ភ្នំពេញ៖ អ្នក​ប្រដាល់​ជើង​ថ្មី កំពុង​បាន​សាង​ភាព​ល្បី​របស់​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស សំ អាន បាន​ផ្តួល​កីឡាករ​ជើងចាស់​ទាំង ២ រូប​គឺ សេន កុសល នៅ​វគ្គ​ជម្រុះ និង គង់ ហូវ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​យក​ប្រាក់​រង្វាន់ ៣,៤ លាន​រៀល ពី​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ​សង្វៀន​ថោន ជា​លើក​ទី២ កាល​ពី​ថ្ងៃអាទិត្យ។

ចំពោះ​ការ​ទាត់​ឱ្យ សេន កុសល ឡើង​គ្រាំគ្រា និង​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​រហូត​សម្រេច​បោះបង់​ចោល ក្រោយ​ទឹក​ទី២ បាន​បញ្ចប់​នៅ​វគ្គ​ជម្រុះ រួម​ទាំង​ការ​បន្ត​វាយ​កែង​ស្តាំ បណ្តាល​ឱ្យ គង់ ហូវ សន្លប់​ក្នុង​ទឹក​ទី២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​នេះ ត្រូវ​បាន សំ អាន អះអាង​ថា ជា​ជ័យជម្នះ ដែល​ទទួល​បាន​ដោយ​ការ​ស៊ី​ផុយ គឺ​មិន​តាន​តឹង​ដូច​ពេល​រូប​គេ​ឈ្នះ​ប្រាក់​លាន​នេះ កាល​ប្រកួត​លើក​ទី១ នោះ​ទេ។

សំ អាន បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ «ការ​ប្រកួត​លើក​នេះ ខ្ញុំ​ស៊ី​រាង​ផុយ​ជាង​ការ​ប្រកួត​មុនៗ ដោយសារ​ខ្ញុំ​ហ្វឹកហាត់​បាន​ពេញ​ល្អ។ សម្រាប់ សេន កុសល គាត់​រាង​ធន់​ដែរ ប៉ុន្តែ​គាត់​ចូល​របស់​ខ្ញុំ​ធ្ងន់ៗ​ពេក ចំណែក គង់ ហូវ នៅ​ទឹក​ទី១ និង​ដើម​ទឹក​ទី២ គាត់​ចាប់​ក្បាច់​ខ្ញុំ​បាន ប៉ុន្តែ​នៅ​ចុង​ទឹក​ទី២ ខ្ញុំ​បាន​ព្យាយាម​ប្តូរ​ក្បាច់​មិន​ឱ្យ​គាត់​ចាប់​ក្បាច់​ខ្ញុំ​បាន​ទៀត​ទេ ហើយ​គាត់​បាន​ចូល​ចំ​ចុង​កែង​ស្តាំ​របស់​ខ្ញុំ បណ្តាល​ឱ្យ​សន្លប់​តែ​ម្តង»។

ចំណែក​ជើង​ខ្លាំង​ជំនាញ​ស្នៀត​ទាត់ គង់ ហូវ ដែល​បាន​ឈ្នះ​ពិន្ទុ សេក ថាវរី ទាំង​វេទនា​ខ្លួន​នៅ​វគ្គ​ជម្រុះ​នោះ បាន​ទទួល​ស្គាល់​ចំពោះ​ការ​ចាញ់​ដោយ​សន្លប់​ក្រោម​កែង​របស់ សំ អាន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ។ គង់ ហូវ បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​ចាញ់​ដោយ​អស់​ចិត្ត ព្រោះ​កម្លាំង​វ៉ៃ​ចេញ​របស់ សំ អាន នេះ គឺ​សន្ធាប់​ខ្លាំង​ណាស់ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គ្មាន​ឱកាស​ប្រើ​ស្នៀត​ទាត់​បាន ព្រោះ​កណ្តាប់​ដៃ និង​ស្នៀត​កែង​របស់​គាត់ វាយ​ចេញ​មក​លឿនៗ​ពេក លំបាក​ទប់ ឬ​គេច​ណាស់»។

គង់ ហូវ ដែល​ទទួល​បាន​ប្រាក់​រង្វាន់ ១,៨ លាន​រៀល​បាន​បន្ថែម​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ថា ខ្សោយ​កម្លាំង​តាំង​ពី​វគ្គ​ដំបូង ដែល​កីឡាករ ​សេក ថាវរី ប្តូរ​កណ្តាប់​ដៃ​ជាមួយ​ខ្ញុំ សឹងតែ​អស់​ខ្យល់ និង​សន្លប់​ម្តងៗ​ទៅ​ហើយ ហើយ​នេះ​ក៏​ជា​ការ​ចាញ់​លើក​ទី៤ ជាប់ៗ​គ្នា​របស់​ខ្ញុំ​ផង​ដែរ គឺ​មួយ​រយៈ​នេះ ខ្ញុំ​មិន​ទាន់​មាន​លទ្ធភាព​ឈ្នះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​មុខរបរ​ប្រដាល់​នេះ​ឡើយ ព្រោះ​ការ​ចាញ់​បែប​នេះ មក​ពី​ខ្ញុំ​ហ្វឹកហាត់​មិន​បាន​ល្អ ធ្លាក់​កម្លាំង ហើយ​ម្យ៉ាង ខ្ញុំ​ក៏​បាន​ងាក​មក​ធ្វើ​ការងារ​ក្រៅ​បន្ថែម ដើម្បី​ប្រាក់​ចំណូល​ជួយ​គ្រួសារ​ដែល​ឪពុក​ម្តាយ​ចាស់ៗ​នៅ​ក្នុង​បន្ទុក​ផង»។

ចំណែក សេន កុសល ដែល​កន្លង​មក មាន​សមត្ថភាព​លំដាប់​ខ្លាំង​មួយ​រូប​នោះ គឺ​ដូច​ជា​ធ្លាក់​ចុះ​មែនទែន ដោយ​គ្មាន​សមត្ថភាព​តដៃ​ជាមួយ សំ អាន សោះ ហើយ​ប្រភព​ពី​មន្ត្រី​សហព័ន្ធ​ប្រដាល់​បាន​ប្រាប់​ថា៖ «សេន កុសល មាន​ឈ្មោះ​បម្រុង​ជា​កីឡាករ​ជម្រើសជាតិ​ឃីកបុស៊ិង ប៉ុន្តែ​តាមរយៈ​ការ​ប្រកួត​បែប​នេះ គេ​មិន​អាច​យក​បាន​ទេ»។ សេន កុសល ក្រោយ​ពេល​ប្រកួត​មិន​អាច​សុំ​សម្ភាស​បាន​ទេ ដោយ​រូប​គេ​បាន​ត្រឹម​ដើរ​គេច​ចេញ និង​គ្រវី​ក្បាល៕