The Phnom Penh Post Search

Search form

សោភ័ណ្ឌ សោកស្តាយ​ចំពោះ​ការ​អាច​ប៉ះ​ធារ៉ា ក្នុង​វគ្គ​ម៉ារ៉ាតុង

Content image - Phnom Penh Post
កីឡាករ​រឿង សោភ័ណ្ឌ ចង់​សង​សឹក​កីឡាករ​ធឿន ធា​រ៉ា។ យឺន ពន្លក

សោភ័ណ្ឌ សោកស្តាយ​ចំពោះ​ការ​អាច​ប៉ះ​ធារ៉ា ក្នុង​វគ្គ​ម៉ារ៉ាតុង

ភ្នំពេញ: អ្នកលេង​កណ្តាប់ដៃ​រឿង សោ​ភ័​ណ្ឌ មកពី​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់ ក្រសួង​មហាផ្ទៃ ដែល​មាន​ខ្សែក្រវាត់​ច្រើន​ជាង​គេ​នៅ​ស្រុក​ខ្មែរ​ចំនួន ៨ និង​ពាន ២ នោះ បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ប៉ះ​ប្រកួត​ជា​កីឡាករ​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ធឿន ធារ៉ា មក​ពី​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម នៅ​សង្វៀន CNC នៅ​ដើម​ខែ​សីហា ឆ្នាំ ២០១៨។ នេះ​គឺជា​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ដែល​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​ចង់​ឃើញ ខណៈ​ពួកគេ​អាច​នឹង​ជួបគ្នា​ក្នុង​លក្ខណៈ​ម៉ារ៉ាតុង ដោយ​មាន​កីឡាករ ២ នាក់ និង​កីឡាករ​ថៃ ២ នាក់​ទៀត។

រឿង សោ​ភ័​ណ្ឌ ដែល​ទើបតែ​ត្រឡប់​មកពី​ប្រទេស​បារាំង​នោះ បានឈ្នះ​ខ្សែក្រវាត់ ២ បន្ថែម និង​ពាន ១ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី ៨ ខែ​កក្កដា កន្លង​មក រូបគេ​បាន​ផ្តួល​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ ហ្វៃប៉ា ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ២។

រូបគេ​បាន​ជាប់កិច្ចសន្យា​ប្រកួត​ឲ្យ​សង្វៀន​ប្រដាល់​អាស៊ីអាគ្នេយ៍​ចំនួន ២ ប្រកួត និង​សង្វៀន CNC ២ ប្រកួត ដោយ​ក្នុង​នោះ​មាន​លក្ខណៈ​អន្តរជាតិ​ម៉ារ៉ាតុង​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ៤ លាន​រៀល។ សោភ័ណ្ឌ បាន​និយាយ​ថា៖ «ធ្វើ​ជា​កីឡាករ​ក្នុង​ទម្ងន់​ប៉ុន​គ្នា ខ្ញុំ​មិន​ដែល​ខ្លាច​កីឡាករ​ណា​ទេ ប៉ុន្តែ​តាម​គម្រោង​ប្រកួត​ដែល​ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ CNC ដើម្បី​ត្រៀម​ប្រកួត​នៅ​ថ្ងៃទី ១១ ខែ​សីហា ឆ្នាំ ២០១៨ ក្នុង​លក្ខណៈ​ម៉ារ៉ាតុង​នោះ គឺថា បើ​ខ្ញុំ​ឈ្នះ​ថៃ ហើយ​ធឿន ធារ៉ា ឈ្នះ​ថៃ យើង​នឹង​ប៉ះ​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ទឹក​ប្រាក់ ៤ លាន​រៀល»។

សោ​ភ័​ណ្ឌ បាន​ប្រាប់​បន្តថា៖ «ប្រសិនជា​បាន​ជួប​ប្រកួត​ជាមួយ​ធឿន ធារ៉ា​មែន ខ្ញុំ​មិន​ខ្លាច​ទេ ប៉ុន្តែ​មាន​ការ​សោក​ស្តាយ​ដោយសារ​តែ​ការ​ប្រកួត​នោះ យើង​អាច​បាត់បង់​កម្លាំង ឬ​អាច​រង​របួស​ឈឺ​ខ្លួន​ពី​ការ​ប្រកួត​វគ្គ​ទី ១ ក្នុង​ពេល​តែ​មួយ​ភ្លាមៗ​នោះ​ជា​រឿង​លំបាក​វាយ​តម្លៃ​ថា យ៉ាង​ណា​ណាស់។ ខ្ញុំ​គិត​ថា សោក​ស្តាយ»។

រឿង សោ​ភ័​ណ្ឌ បាន​អះអាងថា៖ «ធឿន ធារ៉ា នៅ​ក្មេង​កម្លាំង​ល្អ​តែ​បទពិសោធ​នៅ​ខ្ចី​ណាស់ ហើយ​ក៏​មិន​ទាន់​មាន​ខ្សែ​ក្រវាត់ ១ គ្រប់គ្រង ហេតុ​នេះ ខ្ញុំ​នឹង​មាន​ការ​ជឿជាក់​ខ្ពស់»។

ធៀន ធារ៉ា ជា​កីឡាករ​មាន ប្រវត្តិ​មកពី​ខេត្តស្វាយរៀង ធ្លាប់​ទៅ​ហ្វឹកហាត់​នៅ​កោះកុង និង​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​នៅ​ប្រទេស​ថៃ​ញឹក​ញាប់ ពិសេស​កម្មវិធី​ហ្វៃថៃ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៨ របស់​ថៃ។ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ធឿន ធារ៉ា បាន​ឈ្នះ​រឿង សោភ័ណ្ឌ ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ជម្រើស​ជាតិ ហើយ​ទទួល​បាន​ជើង​ឯក​ប្រចាំ​ឆ្នាំ។ បច្ចុប្បន្ន ធឿន ធារ៉ា ជា​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​ប្រចាំ​ឆ្នាំ ២០១៨ ក្រោម​ការ​គ្រប់គ្រង​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា៕

អត្ថបទគួរចាប់អារម្មណ៍