ភ្នំពេញ៖ ក្លិប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស​ដែល​សម្បូរ​ធនធាន​កីឡាករ​មាន​សមត្ថភាព​ល្អ​ក្នុង​លំដាប់​ជួរ​មុខ​នោះ​ ត្រូវ​បាន​ប្រកាស​ប្រមូល​កីឡាករ​ឱ្យ​​ចូល​ហ្វឹកហាត់​វិញ ​ដើម្បី​ទទួល​យក​ការ​ចាប់​គូ​ប្រកួត​ឡើង​វិញ​ នៅ​តាម​​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន ​បន្ទាប់​ពី​ក្លិប​នេះ បាន​ផ្អាក​ប្រមូល​ផ្តុំ​ហ្វឹកហាត់ ​និង​ទទួល​ការ​ប្រកួត​ដោយ​បញ្ហា​ជំងឺ​ឆ្លង​កូវីដ ​១៩ ​អស់​រយៈពេល​ជាង ​​២ ​ខែ​មក​នេះ​។​​

ក្លិប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស​មិន​ត្រឹម​តែ​​ប្រមូល​ផ្តុំ​ដោយ​​កីឡាករ​ល្អៗ ​មាន​សមត្ថភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្លិប​នេះ​​ក៏​មាន​​ធនធាន​ថវិកា​ទ្រទ្រង់​ល្អ ​ដែល​អាច​មាន​លទ្ធភាព​ទិញ ឬ​​ផ្ទេរ​​យក​កីឡាករ​មក​ពី​​ក្លិប​ និង​សមាគម​ប្រដាល់​​ផ្សេងៗ បាន​ចំនួន​ច្រើន​ ព្រោះ​ក្លិប​​នេះ​មាន​ថ្នាក់​ដឹកនាំ​ ជា​នាយ​នគរបាល​ជាន់​ខ្ពស់​ ​ចាំ​ជួយ​គាំទ្រ​ដល់​​ការ​ហូប​ចុក ​ស្នាក់នៅ និង​​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​កីឡាករ នៅ​ពេល​ប្រកួត​ឈ្នះ​ ពិសេស​ផ្តួល​ដៃគូ​ឱ្យ​​សន្លប់​បាន​ដល់ ​៥០០ ​ដុល្លារ ធ្វើ​ឱ្យ​ពួក​គេ​ចង់​ចូល​ហាត់​។​

គិត​មក​ដល់​បច្ចុប្បន្ន​ ក្លិប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស​ ដែល​មាន ​លោក​ ស៊ន​ អេលីត ជា​អ្នក​​គ្រប់គ្រង​ផ្ទាល់​មាន​លក្ខណៈ​រីក​ចម្រើន​ខ្លាំង​ ​ប៉ុន្តែ​ជំហ​របស់​ ស៊ន ​​អេលីត​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ពូ​កែ​ស្វែងរក​ការ​ផ្គត់ផ្គង់​ជូន​កីឡាករ ​ហើយ​មាន​ភាព​ឯករាជ្យ ​មិន​ចូលចិត្ត​លុត​ក្រាប ​ហេតុ​នេះ​លោក​មាន​ភាព​​អល់អែក​ មិន​ទាន់​ចូល​ក្នុង​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ ​ដោយ​លោក​បាន​បង្ហើប​បន្តិច​ថា ​​ជា​រឿង​ផ្ទៃ​ក្នុង​មិន​ចង់​និយាយ​ ទាក់ទង​ទៅ​នឹង​ផលប្រយោជន៍។​

លោក​ ស៊ន ​អេលីត បាន​​និយាយ​ថា​៖ «​ក្លិប​​របស់​យើង​មាន​កីឡាករ​ល្អ​​ឆ្នើមៗ​ជាង ​២០ ​នាក់ ​ប៉ុន្តែ​​ដោយសារ​បញ្ហា​កូវីដ ​១៩​ វាយ​លុក​ខ្លាំង​ និង​ដើម្បី​ចូលរួម​ការពារ​ជំងឺ​​ឆ្លង​ផង ​គឺ​យើង​​បាន​ផ្អាក​អស់​រយៈពេល​ចំនួន ​២ ​ខែ​មក​ហើយ​ ដោយ​​ក្លិប​​បាន​រំសាយ​កីឡាករ​ឱ្យ​​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ គឺ​នៅ​​មាន​កីឡាករ​ត្រឹម ​៤ ​ទៅ​ ​៥ ​នាក់​ប៉ុណ្ណោះ​ តែ​មិន​ហាត់​ទេ​ ហើយ​ក្នុង​រយៈពេល​ផ្អាក​នេះ ​ក្លិប​​របស់​​ខ្ញុំ​មាន​ជីវភាព​ធម្មតា ​មិន​មាន​ខ្វះខាត​ការ​ហូប​ចុក​អ្វី​ទេ​ ​ព្រោះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មេៗ ​មាន​លោក​នាយ​ឧត្តម​សេនិយ៍​ ឆៃ​ ស៊ីណារិទ្ធ លោក​ឧត្តមសេនីយ៍​ឯក ​ឌី ​វិជ្ជា ​និង ​លោក​ឧត្តម​សេនីយ៍​ យឹម​ លាង ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ជួយ​ឧបត្ថម្ភ»​។

លោក​​បន្ថែម​ថា​៖ «ទោះយ៉ាង​ណា នៅ​ពេល​ស្ថានភាព​ជំងឺ​​កូវីដ​​ធូរ​ស្រាល​បន្តិច ​ហើយ​អាជ្ញាធរ​ក៏​បាន​បើក​ផ្លូវ​ឡើង​វិញ​នោះ ​គឺ​ពេល​នេះ ​ខ្ញុំ​ប្រកាស​ឱ្យ​​កូន​សិស្ស​មក​ហ្វឹកហាត់​ឡើង​វិញ​ ដើម្បី​ចូលរួម​ប្រកួត​តាម​សង្វៀន​ទូរទសន្ស៍​មួយ​ចំនួន ​ដែល​ត្រូវ​ការ​កីឡាករ​យើង​ប្រកួត​​ ហើយ​ក្លិប​ខ្ញុំ​ឯករាជ្យ​មិន​ចូល​ក្នុង​ក្រសួង​មហាផ្ទៃ​ទេ​ ​ព្រោះ​ខ្ញុំ​មិន​ចង់​នៅ​ក្រោម​សម្ពាធ ​ឬ​លក្ខខណ្ឌ​លំបាក»។

ជា​ការ​ចាប់​ផ្តើម​ប្រមូល​ហ្វឹកហាត់​ឡើង​វិញ​នេះ ​ក្លិប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស ទើប​​តែ​ទទួល​បាន​កីឡាករ​​ចំនួន ​២ ​នាក់​ប៉ុណ្ណោះ​ ត្រូវ​​​ឡើង​ប្រកួត​ក្នុង​សប្តាហ៍​នេះ​ គឺ​កីឡា​ករ ​​អេលីត ​សាន់​ ត្រូវ​ប្រកួត​ជាមួយ​ ​លាភ ​រដ្ឋា ​នៅ​សង្វៀន​​ CNC ​និង​ ​អេលីត​ សម្ផស្ស​ ទៅ​ប្រកួត​នៅ​សង្វៀន​ថោន​ដណ្តើម​ប្រាក់​លាន​៕​​