ភ្នំពេញ៖ គណៈកម្មាធិការជាតិស៉្បេស្យាល់អូឡាំពិកកម្ពុជា (NSOCC) បាននិងកំពុងប្រតិបត្តិការទៅតាមគម្រោងប្រចាំឆ្នាំ ២០២០ យ៉ាងសកម្ម ទោះបីជាការបំពេញការងារនេះ ប្រឈមទៅនឹងបញ្ហាជំងឺឆ្លងកូវីដ ១៩ វាយលុកក៏ដោយ ហើយជាមួយនឹងកម្មវិធីប្រចាំឆ្នាំចំនួន ១១ លើក ដែលមានវិសាលភាពទៅដល់ខេត្តចំនួន ១២ និងរាជធានីភ្នំពេញច្រើនជាងគេនោះ NSOCC បានប្រតិបត្តិការការងារ ដោយចាប់ផ្តើមតាំងពីដើមខែមីនា នឹងគ្រោងបញ្ចប់នៅខែវិច្ឆិកា ខាងមុខ។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិស៉្បេស្យាល់អូឡាំពិកកម្ពុជា បានប្រាប់ថា៖ «គម្រោង និងកម្មវិធីប្រតិបត្តិការរបស់ NSOCC ក្នុង ២០២០ នេះ បានដំណើរការ និងធ្វើសកម្មភាពទៅតាមការកំណត់ ទោះបីជាបញ្ហាកូវីដ ១៩ បានវាយលុកជាលក្ខណៈសកលក៏ដោយ ព្រោះយើងធ្វើសកម្មភាពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺមានអនាម័យល្អ និងរក្សាគម្លាតពីគ្នាតាមការណែនាំ»។
លោកបន្តថា នៅក្នុងគម្រោងប្រចាំឆ្នាំចំនួន ១១ ព្រឹត្តិការណ៍នេះ គឺមាននៅក្នុងរាជធានីភ្នំពេញចំនួន ៤ លើក ដោយផ្តោតទៅលើការប្រមូលផ្តុំអាណាព្យាបាលឱ្យចេះគ្រប់គ្រងត្រួតអត្តពលិក, ពិនិត្យអំពីសុខភាព និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកក្នុងនោះយើងបានអនុវត្តនូវគម្រោងមួយចំនួន ហើយនិងសល់ ៦ គម្រោងទៀត នៅខែតុលា និងខែវិច្ឆិកា។
លោក ឃ្លាំង ចន្ធូ បានបន្ថែមថា យើងសម្រេចបាន ៣ ខេត្ត មានបាត់ដំបង ព្រះវិហារ ខេត្តតាកែវ និងរាជធានី ១។ ចំណែក គម្រោងនៅសល់ចំនួន ៦ ទៀត ដែលត្រូវសម្រេចឱ្យបាន គឺមានដូចជា ថ្ងៃ ២៧ ខែកញ្ញា នឹងធ្វើនៅខេត្ត ២ រួមគ្នា គឺព្រៃវែង និងស្វាយរៀង បន្ទាប់មកថ្ងៃទី ៤ ខែតុលា គ្រោងនឹងប្រារព្ធកម្មវិធីនៅក្នុងខេត្តសៀមរាប និងកំពង់ធំ ហើយនៅថ្ងៃទី ១១ ធ្វើនៅបន្ទាយមានជ័យ និងបាត់ដំបង រួចនៅថ្ងៃទី ១៨ ធ្វើនៅខេត្តស្វាយរៀងបន្ថែមទៀត។ លុះចូលដល់ថ្ងៃទី ៨ ខែវិច្ឆិកា នឹងវិលមកធ្វើនៅរាជធានីភ្នំពេញ និងថ្ងៃទី ១១ ខែវិច្ឆិកា ដដែល ធ្វើនៅខេត្តកណ្តាល។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិស៉្បេស្យាល់អូឡាំពិកកម្ពុជា ជាអង្គការកីឡាដែលផ្តោតទៅលើជនទាំងឡាយណា មានបញ្ញាខ្សោយមិនប្រក្រតី មានស្មារតីតិច ឬពិការភាព មិនធ្ងន់ធ្ងរ គឺស្ថាប័ននេះបានប្រមូលមកបណ្តុះបណ្តាលអប់រំតាមរយៈលេងកីឡា ដើម្បីបង្កើនស្មារតី ព្រមទាំងឱ្យពួកគាត់ហ្វឹកហាត់លេងកីឡាជាលក្ខណៈមហាជន ឱ្យមានភាពប្រសើរជាងមុន។
ចំពោះការធ្វើសកម្មភាព ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន និងមានក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលនោះ គឺ NSOCC ពង្រីកវិសាលភាពបានចំនួន ១១ កម្មវិធីនៅទូទាំងប្រទេសក្នុងព្រឹត្តការណ៍ចំនួន ៧ ធ្វើនៅខេត្ត និង ៤ ព្រឹត្តិការណ៍ធ្វើនៅរាជធានីភ្នំពេញ។
លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ដែលជាអនុប្រធាន SNOCC បានថ្លែងថា៖ «ក្នុងឆ្នាំ ២០២០ នេះ គណៈកម្មាធិការស៉្បេស្យាល់អូឡាំពិកកម្ពុជា ត្រូវធ្វើសកម្មភាពនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តសៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង តាកែវ កំពត កណ្តាល កំពង់ស្ពឺ កំពង់ចាម ព្រះវិហារ និងខេត្តព្រៃវែង ហើយក្រៅពីនេះ យើងបានសហការជាមួយអង្គការសមាគម ដែលគ្រប់គ្រងជនពិការ ឬជនបញ្ញាខ្សោយ ជាពិសេសជនពិការភាព ដើម្បីឱ្យពួកគាត់ទទួលបានការអប់រំបណ្តុះបណ្តាល និងភាពឆ្លាតវៃ»៕