ភ្នំពេញ៖ កីឡាករ សោម វិឆ័យ និង រិន សារ័ត្ន បាន​ក្លាយ​ជា​បេក្ខភាព ដែល​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​នៃ​ការ​ប្រកួត​​ពាន​រង្វាន់ TV5 Boxing Knock Out Series​ ក្នុង​ទម្ងន់ ​៦៣,៥ គីឡូក្រាម​ បន្ទាប់​ពី​អ្នក​ទាំង ​២ បាន​រក​ឃើញ​ជ័យជម្នះ​ដោយ​លំបាក និង​តានតឹង​ក្នុង​ការ​ប្រកួត​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍។

តាមរយៈ​ការ​ប្រកួត​ ដែល​មាន​ត្រឹម​ ​៣ ​ទឹក​​នោះ​ សោម ​វិឆ័យ ​មក​ពី​​ក្លិប​វិបុល​ខណ្ឌ​ពោធិ៍សែន​ជ័យ​បាន​យក​ឈ្នះ​កីឡាករ ពុយ វណ្ណៈ ហើយ រិន សារ័ត្ន បាន​ទម្លាក់​អ្នក​ប្រដាល់ វ៉ែន ហុងជីវ៉ុង ដើម្បី​ឡើង​ទៅ​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​២៣ ខែ ​ឧសភា ឆ្នាំ​ ២០២០ ចំណែក វ៉ែន ហុងជីវ៉ុង និង ពុយ វណ្ណៈ ក៏​ត្រូវ​ប្រកួត​គ្នា ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ នៅ​ថ្ងៃ​នោះ​ផង​ដែរ។

នៅ​ក្រោយ​​ប្រកាស​លទ្ធផល​ដោយ​​សុក្រឹត​ យុត្តិធម៌ ព្រោះ​គ្មាន​ភាគី​ចាញ់​ណា​តវ៉ា ​គឺ​ចេញ​ពី​​សមត្ថភាព​របស់​កីឡាករ​​ពិតៗ​នោះ ​សោម ​វិឆ័យ ​បាន​អះអាង​ថា រូប​គេ​នឹង​បន្ត​យក​ឈ្នះ រិន សារ័ត្ន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ម្ចាស់​ប្រាក់​រង្វាន់​ចំនួន ​៤ ០០០ ដុល្លារ សម្រាប់ការ​ប្រកួត​លើក​នេះ។

សោម វិឆ័យ បាន​និយាយ​ថា៖ «​ពុយ​ វណ្ណៈ ​គាត់​ល្អ ​និង​រឹងមាំ​ ហើយ​ធ្លាប់​ជា​ម្ចាស់​ពាន​រង្វាន់​នេះ​កាល​ពី​វគ្គ​មុន ​ប៉ុន្តែ​ការ​ប្រកួត​របស់​ខ្ញុំ ​គឺ​ប្រយ័ត្នប្រយែង​បំផុត​ និង​ខំប្រឹង​ខ្លាំង​ ទើប​ទទួល​​បាន​លទ្ធផល​ល្អ​បែប​នេះ​។ ជាមួយ​​ជ័យជម្នះ​នេះ ​​​ខ្ញុំ​គិត​ថា ប្រាក់​រង្វាន់​ចំនួន ​៤ ​០០០ ​ដុល្លារ ​នឹង​បាន​មក​រូប​ខ្ញុំ​ ​ព្រោះ​ រិន ​សារ័ត្ន ​មិន​មែន​ជា​ឧបសគ្គ​ធំ​សម្រាប់​ខ្ញុំ​ក្នុង​វគ្គ​ផ្តាច់​​ព្រ័ត្រ​នោះ​ទេ»​។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​​បើ ​វ៉ែន ​ហុងជីវ៉ុង​ បាន​ឡើង​មក​វិញ​ ខ្ញុំ​កាន់​តែ​អស់​ក្តី​បារម្ភ ​គឺ​សង្ឃឹម​ឈ្នះ​ដោយ​ស៊ី​ផុយ​តែ​ម្តង​ ​ព្រោះ​ធ្លាប់​ឈ្នះ​គាត់​ ព្រម​ទាំង​ដឹង​ពី​ចំណុច​​ខ្សោយ​របស់​គាត់​។ ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ក៏​មិន​អាច​ធ្វេស​ប្រហែស​ ក្នុង​ការ​បន្ត​ខិតខំ​ហ្វឹកហាត់​ដែរ​ ​ព្រោះ​មក​ដល់​ចំណុច​នេះ​ កិត្តិយស​ធំ​ និង​លុយ​ច្រើន​ថែម​ទៀត ហើយ​ក្រោយ​ពេល​ខ្ញុំ​ឈ្នះ​ពាន​នេះ វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​ប្រកួត​របស់​ខ្ញុំ​បាន​ខ្ពស់»​។​

