ភ្នំពេញ៖ អ្នក​ប្រដាល់​មក​ពី​នាយកដ្ឋាន​អង្គរក្ស សុខ​ សាវិន ​​និង​គ្រូ​បង្វឹក​របស់​គេ ​លោក ស៊ន អេលីត បាន​​រិះគន់ និង​ចោទ​ប្រកាន់​លោក​អាជ្ញាកណ្តាល អ៊ិន ខេមរិន្ទ ថា មាន​ចេតនា​ជួយ​ដល់​កីឡាករ ឡុង ជិន ដើម្បី​ឱ្យ​រូប​គេ​គេច​ផុត​ពី​ការ​សន្លប់​ ហើយ​អាច​កែប្រែ​ស្ថានភាព​ពី​គ្រោះ​ទៅ​ជា​លាភ ដោយ​បាន​ក្លាយ​ជា​ម្ចាស់​​ប្រាក់​លាន​ចំនួន ​៤ លាន​រៀល នៅ​លើ​សង្វៀន​ថោន​ជា​លើក​ទី​២។

តាមរយៈ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ សុខ សាវិន បាន​ផ្តួល បាង កាយ៉ាក ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ ចំណែក ឡុង ជិន បាន​​ឈ្នះ ជ័រ ពៅ ដោយ​ពិន្ទុ ហើយ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទាំង ​២ ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ ​១ ​នោះ។

នៅ​ក្នុង​ការ​ប្រកួត​នោះ ​សុខ សាវិន និង ឡុង ជិន ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​លំបាក​នឹង​វិនិច្ឆ័យ​ថា ​ខាង​ណា​មាន​ប្រៀប​សម្រាប់​ការ​ប្រកួត​នៅ​ទឹក​ទី​១ ប៉ុន្តែ​ចូល​ទឹក​ទី​២ ​ឡុង ជិន បុក​ជង្គង់​ចូល​ពោះ​ សុខ​ សាវិន​ នាំ​ឱ្យ​ដួល ហើយ​ត្រូវ​បាន​​អាជ្ញា​កណ្តាល​លោក អ៊ិន ខេមរិន្ទ រាប់​ភ្លាមៗ។

ទោះ​យ៉ាង​ណា ​សម្រាប់​ការ​ប្រកួត​នៅ​​ទឹក​ទី​៣ ​សុខ ​សាវិន បាន​​ម៉ាត់​ចូល​ផ្ទៃ​មុខ ឡុង​ ជិន​ ពេញ​បណ្តាល​ឱ្យ​វង្វេង នាំ​ឱ្យ​អាជ្ញា​កណ្តាល​រាប់​ទៅ​លើ​ ឡុង​ ជិន ​វិញ​ម្តង​ ប៉ុន្តែ​​កាយ​វិការ​​​របស់​អាជ្ញា​កណ្តាល​ អ៊ិន ខេមរិន្ទ​ មាន​សកម្មភាព​ពន្យារពេល ដោយ​រាប់​បែប​យឺតៗ​ដែល​ភាសា​ប្រដាល់​គេ​និយម​ហៅ​ថា​ សូវ៉េ​ ឬ​​អាច​ថា ​ជា​ចេតនា​ជួយ​ឱ្យ​ ឡុង ​ជិន ​ស្តារ​ភាព​វង្វេង​វង្វាន់​មក​វិញ​ព្រោះ​ការ​ម៉ាត់​របស់​ សុខ ​សាវិន ​ធ្វើ​ឱ្យ​ ឡុង ជិន ​ស្រុត​ចុះ​រក​កល​នឹង​ដួល​ តែ​ត្រូវ​បាន​អាជ្ញា​កណ្តាល​ចូល​ចាប់​​ភ្លាមៗ​។​

