
សំ ថារ័ត្ន ពេលបង្ហាញក្បាច់គុនដំបងជាមួយមិត្តរួមក្រុមល្បុក្កតោ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ ស្របពេលដែលស្រុកទេសកំពុងតែមានវិបត្តិ ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩ នោះ កីឡាការិនី សំ ថារ័ត្ន បានចាត់ទុកឆ្នាំ ២០២០ ជាឆ្នាំដ៏ជោគជ័យធំបំផុត ដែលកញ្ញាបានប្រើប្រាស់នូវចំណេះ និងជំនាញ ដែលកើតចេញពីការតស៊ូរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីប្រឡងជាប់ក្នុងក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ហើយបច្ចុប្បន្ន ថារ័ត្ន កំពុងសិក្សាផ្នែកច្បាប់ប៉ូលិស និងគរុកោសល្យ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ ដើម្បីឈានទៅធ្វើជាគ្រូបង្វឹកក្បាច់គុនដល់សិក្ខាកាមនៅសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជានេះតែម្តង។
ការមានសមត្ថភាពប្រឡងជាប់ជាក្របខ័ណ្ឌនរគបាលជាតិនីមួយៗ ត្រូវបានគេទទួលស្គាល់ថា មិនមែនជាការងាយនោះឡើយ ប៉ុន្តែប្រភពច្បាស់ការបានឲ្យដឹងថា រយៈពេល ៣ ឆ្នាំចុងក្រោយ គឺពីឆ្នាំ ២០១៧ ដល់ ២០១៩ អ្នកជាប់ក្របខ័ណ្ឌមន្ត្រីនគរបាលតាមរយៈសកម្មភាពកីឡាចំនួន ៣៥៤ នាក់ ដោយគ្មានប្រឡង និងមានលក្ខខណ្ឌ គឺមិនបង្ហាញពីតម្លាភាពនោះទេ នាំឲ្យមជ្ឈដ្ឋានទូទៅមួយចំនួន ដាក់ការសង្ស័យពីភាពមិនប្រក្រតី ខណៈដែលអ្នកខ្លះចូលបម្រើការងាររយៈពេលខ្លីសោះ មានឋានៈខ្ពស់ និងពាក់ស័ក្តិ ៣ ស័ក្តិ ៤ និងស័ក្តិ ៥ ទាំងវ័យក្មេងបំផុត។
ទោះជាយ៉ាងណា សមត្ថភាពរបស់កីឡាការិនី សំ ថារ័ត្ន ដែលឆ្នើមក្នុងកីឡាមិនបានជាប់ក្នុងភាពអនុគ្រោះតាមជំនាញកីឡានោះទេ គឺប្រឡងជាប់តាមសមត្ថភាពគួរឲ្យកោតសរសើរ។ «នាងខ្ញុំបានប្រឡងជាប់ តាមសមត្ថភាពជំនាញពិតៗ គ្មានខ្សែបក្ខពួក ឬគ្មានសូកប៉ាន់ ឬតាមរយៈឈ្នះជយលាភីល្បីល្បាញក្នុងកីឡានោះទេ គឺប្រឡងចូលក្របខ័ណ្ឌ ហើយនៅពេលខ្ញុំបានចូលរៀនវគ្គរួចរាល់ ខ្ញុំនឹងក្លាយទៅជាគ្រូបង្វឹកផ្នែកក្បាច់គុនប្រចាំសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជាតែម្តង»។
សំ ថារ័ត្ន និយាយថា៖ «ខ្ញុំជាកីឡាការិនីឆ្នើម ធ្លាប់ឈ្នះជយលាភីថ្នាក់ជាតិ និងអន្តរជាតិនូវកីឡាច្រើនប្រភេទ ពិសេសកីឡាប្រយុទ្ធផ្នែកក្បាច់គុន ប៉ុន្តែមិនមែនចូលជាប៉ូលិសតាមរយៈសកម្មភាពកីឡានោះទេ គឺខ្ញុំប្រឡងចូលត្រឹមត្រូវតាមសមត្ថភាព ខណៈដែលអ្នកផ្សេងគេចូលបានតាមរយៈការលេងប្រភេទកីឡាផ្សេងៗ ដោយមិនចាំបាច់ប្រឡងឡើយ»។
