ភ្នំពេញៈ កីឡាករ​កម្ពុជា ទេស សំខាន់ របស់​ក្លិប​កងពល​លេខ​ ៧០ បាន​ធ្លាក់​ចេញពី​កម្មវិធី​ Boostrong Gold Medal Figter onfire បន្ទាប់ពី​រូបគេ​បាន​ចាញ់​កីឡាករ​អ៊ីរ៉ង់ Gafari យ៉ាង​គ្រាំគ្រា​ខ្លួន​ក្នុង​ការប្រកួត​ជម្រុះ​លើកដំបូង​នៅ​សង្វៀន SEATV កាលពី​ថ្ងៃ​អាទិត្យ​។ ចំណែក ហេង សំរាំង ត្រូវ​បាន​កីឡាករ​ថៃ Chhouk Namchhai វ៉ៃ​ល្មើស​បន្ថែម​ឲ្យ​អាជ្ញាកណ្តាល​រាប់​ដោយ​មិន​បន្ត​ការប្រកួត​ទៀត​បាន ប៉ុន្តែ​ស្នងការ​ប្រកួត​បាន​ប្រកាស​ផ្តល់​ជ័យជម្នះ​ឲ្យ​កីឡាករ​ថៃ​ឈ្នះ​ដោយ​ចោទប្រកាន់ ហេង សំរាំង ថា​បាន​ធ្វើ​ពុត​ចង់​ស៊ីឡាក​។

នៅក្នុង​ជំនួប​ប្រកួត​ចំនួន​ ៥ ​ទឹក​ពេញ ទេស សំខាន់ បាន​រង​នូវ​ការវាយលុក​ដោយ​កណ្តាប់ដៃ ទាត់ និង​ជង្គង់​របស់ Gafari តាំងពី​ទឹក​ទី​ ១​។ ទេស សំខាន់ គ្មាន​ក្បាច់​អ្វី​អាច​ទប់ទល់​ជាមួយ​គេ​ក្នុង​លក្ខណៈ​ប្រហាក់ប្រហែល​សង​ទៅ​សង​មក​នោះ​ឡើយ ពិសេស​នៅក្នុង​ទឹក​ទី​ ២ Gafari មាន​ម៉ាត់​ចូល​ផ្ទួនៗ​បង្ខំ​ឲ្យ ទេស សំខាន់ ដួល​ដេក​លើស​ង្វៀន និង​ត្រូវ​អាជ្ញាកណ្តាល ឡុង វិបុល រាប់​ភ្លាមៗ តែ​ស្នូរ​ជួង​ទឹក​ទី​ ២ ​បាន​បញ្ចប់ ទំនង​ដូច​ជួយ​សង្គ្រោះ​ឲ្យ​ផុតពី​ការបញ្ឈប់ និង​បាន​ឆ្លង​ទៅ​ប្រកួត​នៅ​ទឹក​បន្ត​។

ទោះបី​ជា​យ៉ាងណា ទេស សំខាន់ ប្រឹង​ប្រមូល​អារម្មណ៍​ទប់ទល់​ប្រកួត​រហូត​ចប់​ទឹក​ទី​ ៥ និង​ទទួល​លទ្ធផល​ចាញ់​ត្រឹម​ពិន្ទុ​យ៉ាង​គ្រាំគ្រា និង​អស់ចិត្ត​។ អ្នកទស្សនា​ភាគច្រើន​បាន​លាន់មាត់​ថា សមត្ថភាព​របស់ ទេស សំខាន់ គ្មាន​ចំណុច​ណា​យក​ឈ្នះ​បាន​ទេ ប៉ុន្តែ​បើ​ប្តូរ​យុទ្ធសាស្ត្រ​ចូល​ឱប​ឡើង​ជង្គង់​បាន គឺ​មាន​ប្រៀប​ល្អ​អាច​មាន​ឱកាស​ឈ្នះ​វិញ​។

ទេស សំខាន់ បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​ចាញ់​អស់​ចិត្ត ព្រោះ​ការតស៊ូ​ប្រកួត​របស់​ខ្ញុំ​បាន​ចំនួន​ ៥ ​ទឹក​នេះ​គឺជា​ការទ្រាំ​តស៊ូ​ណាស់ ដោយសារ​ខ្ញុំ​ទទួលរង​នូវ​កណ្តាប់ដៃ​ធ្ងន់ៗ​ និង​ចូល​មិន​ចុះ​។ ខ្ញុំ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​គេ​គឺ​មិន​អាច​លេង​ក្បាច់​ជង្គង់​ជាមួយ​ខ្ញុំ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ចូល​ចុះ ដោយ​កណ្តាប់ដៃ និង​ក្បាច់ទាត់​ការពារ​គឺ​ធ្ងន់ៗ មិន​អាច​ឲ្យ​ខ្ញុំ​ចូល​កៀក​បាន​ហើយ​ក្រោយពី​ការប្រកួត​នេះ ខ្ញុំ​នឹង​ចូល​ទៅ​ពិនិត្យ​សុខភាព ព្រោះ​ខ្ញុំ​រងរបួស​ភ្នែក​ផង និង​គ្រាំគ្រា​ខ្លួន​ឈឺ​សឹង​គ្រប់​កន្លែង​»​។

