ភ្នំពេញ: តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​មុខស្រស់ និង​រាង​សង្ហា ប៉ុន្តែ​ល្បី​ល្បាញ​រឿង​អាស្រូវ​ខាង​គោរព​វិន័យ​មិន​បាន​ល្អ​នោះ បាន​សុំ​វិល​មក​អាជីព​ប្រដាល់​គុន​ខ្មែរ​វិញ ក្រោយ​ពី​រត់​ចោល​សង្វៀន​រយៈពេល ៣ ឆ្នាំ​ទៅ​ធ្វើ​កម្មករ​ផ្សារ​ដែក​ជួប​ការ​លំបាក​ខ្លាំង និង​ឧបសគ្គ​ច្រើន​នោះ។

ការវិល​មក​ចាប់​មុខរបរ​ប្រដាល់​ចាស់​វិញ​លើក​នេះ មិនមែនជា​រឿង​ថ្មី​ទេ ពីព្រោះ​តក់ សោភ័ណ្ឌ ធ្លាប់​រត់​ចេញ និង​វិល​មក​វិញ​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្ដែ​កាល​ពី​ម្សិល​មិញ កីឡាករ រូប​នេះ​អះ​អាង​ថា ការ​វិល​មក​លើក​នេះ​លែង​ប្រែ​ប្រួល​ទៀត​ហើយ ដោយ​រូប​គេ​ចង់​ក្លាយ​ជា​កីឡាករ​ល្បី និង​រក​ប្រាក់​តាម​រយៈ​ការ​ប្រកួត​ប្រដាល់​លក្ខណៈ​អន្តរជាតិ ដើម្បី​កសាង​ជីវិត​ឡើង​វិញ​ក្នុង​សង្គម​កីឡា​នេះ។

តក់ សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ឆ្នើម​មួយរូប​មាន​កម្ពស់ ១,៦៨ ម៉ែត្រ មាន​ស្រុក​កំណើត នៅ​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរក៍ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង មាន​បង​ប្អូន​ចំនួន ១២ នាក់ ហើយ​រូប​គេ​ជា​កូន​ពៅ និង​ជា​កីឡាករ​ប្រដាល់​តែ​ម្នាក់​ឯង។

រូបគេ​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ៩៨ លើក ឈ្នះ ៨៦ លើក ចាញ់ ១២ លើក និង​ធ្លាប់​ឈ្នះ​ត្រឹម​ជើង​ឯក​រង ខ្សែ​ក្រវាត់ Black Panther ទម្ងន់ ៦៣,៥ ក្រោយ​ពី​ចាញ់​កីឡាករ​ឈិន ក្វាន់ង៉ុយ កាល​ពី​ឆ្នាំ ២០១៣។

ជាមួយគ្នា​នោះ តក់ សោភ័ណ្ឌ ធ្លាប់​ប្រកួត​លក្ខណៈ​អន្តរជាតិ​ចំនួន ១០ លើក ឈ្នះ ៦ លើក ចាញ់ ៤ លើក និង​ធ្លាប់​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់ និង​ប្រកួត​ក្បាច់​គុន​ចម្រុះ (MMA) ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដោយ​ធ្លាប់​ឈ្នះ​កីឡាករ​សុខ ចិន្តា កីឡាករ​សុខ ចាន់ និង​សូយ ភារម្យ ជា​ដើម មិន​តែ​ប៉ុណ្ណោះ​រូប​គេ​ធ្លាប់​ចេញ​ទៅ​ប្រកួត MMA ចាញ់​ម្ចាស់​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។

ការចាប់​អាជីព​ប្រដាល់​លើកដំបូង​របស់​តក់ សោភ័ណ្ឌ បានកើត​ឡើង​នៅ​ក្លិប​អេភូថង​ជាមួយ​គ្រូបង្វឹក​អេ ភូថង បន្ទាប់​មក​បាន​ផ្លាស់​ទៅ​នៅ​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ ក្នុង​ឆ្នាំ ២០១៤ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​គង់ ចាន់ធីណា ជា​ប្រធាន​ក្លិប។

ប៉ុន្តែ​ការហ្វឹកហាត់ និង​ឡើង​ប្រកួត​មិន​ទៀងទាត់ និង​មិនសូវ​បានល្អ​ដែល​នាំ​ប្រធាន​ក្លិប​អះអាង​ថា កីឡាករ​រូប​នេះ​ខ្សោយ​វិន័យ និង​ភាគ​ច្រើន​ដើរ​លេង​សេរី​អត់​ច្បាប់។

តក់ សោ​ភ័​ណ្ឌ បានផ្តល់​សម្ភាស​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ កាល​ពីថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​ចង់​វិល​មក​កាន់​អាជីព​ប្រដាល់​វិញ​ហើយ​ប្តេជ្ញា​គោរព​វិន័យ​និង​កែ​ខ្លួន​ឲ្យ​បាន​ល្អ​ហ្វឹក​ហាត់​ដើម្បី​ឡើង​ប្រកួត​ឲ្យ​បាន​ល្អ និង​ឈាន​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ ដើម្បី​រក​ប្រាក់​តាមរយៈ​កីឡា​ប្រដាល់​វិញ»។

កីឡាករ​រូបនេះ​បាន​បន្តថា៖ «ជីវ​ភាពជា​កម្មករសំណង់ ផ្សារ​ដែក​លំបាក​រក​លុយ​ណាស់ ការងារ​លំបាក ប្រាក់​ចំណូល​តិច​បាន​តែ ៥ ដុល្លារ​ក្នុង ១ ថ្ងៃ ខ្ញុំ​មិន​អាច​រ៉ាប់រង​ជីវភាព​បាន​ឡើយ»។

តក់ សោ​ភ័​ណ្ឌ បាន​បញ្ជាក់ថា៖ «ខ្ញុំ​ឃ្លាត​ពីស​ង្វៀន​ប្រដាល់​ក្រោយ​ប្រកួត​ចាញ់​កីឡាករ​រឿង សារ័ត្ន ដោយ​រង​របួស​សន្លាក់​ជើង​ស្តាំ​កាល​ពី ៣ ឆ្នាំ​មុន​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។ ទោះ​ជា​ទៅ​ធ្វើ​ការងារ​អ្វី​ក៏​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ចង់​ឡើង​ប្រដាល់​ជានិច្ច ពិសេស​ដេក​ស្រមៃ​ចង់​ប្រកួត​សង​សឹក​ជាមួយ​រឿង សារ័ត្ន ឡើង​វិញ​ដើម្បី​ស្តារ​មុខ​មាត់​ក្នុង​ពិភព​ប្រដាល់»។

លោក​គង់ ចាន់​ធី​ណា ប្រធាន​គ្រប់គ្រង​ក្លិប បាន​និយាយថា៖ «ការវិល​មក​កាន់​សង្វៀន​ប្រដាល់​វិញ​របស់​តក់ សោភ័ណ្ឌ ខ្ញុំ​ទទួល​យក​ដោយ​មិន​រើស​អើង​ទេ​ឲ្យ​តែ​ចេះ​កែ​ខ្លួន និង​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ជា​កីឡាករ​ល្អ ពី​ព្រោះ​ប្រាក់​ចំណូល​បាន​មក​ពី​ប្រកួត​ក៏​ច្រើន​សមរម្យ​ដែរ។ ប៉ុន្តែ ត្រូវ​គោរព​វិន័យ​ឲ្យ​បាន​ល្អ បើ​មិន​អ៊ីចឹង​ទេ នឹង​រង​ពិន័យ​ទៅ​តាម​ច្បាប់​របស់​ក្លិប»៕