ទោះជាយ៉ាងណាកីឡាការិនី សំ ថារ័ត្ន បានបញ្ជាក់ថា ការឈានបានចូលទៅដាក់ពាក្យប្រឡងចូលប៉ូលិសនេះ បន្ទាប់ពីកញ្ញាបានទៅសម្តែងភាពយន្តផ្នែកក្បាច់គុន នៅសាលាបណ្ឌិត្យសភានគរបាលជាតិធ្វើឲ្យគេមើលឃើញភាពអស្ចារ្យរបស់គាត់ ព្រមទាំងបានជំរុញឲ្យគាត់ដាក់ពាក្យប្រឡងចូលធ្វើជាប៉ូលិស។

សំ ថារ័ត្ន បានព្យាយាមទប់ការវ៉ៃរបស់គូប្រកួត សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងកម្មវិធី ONE។ភ្នំពេញ ប៉ុសិ៍្ត
សំ ថារ័ត្ន បានបញ្ជាក់ថា៖ «នៅពេលនោះ មានអ៊ំៗនគរបាលជាតិមួយចំនួនបានកោតសរសើរ ហើយជួយជាគំនិតយោបល់ដល់ខ្ញុំថា បើក្មួយប្រឡងចូលក្របខ័ណ្ឌប៉ូលិសវិញ គឺអាចនឹងក្លាយជាគ្រូបង្វឹកម្នាក់ របស់នគរបាលជាតិមិនខាន ព្រោះធនធានក្បាច់គុននេះមានអ្នកចេះដោយកម្រណាស់។ បន្ទាប់មកខ្ញុំក៏ព្យាយាមរកដាក់ពាក្យប្រឡងចូលហើយបានជាប់ជាស្ថាពរ ដោយគ្មានអន្តរាគមន៍ពីនរណាម្នាក់នោះឡើយ»។
អ្នកប្រយុទ្ធគុនចម្រុះ សំ ថារ័ត្ន ដែលមានរហស្សនាមថា «តាឡនតន» ជាកូនអ្នកជំនាញតន្ត្រីជើងចាស់ លោក អ៊ំ ដារ៉ា ប៉ុន្តែក្មេងស្រីដែលបានប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ២០០៨ រូបនេះ បានចូលសិក្សានៅក្នុងសាកលវិទ្យាល័យ មួយរយៈពេលប៉ុណ្ណោះ ក៏សម្រេចចិត្តឈប់ ខណៈ ឪពុកចាស់ជរា មានការលំបាកខាងជីវភាព មិនអាចបន្តការសិក្សាបានទៀតនោះ។
យ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលដ៏ស្មុគស្មាញនោះ សំ ថារ័ត្ន បានងាកមកលេងកីឡាល្បុក្កតោ រួចក៏បន្តហ្វឹកហាត់កីឡាចំបាប់ប្រដាល់គុនខ្មែរ និងលេងកីឡាគុនចម្រុះ (MMA) ហើយដោយមានទេពកោសល្យផ្នែក កីឡា ថារ័ត្ន បានវិវឌ្ឍខ្លួនយ៉ាងឆាប់ រហ័ស ដើម្បីក្លាយជាកីឡាការិនីដ៏ឆ្នើមម្នាក់ ដែលមានសមត្ថភាពអាចប្រកួត និងចេញទៅសម្តែងនៅលើឆាកអន្តរជាតិ ទទួលបានជយលាភីជាបន្តបន្ទាប់ ព្រមទាំងរីកចម្រើនវិជ្ជាគុន បានក្លាយទៅជាអ្នកសម្តែងក្បាច់គុនឲ្យផលិតកម្មភាពយន្តល្បីល្បាញ ទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែមិនដែលខកខានហ្វឹកហាត់កីឡាប្រយុទ្ធជាប្រចាំឡើយ។
ជាមួយបទពិសោធយ៉ាងជោកជាំជាមួយកីឡានេះ កីឡាការិនី វ័យ ២៩ ឆ្នាំ សំ ថារ័ត្ន បានជាប់ជាកីឡាការិនីឆ្នើមជម្រើសជាតិល្បុក្កតោ កាលពីឆ្នាំ ២០១០ និងបានជាប់ជាបរវរកញ្ញាក្បាច់គុនពិភពលោក តាមរយៈការប្រកួតប្រជែងជាមួយកីឡាការិនីមកពីប្រទេសជាច្រើនទៀត ដែលធ្វើនៅប្រទេស វៀតណាម ហើយបានសាងភាពល្បីល្បាញ និងទទួលបានការងារពីវិស័យភាពយន្ត ដោយអាចរកបានប្រាក់ចំណូលជួយខ្លួនឯងផង និងឪពុកម្តាយចាស់ជរាផង។