បន្ថែម​លើ​បញ្ហា​នេះ គឺ​នៅ​ក្រោយ​ការ​ប្រកួត ​៣ ទឹក​នេះ ​ចៅក្រម​បាន​ផ្តល់​ពិន្ទុ​ឱ្យ​ ​ឡុង ​ជិន ​ឈ្នះ​ដាច់​តែ​ម្តង ​៥ ទល់​នឹង ​០​ នាំ​ឱ្យ​ សុខ ​សាវិន ​មិន​ពេញ​ចិត្ត ​ហើយ​ស្នើ​សុំ​សងសឹក​ឡើង​វិញ​។ ​ជាមួយ​គ្នា​នេះ​ ​លោក ​ស៊ន ​អេលីត ជា​​គ្រូ​បង្វឹក​និយាយ​ថា​៖ ​«ខ្ញុំ​ខ្ជិល​និយាយ​ពី​រឿង​ដាក់​ពិន្ទុ​ ​ព្រោះ​គ្មាន​បាន​លទ្ធផល​អ្វី​មក​វិញ​ទេ​ ​ដោយសារ​ជា​សិទ្ធិ​ផ្តាច់​មុខ​​របស់​គេ ​មិន​អាច​តវ៉ា​បាន​ការ​អី​ទេ​​ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ពី​សកម្មភាព​លោក​អាជ្ញា​កណ្តាល​ អ៊ិន​ ខេមរិន្ទ ​ទំនង​មាន​ចេតនា​ជួយ​ ឡុង​ ជិន ​គេច​ផុត​ពី​ការ​សន្លប់​ ដោយសារ​តែ ​សុខ ​សាវិន​ ​ព្រោះ​ការ​ចាញ់​ ឬ​ឈ្នះ​ វា​មាន​ឱកាស​មាស​តែ​ក្នុង​រយៈ​ពេល​ខ្លី ​ខណៈដែល​កំពុង​វង្វេង​វង្វាន់​នោះ​ហើយ​»។

ស៊ន ​អេលីត បាន​​បន្ថែម​ថា​៖ «​ខ្ញុំ​ស្គាល់​ចរិត​អាជ្ញា​កណ្តាល​ចៅក្រម​មួយ​ចំនួន ​សុទ្ធ​តែ​ស្អប់​ខ្ញុំ​ ធ្វើ​បាប​កូន​សិស្ស ​ដែល​មិន​ចេះ​លុត​ក្រាប ​និង​អែប​អប​ឱ្យ​ពួក​គាត់​បាន​ផឹក​ស៊ី​។​ ​ខ្ញុំ​មិន​ចេះ​អែបអប​ខុស​រឿង​ទេ​ ខ្ញុំ​ជឿ​លើ​សមត្ថភាព​កីឡាករ​ប្រកួត ​ដោយ​ឥឡូវ​ក្លិប​របស់​ខ្ញុំ​បាន​​ឯកភាព​ជាមួយ​មេៗ​ ដាក់​គោលដៅ​ថ្មី​ បើ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ជូន ​៥០០ ​ដុល្លារ​បន្ថែម​ទៀត​ ហើយ​ឈ្នះ​ពិន្ទុ​ជូន ​៣០០ ​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សិស្ស​ប្រឹង​វ៉ៃ​។​ ការ​ធ្វើ​បែប​នេះ ​កុំ​ឱ្យ​ពួក​ចៅក្រម​អាជ្ញា​កណ្តាល​មួយ​ចំនួន ​អាច​លួច​បន្លំ​ និង​លម្អៀង​បាន​ ហើយ​​ម៉្យាង​ទៀត​កូន​សិស្ស​មាន​ទឹក​ចិត្ត​ហាត់​ឱ្យ​ខ្លាំង​វ៉ៃ​ដៃ​គូ​ឱ្យ​ដាច់​ ឬ​សន្លប់​តែ​ម្តង»​។​

ចំណែក​លោក ​ជួប ​វុត្ថា ​អ្នក​សម្របសម្រួល​ការ​ផ្គូផ្គង​ប្រចាំ​នៅ​សង្វៀន​ថោន​បាន​​និយាយ​ថា​៖ «​ខាង​សង្វៀន​ គ្មាន​សិទ្ធិ​ក្នុង​ការ​វិនិច្ឆ័យ​ទេ ​ប៉ុន្តែ​សំណើ​របស់ ​សុខ​ សាវិន​ សុំ​សងសឹក គឺ​ទទួល​យក​ដោយ​​ដាក់​ឱ្យ​សងសឹក​គ្នា​ម្តង​ទៀត ​នៅ​ថ្ងៃទី ​១៤ ខែ ​កម្ភៈ ឆ្នាំ ​២០២១​»​។

ចំពោះ ​ឡុង ​ជិន ដែល​​ធ្លាប់​ឈ្នះ​ប្រាក់​លាន​ពី​កម្មវិធី​នេះ ​២ ​លើក​ បាន​សារភាព​ថា​៖ ​«ការ​​ប្រកួត​នេះ​លំបាក​យក​ឈ្នះ​មែន ដោយ​​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ ​គឺ​ស្រេច​លើ​គណៈកម្មការ​ជា​អ្នក​ឱ្យ​ពិន្ទុ​ប៉ុណ្ណោះ»​​៕​​