ភ្នំពេញៈ អ្នកប្រដាល់ជើងចាស់វស្សាទម្ងន់ធ្ងន់ធ្លាប់ល្បីឈ្មោះរបស់កម្ពុជា ២ នាក់គឺ ទេស សំខាន់ និង ហេង សំរាំង នឹងត្រូវឡើងប្រកួតអន្តរជាតិដណ្តើមមេដាយមាសក្នុងវគ្គជម្រុះនៃ Boostrong Gold Medal Figter onfire នៅលើសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យដោយក្នុងនោះ សំខាន់ ត្រូវប៉ះកីឡាករអ៊ីរ៉ង់ Gafari ហើយ សំរាំង ជួបថៃ Chhouk Namchhai ដើម្បីស្វែងរកអ្នកឈ្នះឡើងទៅប្រកួតវគ្គបន្ត។
ទេស សំខាន់ របស់ក្លិបកងពលតូចលេខ ៧០ កំពុងតែហ្វឹកហាត់ និងបញ្ចុះទម្ងន់យ៉ាងច្រើន ដើម្បីប្រកួតក្នុងទម្ងន់ត្រឹម ៦៩ គីឡូក្រាម ខណៈដែលទម្ងន់ពិតរបស់គេបានឡើងដល់ ៧៩ គីឡូក្រាមឯណោះ។
ការសម្រកទម្ងន់បែបនេះត្រូវបាន ទេស សំខាន់ អះអាងថាសម្រកបានដោយប្រើពេលច្រើនថ្ងៃមុនប្រកួត ប៉ុន្តែមានការបារម្ភខ្លាំងគឺអាចស្រុតកម្លាំងជាមុនបន្តិច។
បើប្រៀបធៀបសមត្ថភាពបទពិសោធប្រកួតវិញ ទេស សំខាន់ មានចំនួនប្រកួតច្រើនជាងកីឡាករ Gafari ចំនួន ៦០ លើកឯណោះ ប៉ុន្តែបញ្ហាបញ្ចុះទម្ងន់ច្រើនក៏ទំនងលំបាកផ្នែកកម្លាំងក្នុងការប្រកួត ៥ ទឹកផងដែរ។ ទេស សំខាន់ ធ្លាប់ប្រកួត ៨៤ ឈ្នះ ៦៦ ចាញ់ ១៤ និងស្មើ ៤ ដងក្នុងនោះធ្លាប់បានចាញ់សន្លប់តែ ៣ លើកប៉ុណ្ណោះ ចំណែក ១១ លើកទៀត ចាញ់ត្រឹមពិន្ទុ។ រីឯ Gafari ធ្លាប់ប្រកួតត្រឹម ២២ ដងឈ្នះ ១៥ និងចាញ់ ៧ ដង ប៉ុន្តែមានកម្ពស់ ១,៧៣ ម៉ែត្រ ខណៈ ទេសសំខាន់ មានកម្ពស់ ១,៦៨ ម៉ែត្រ។
ទេស សំខាន់ បាននិយាយថា៖ «ខ្ញុំធានាវ៉ៃអស់ពីសមត្ថភាព ប៉ុន្តែមិនសូវទុកចិត្តឈ្នះប៉ុន្មានទេ ព្រោះបារម្ភខ្លាចប្រកួត ៥ ទឹក កម្លាំងស្រុតចុះ ដោយសារខ្ញុំសម្រកទម្ងន់ច្រើនពេក»។ ទេស សំខាន់ បន្ថែមថា៖ «រឿងចាញ់នឹងឈ្នះគឺលំបាកថាណាស់ ព្រោះមិនធ្លាប់ស្គាល់សមត្ថភាពដៃគូ តែបញ្ហាខ្ញុំចាញ់ដោយសន្លប់នោះគឺមិនអាចទេ»។
ចំណែកលោក ថាញ់ វ៉ាឡេក គ្រូបង្វឹកកីឡាករអ៊ីរ៉ង់ បាននិយាយថា៖ «កីឡាករ Gafari ល្អកណ្តាប់ដៃ ប៉ុន្តែមិនហ៊ាននិយាយពីលទ្ធផលមុនបានទេ ព្រោះ ទេស សំខាន់ អាចចូលកណ្តាប់ដៃ និងសន្លប់ក៏ថាបាន ប៉ុន្តែបើ ទេស សំខាន់ ចាប់ឡើងជង្គង់បាន គឺ Gafari អាចនឹងចាញ់វិញ។ ទោះជាយ៉ាងណា គូប្រដាល់មួយគូនេះ បើសម្រុកខ្លាំងដូចគ្នា គឺមិនអាចអូសបន្លាយបាន ៥ ទឹកនោះទេ គឺច្បាស់ជាមានកីឡាករណាមួយសន្លប់ជាមិនខាន»។
ដោយឡែក ហេង សំរាំង ជាអ្នកប្រដាល់ជើងចាស់ដែលបានឃ្លាតពីសង្វៀនយូរឆ្នាំ និងក្លាយខ្លួនជាគ្រូបង្វឹកម្នាក់នៅខេត្តបាត់ដំបងទៅហើយ។ ហេង សំរាំង ធ្លាប់ប្រកួតបាន ១០១ ដង ឈ្នះ ៧០ ចាញ់ ២៧ និងស្មើ ៤ ដង ហើយគេជាកីឡាករល្អផ្នែកឡើងជង្គង់ និងមានកម្ពស់ល្អ ១,៧០ ម៉ែត្រ។ ចំណែកថៃ Chhouk Namchhai ប្រកួតបាន ៧៨ ដង ឈ្នះ ៦៥ ចាញ់ ១២ និងស្មើ ១ ដង មិនធ្លាប់មកប្រកួតនៅកម្ពុជានោះទេ។
ទោះយ៉ាងណា ហេង សំរាំង បានប្រាប់ថា៖ «ខ្ញុំមានសង្ឃឹមឈ្នះថៃ ព្រោះហ្វឹកហាត់ និងត្រៀមបានល្អ។ ទោះបីខ្ញុំឃ្លាតពីសង្វៀនប្រដាល់យូរ ប៉ុន្តែខ្ញុំមានបើកក្លិបប្រដាល់មួយនៅខេត្តបាត់ដំបងដោយបង្ហាត់សិស្ស និងហាត់ខ្លួនឯងរាល់ថ្ងៃ។ ខ្ញុំបារម្ភខ្លាចតែដៃគូខ្ញុំមានជំនាញកណ្តាប់ដៃទេ តែបើគ្រាន់ត្រឹមក្បាច់ជង្គង់ មិនលំបាកទេ ធានាទប់ទល់បាន»៕