ភ្នំពេញ: កីឡាករ​ទេស សំខាន់ មកពី​ក្លិប​កងពលតូច​លេខ ៧០ និង​កីឡាករ​មក​ពី​ប្រទេស​ស៊ុយអែត Alexander Gustav បាន​ប៉ះគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ៣០ ខែ​ធ្នូ ឆ្នាំ ២០១៨ និង​ទទួល​បាន​លទ្ធផល​ស្មើគ្នា ក្រោយ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ និង​ជក់​ចិត្ត​រយៈពេល ៥ ទឹក​ពេញ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។

គូ​អន្តរជាតិ​នេះ​ជាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​កម្មវិធី Boostrong Fighter ប្រចាំ​សប្តាហ៍ ហើយ​ទេស សំខាន់ ជា​កីឡាករ​ជើង​ចាស់​ទើប​ជា​ពីរ​បួស និង​បាន​ឡើង​ទៅ​ប្រកួត​ដើម្បី​សន្សំ​ភាព​ខ្លាំង​ឡើង​វិញ បន្ទាប់​ពី​ខក​ខាន​ការ​ប្រកួត​ជិត ១ ឆ្នាំ។

ការប្រកួត​ត្រូវបាន​មហាជន​ពេញចិត្ត​យ៉ាងខ្លាំង ហើយ​គណៈកម្មការ​ក៏​ពេញ​ចិត្ត​ចំពោះ​សមត្ថភាព​របស់​អ្នក​ប្រដាល់​ទាំង ២ នេះ​ដែរ។ ពួកគេ​បាន​ប្តូរ​ស្នៀត​កណ្តាប់​ដៃ និង​ស្នៀត​កែង​តាំង​ពី​ទឹក​ទី ១ ដោយ​បាន​វាយ​ចូល​គោល​ដៅ​បាន​ល្អ​ដូចគ្នា ប៉ុន្ដែ នៅ​តែ​អាច​តស៊ូ​បាន​រហូត​ចប់​ទឹក​ទី ៥។

នៅ​ទឹក​ទី៣ ទេស សំខាន់ បាន​វៃ​ឲ្យ Alexander Gustav ដុនដាប​ខ្លាំង ហើយ​អាជ្ញា​កណ្តាល​លោក​ណន រិទ្ធ បាន​រាប់​លើ​កីឡាករ​ស៊ុយអែត​រូប​នេះ មុន​នឹង​បន្ត​ការ​ប្រកួត។ ដោយ​ភាព​ក្លាហាន និង​ក្បាច់គុន​ល្អ ព្រមទាំង​ការ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​របស់ Alexander Gustav បាន​ធ្វើ​ឲ្យ​ទេស សំខាន់ ខ្សោយ​កម្លាំង​នៅ​ចុង​ទឹក ប៉ុន្តែ​ស្នៀត​ទាត់​ឆ្វេង​ដ៏​ល្អ​របស់​ទេស សំខាន់ បាន​ធ្វើ​ឲ្យ Alexander Gustav ចង់​គាំង​ម្តង។ ចូល​ដល់​ទឹក​ទី ៥ ទេស សំខាន់ នៅ​តែ​មាន​ស្នៀត​ទាត់​ល្អ ប៉ុន្តែ លំបាក​ទប់ទល់​ជាមួយ​កណ្តាប់ដៃ​ដ៏​លឿន​របស់ Alexander Gustav ដែល​បាន​វាយ​ឲ្យ​ទេស សំខាន់ ចង់​គាំង​ម្តងៗ​វិញ​ដែរ។

ចប់​ការប្រកួត គណៈកម្មការ​បាន​ប្រ-កាស​លទ្ធផល​ឲ្យ​ស្មើគ្នា ហើយ​ចង់​ឲ្យ​ពួកគេ​ជួប​ប្រកួត​សង​សឹក​គ្នា​នៅ​ឆ្នាំ ២០១៩ ម្តង​ទៀត។ លោក​ញាន សុធី បាន​ហៅ​ការ​ផ្តល់​លទ្ធផល​ឲ្យ​ស្មើ ជា​លទ្ធផល​គួរ​ទទួល​យក​បាន​ទាំង​អស់​គ្នា ពីព្រោះ​បើ​គិត​ពី​ពិន្ទុ ទេស សំខាន់ មាន​ប្រៀប​ជាង ប៉ុន្តែ ថាមពល ឬ​ស្ថានភាព​កម្លាំង​នៅ​ចុង​ទឹក មាន​លក្ខណៈ​ដុន​ដាប​ជាង។

លោក​បន្ថែមថា៖ «ការផ្តល់​លទ្ធផល​ឲ្យ​ស្មើគ្នា​នេះ គឺ​ល្អ​បំផុត​ដើម្បី​ទុក​ឱកាស​ឲ្យ​មាន​ការ​ប្រកួត​សង​សឹក​គ្នា​ឡើង​វិញ ហើយ​អ្វី​ដែល​កាន់​តែ​ល្អ​នោះ​គឺថា វា​ជា​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​ដក​ស្រង់​បច្ចេកទេស​គ្នា​ប៉ុណ្ណោះ»។

ទេស សំខាន់ បាន​និយាយថា៖ «ខ្ញុំ​គិតថា ខ្ញុំ​បានឈ្នះ ប៉ុន្តែ​លទ្ធផល​ចេញមក​អ៊ីចឹង ខ្ញុំ​ទទួល​យក​បាន ​ពី​ព្រោះ​នៅ​ចុង​ទឹក ខ្ញុំ​ដក​ដង្ហើម​មិន​ចង់​រួច​ទេ ហើយ​ក៏​មិន​នឹ​កស្មាន​ថា អាច​ឈាន​ដល់​ចប់​ទឹក​ទី ៥ ដែរ»។

កីឡាករ​រូបនេះ​បាន​បន្ថែមថា៖ «បើ​ខ្ញុំ​វាយ​តាម​សម្រួល ក្រោយពី​ខ្ញុំ​បាន​វាយ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​នៅ​ទឹក​ទី ៣ និង​វាយ​បន្ថែម​វិញ ខ្ញុំ​នឹង​មាន​ពិន្ទុ​ឈ្នះ ប៉ុន្តែ​ខ្ញុំ​ចង់​វាយ​ឲ្យ​គេ​សន្លប់​ដើម្បី​ចង់​មាន​ឈ្មោះ​ល្បី​ឡើង​វិញ»៕