ចំណែក លោក ​ឡុង ​វិបុល​ គ្រូ​បង្វឹក​របស់ ​សោម ​វិឆ័យ បាន​​ប្រាប់​​ថា​៖ «​សោម ​វិឆ័យ មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ដណ្តើម​យក​ពាន ​និង​ប្រាក់​​រង្វាន់​អម​ចំនួន ​៤ ​០០០ ​ដុល្លារ ​ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​ពី​លទ្ធផល​មុន​ប្រកួត​ទេ​ កុំ​ឲ្យ​គេ​ថា ​យើង​អួត។ ទោះបី​ជា​យ៉ាង​ណា ​ការ​ខិតខំ​ហ្វឹកហាត់​ឲ្យ​ល្អ​ ថែ​ទាំ​សុខ​ភាព​ល្អ ​​ប្រកួត​ល្អ ​គឺ​ពាន​នេះ ​នឹង​បាន​មក ​សោម ​វិឆ័យ​ ក្នុង​ក្តី​សង្ឃឹម​ខ្ពស់​ ​ព្រោះ​តាម​ខ្ញុំ​ព្យាករ​ឧបសគ្គ​ក្នុង​ការ​ដណ្តើម​ពាន​នេះ​​មិន​ធំ​ទេ​»​។

ជាមួយ​គ្នា​នេះ រិន ​សារ័ត្ន ​បាន​និយាយ​ថា​៖ «​ខ្ញុំ​​សប្បាយ​ចិត្ត ដែល​បាន​ឡើង​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ ​សោម ​វិឆ័យ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​គិត​ គឺ​ប្រឹង​ហាត់​ឲ្យ​បាន​ខ្លាំង​ ​ព្រោះ​ការ​ប្រកួត ​ដែល​នឹង​បាន​លទ្ធផល​ល្អ ​វា​អាស្រ័យ​​​លើ​កម្លាំង​ និង​បច្ចេកទេស​បាន​មក​ពី​ហាត់»​។​

សម្រាប់​ការ​​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ​៣ ​រវាង វ៉ែន ​ហុងជីវ៉ុង ​និង ​ពុយ ​វណ្ណៈ​ ​ដែល​គ្រោង​ធ្វើ​នៅ​​ថ្ងៃទី ​២៣​ ខែ​ឧសភា​ ​ខាង​មុខ​នោះ​ដែរ គេ​​មាន​ជំនឿ​ថា ​ពុយ ​វណ្ណៈ​ អាច​មាន​ប្រៀប​ជាង​ ខណៈ​ដែល​មួយ​រយៈ​នេះ​ កីឡាករ ​វ៉ែន​ ហុងជីវ៉ុង ​ប្រកួត​ទំនង​ធ្លាក់​ចុះ​ និង​បាន​ចាញ់​ ៣ ​ប្រកួត​ជាប់ៗ​គ្នា​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ ​រវាង​កីឡាករ ​ពុយ ​វណ្ណៈ​ និង​ វ៉ែន ​ហុងជីវ៉ុង ​មិន​អាច​សុំ​សម្ភាស​បាន​ទេ​ ព្រោះ​ក្រោយ​ពេល​ប្រកួត​ចាញ់​ គឺ​ពួក​គេ​បាន​ចេញ​ពី​សង្វៀន​ប្រដាល់​​យ៉ាង​លឿន​៕