បន្ថែមលើនេះ សំ ថារ័ត្ន នៅតែបន្តហ្វឹកហាត់កីឡាប្រយុទ្ធ ហើយបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍គុនចម្រុះ (MMA) ចំនួន ៦ ដង ដោយឈ្នះ ៤ និងចាញ់ ២ លើក។ ចំណែកការប្រកួតចំនួន ៣ លើក ក្នុងកម្មវិធី ONE Championship កាលពីឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ សំ ថារ័ត្ន បានឈ្នះ ១ និងចាញ់ ២ ដង។
ថារ័ត្ន បានផ្អាកឡើងទៅប្រកួតនៅសង្វៀនអាជីព តាំងពីចុងឆ្នាំ ២០១៧ បន្ទាប់ពីឈ្នះកីឡាការិនីថៃ Kaewjai Prachumwong នៅសង្វៀនមួយក្នុងប្រទេស ថៃ ហើយបច្ចុប្បន្នទូរទស្សន៍ថៃនៅតែស្នើសុំឲ្យឡើងប្រកួត តែនាងបានបដិសេធ ដោយងាកមកចង់ធ្វើជាគ្រូបង្វឹកក្របខ័ណ្ឌនគរបាលជាតិវិញ។
សំ ថារ័ត្ន បានបញ្ជាក់ថា៖ «ឆ្នាំ ២០២០ នេះ អាចនិយាយថា ជាជោគជ័យធំបំផុត ដោយខ្ញុំបានប្រឡងជាប់ជាប៉ូលិស បន្ទាប់ពីខ្ញុំបានបដិសេធមិនធ្វើជាគ្រូជម្រើសជាតិកីឡាល្បុក្កតោរបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជា គឺអាចនិយាយថា សុបិនបានក្លាយជាការពិត ពីព្រោះចំណង់ និងបំណងរបស់ខ្ញុំបានសម្រេចហើយ ដោយសារតែក្បាច់គុនក្នុងកីឡាប្រយុទ្ធនេះហើយ ដែលនាំខ្ញុំទទួលបានជោគជ័យគ្រប់កិច្ចការ»។
តាមភ្នំពេញប៉ុស្តិ៍ជួបសម្ភាស ជាមួយមន្ត្រីជាន់ខ្ពស់ប៉ូលិសពួកគាត់បានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា ការជ្រើសរើសក្របខ័ណ្ឌប៉ូលិសតាមរយៈកីឡា ដែលមានចំនួនច្រើន គឺមិនដែលប្រឡង ឬធ្វើតេស្តអ្វីទេ ហើយឋានន្តរស័ក្តិ គឺមានអត្តពលិកខ្លះ ឡើងលឿនបំផុតក្នុងរយៈពេលខ្លី ប៉ុន្តែស័ក្តិធំៗមែន។ ប្រភពដដែលបានអះអាងថា កាលឆ្នាំ ២០១៧ ខាងកីឡាទទួលបានក្របខ័ណ្ឌ ១៣៦ កន្លែង ឆ្នាំ ២០១៨ បាន ១១៨ កន្លែង ឆ្នាំ ២០១៩ មាន ៩៨ កន្លែង ខណៈឆ្នាំ ២០២០ នេះ មានចំនួនផ្តល់រួចហើយ ប៉ុន្តែមិនទាន់មានឯកសារផ្លូវការធ្លាក់ដល់ដៃខ្ញុំនៅឡើយទេ។
ប្រភពជាច្រើនដែលភ្នំពេញប៉ុស្តិ៍ ទទួលបានសុទ្ធតែសុំមិនឲ្យបញ្ចេញឈ្មោះ និយាយថាក្នុងចំនួនក្របខ័ណ្ឌតាមរយៈកីឡាចំនួនជិត ៤០០ នាក់នេះ បានទៅអត្តពលិកល្មមទេ ប៉ុន្តែមន្ត្រីកីឡា ឬអ្នកមិនបានចូលរួមក្នុងវិស័យកីឡា គឺមកតាមបក្ខពួក ឬភាពមិនប្រក្រតីណាមួយនោះមានចំនួនច្រើនគួរឲ្យចាប់អារម្មណ៍។ ប្រភពដដែលខ្សឹបប្រាប់ថា មានអត្តពលិកខ្លះ ដែលជាកីឡាពិតប្រាកដក៏រងភាពអយុត្តិធម៌ដែរ គឺបានជាប់ជាប៉ូលិសមិនអស់លុយមែន ប៉ុន្តែត្រូវបានគេកាត់ប្រាក់ខែច្រើនចូលខ្ទង់ឆ្នាំឯណោះ៕