ​ទោះបី​ជា Vakai Thap ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​មក​ពី​ថៃ ហើយ ផល សោភ័ណ្ឌ ជា​ជើង​ខ្លាំង​មួយ​របស់​កម្ពុជា ប៉ុន្តែ​បើ​​តាម​​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ បាន​​អះអាង​ថា ​បើ​ថៃ​​ខ្សោយ​ គេ​មិន​ដាក់​ឲ្យ​ប៉ះ ​ផល ​សោភ័ណ្ឌ ​នោះ​ឡើយ​។​

លោក ​ម៉ាក់ ​សាខន​ គ្រូ​បង្វឹក ​ផល ​សោភ័ណ្ឌ​ បាន​ប្រាប់​ថា​៖ «​សោភ័ណ្ឌ​ ហ្វឹកហាត់​ត្រៀម​ប្រកួត​ល្អ ​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​កីឡាករ​ថៃ​ជា​ដៃ​គូ​នោះ ​មាន​សមត្ថភាព​ប៉ុនណា​នោះ​ឡើយ​។​ ​យ៉ាង​ណា​ សោភ័ណ្ឌ​ វ៉ៃ​ឆ្លាត ​និង​ចង់​ឈ្នះ​ ដើម្បី​រក្សា​ភាព​ល្បីល្បាញ​ ដោយ​មិន​ដែល​ធ្វេស​ប្រហែស​ក្នុង​ការ​ហ្វឹកហាត់​ និង​ឡើង​ប្រកួត​នោះ​ឡើយ​»។

លោក​​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ ៩០ ​ភាគរយ ​ប៉ុន្តែ​បើ​ថៃ​ម្នាក់​នេះ ​មាន​សមត្ថភាព​ខ្លាំង ​ឬ​ល្អ​ជាង ​សោភ័ណ្ឌ ​គឺ​ខ្ញុំ​មិន​ទាន់​ជឿ​ទេ​ ​ព្រោះ​លំដាប់​លេខ ​១ ​របស់​ថៃ ​មិន​មក​ប្រកួត​ស្រុក​ខ្មែរ​ទេ​ ដោយសារ​តម្លៃ​ខ្លួន​ស្រុក​គេ ​ច្រើន​ជាង​យើង​ណាស់​»​។​

ដោយ​ឡែក សម្រាប់​ប្រកួត​គូ​ដណ្តើម​ពាន​ថ្ងៃ​ដំបូង​នៃ​​វគ្គ​ជម្រុះ​ជុំ​ទី ២ ​នេះ​ អ្នក​ប្រដាល់​ជើង​ថ្មី​ អៀប ​លីឆា ​​ត្រូវ​តស៊ូ​ទល់​ជាមួយ​អ្នក​ប្រដាល់​​ជើង​ថ្មី​ដូច​គ្នា ​​ខាំ ​សាបាន​ ចំណែក ​រិន ​សារ័ត្ន ប្រកួត​ជាមួយ​ អ៊ុង កំសត់​ ដើម្បី​ប្រជែង​គ្នា​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​ការ​ប្រកួត​​ជម្រុះ​នៅ​ជុំទី ១​ ​អៀប លីឆា ​ឈ្នះ​ ចិត្រ​ សុភី​ (​ជម្រើស​ជាតិ​ថ្នាល​) ​ដោយ​ពិន្ទុ ​ឯ ​ខាំ សាបាន​ ​បាន​​ឈ្នះ​អ្នក​ប្រដាល់​ ពុទ្ធ​ អ៊ុំអូន​ ​ដោយ​ពិន្ទុ​ដែរ​។

អ្នក​ប្រដាល់​ទាំង ២ ​រូបនេះ​ សុទ្ធ​តែ​ជើង​ថ្មី ​ប៉ុន្តែ​ប្រជែង​យក​ឈ្នះ​ជើង​ចាស់​មួយ​ចំនួន​មក​ហើយ​។​ គូ​ដណ្តើម​ពាន​វគ្គ​ទី ​២ ​រវាង​ជើង​ថ្មីដូច​គ្នា​នេះ ​អៀប ​លីឆា​ និង ​ខាំ ​សាបាន ​គឺ​គ្រូ​បង្វឹក ​សុទ្ធ​តែ​អះអាង​ថា​ មាន​សមត្ថភាព​ប៉ុន​គ្នា ​ហើយ​ការ​ចាញ់​ និង​ឈ្នះ​ គឺ​តឹងតែង​ណាស់​។​

លោក បឺត ​សំខាន់​ គ្រូ​បង្វឹក ​ខាំ ​សាបាន ​​និយាយ​ថា៖ ​«​យើង​​សង្ឃឹម​ឈ្នះ ​៥០ ​ភាគរយ ​ព្រោះ​អ្នក​ទាំង ​២ ​មាន​បទពិសោធ​ខ្ចី​វស្សា​ដូច​គ្នា ​តែ​ធ្លាប់​ឈ្នះ​ជើង​ចាស់​ដូច​គ្នា​»។​ ចំណែក​លោក​គ្រូ ​ប្រាក់ ​យ៉ា​ គ្រូ​បង្វឹក​ ​អៀប ​លីឆា​ និយាយ​ថា​៖ ​«ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៨០ ​ភាគរយ ​លើ​កូន​សិស្ស​ខ្ញុំ​»។​

ចំណែក​ រិន​ សារ័ត្ន កាល​ពី​ជំនួប​ជុំទី ១​ បាន​ឈ្នះ​ ​សល់ ​ពិសិដ្ឋ ​(​ខុម ​ពិសិដ្ឋ​) ដោយ​ស្វ័យ​ប្រវត្តិ ដោយសារ ពិសិដ្ឋ ​រក្សា​ទម្ងន់​មិន​បាន​ ​រីឯ ​អ៊ុង កំសត់ ​វិញ​បាន​ប្រកួត​ឈ្នះ​ នូវ ​ដារ៉ូ​​។ ​រវាង​អ្នក​ទាំង ២ ​នេះ សារ័ត្ន ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ​និង​ធ្លាប់​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ច្រើន​ព្រឹត្តិការណ៍​នោះ ​គេ​មាន​ភាគរយ​ខ្ពស់​ជាង​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​​ឡើង​​វគ្គ​បន្ត៕