ចំណែក​គូ​ប្រដាល់​ខ្សែក្រវាត់​ ហេង សំរាំង និង​ថៃ Chhouk Namchhai វិញ​គឺ​មាន​បញ្ហា​ចម្រូងចម្រាស ព្រោះ​ការយល់​ឃើញ​របស់​អ្នកទស្សនា​មិន​ដូចគ្នា​។ នៅ​ទឹក​ទី​ ១ ពួកគេ​ប្រកួត​គ្នា​ដោយ​ចេញ​ស្នៀត​ជើង​សង​គ្នា​បាន​ល្អ និង​មាន​លក្ខណ​ប្រហាក់ប្រហែល​គ្នា ហើយ​នៅ​ដើម​ទឹក​ទី​ ២ ហេង សំរាំង មាន​ប្រៀប​លើ​ថៃ Chhouk Namchhai ប៉ុន្តែ​ក្នុង​ពេល​ដែល​ជាប់ដៃ​ប្រតាយប្រតប់​គ្នា​ខ្លាំង នៅក្បែរ​បង្គោល​នោះ​អាជ្ញាកណ្តាល នួន បូរ៉ា បាន​ឃាត់ តែ ChhoukNamchhai បាន​បន្ថែម​មួយ​ជើង​ចូល​ទ្រូង​របស់ ហេង សំរាំង បណ្តាល​ឲ្យ​ដួល ហើយ​អាជ្ញាកណ្តាល​បាន​រាប់​ដល់​ ១០ ហេង សំរាំង មិន​អាច​ងើប​មក​ប្រកួត​បន្ត​បាន​ឡើយ​។

ទេស សំខាន់ (​ឆ្វេង​) បាន​ព្យាយាម​ទប់​ការម៉ាត់​របស់ Gafari​។ រូប ពន្លក

លោក រាជ សុផែន ស្នងការ​ប្រកួត​ប្រចាំ​សង្វៀន SEATV បាន​ចេញ​មុខ​បកស្រាយ​បច្ចេកទេស​ដោយ​ប្រកាស​លទ្ធផល​ឲ្យ​កីឡាករ​ថៃ​ដែល​ល្មើស​ការប្រកួត​ទទួល​ជ័យជម្នះ ខណៈ​ដែល​កីឡាករ​រងគ្រោះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់​តែ​ម្តង​។

លោក រាជ សុផែន បាន​ពន្យល់​ថា​កីឡាករ​ដែល​ល្មើស​ការប្រកួត​បែប​នេះ​គឺ​ពិត​ជា​មាន​កំហុស ប៉ុន្តែ​កីឡាករ​រងគ្រោះ​ដែល​ទទួលរង​ទម្ងន់​ទាត់​ប៉ុណ្ណឹង មិន​អាច​សន្លប់​បាន​ទេ​គឺ​មាន​ចេតនា​ស៊ីឡាក​ចង់​កេងចំណេញ​យក​ឈ្នះ ដែល​គណៈកម្មការ​ពិនិត្យ​ទៅ​គឺ​មិន​អាច​ឲ្យ​ឈ្នះ​បាន​ទេ គឺ​ចេតនា​ចង់​ឈ្នះ​ដោយ​ធ្វើ​ពុត​។

ទោះ​ជា​យ៉ាងណា​កីឡាករ ហេង សំរាំង ក្រោយ​ពេល​ប្រកួត​មិន​អាច​សុំ​ការសម្ភាស​បាន​ទេ ប៉ុន្តែ​គ្រូ​ប្រដាល់​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា យើង​លំបាក​ថា​ណាស់ ព្រោះ​ការទាត់​ចូល​ទ្រូង​ជួន​កាល​មើលឃើញ​ទំនង​ត្រូវ​តិច​មិន​ធ្ងន់ តែ​ពេល​ខ្លះ​ត្រូវ​ខ្លាំង​មែន​។

ចំណែក​លោក ឡុង ស៊ីលីន ចៅក្រម​ម្នាក់​ដែល​ផ្តល់​ពិន្ទុ​គូ​នេះ​បាន​និយាយ​ថា​៖ «​ហេង សំរាំង ធ្វើ​ពុត​ផ្សំ​ចង់​បាន​ស៊ីឡាក ព្រោះ​ត្រូវ​ប៉ុណ្ណឹង​គឺ​តាម​ខ្ញុំ​មើល ហេង សំរាំង អាច​ងើប​រួច និង​បន្ត​ការប្រកួត​បាន ហើយ​ប្រធាន​ស្នងការ​ប្រកួត​ចេញ​មុខ​បកស្រាយ​ប៉ុណ្ណឹង​គឺ​ទទួល​យក​បាន ព្រោះ​កីឡាករ​គួរ​ប្រឹង​អស់​ពី​សមត្ថភាព​។ រីឯ​ការចាញ់​ ឬ​ឈ្នះ គណៈកម្មការ​គេ​ពិនិត្យ​ត្រឹមត្រូវ​៕