ភ្នំពេញ៖ ​បើ​ទោះបី​ជា​កម្មវិធី​ប្រកួត​កីឡា​ធំៗ​នៅ​ទូទាំង​ពិភព​​លោក​ត្រូវ​បាន​ជាប់​គាំង ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​​ប្រទេស​វៀតណាម ដែល​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣១ ឆ្នាំ ​២០២១ នៅ​តែ​ប្រកាន់​ជំហរ​គ្មាន​ងាក​រេ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​នៅ​តំបន់​អាស៊ាន​មួយ​នេះ ទៅ​តាម​គម្រោង គឺ​នឹង​ធ្វើ​នៅ​ទីក្រុង​ហាណូយ ពី​ថ្ងៃ​ទី ​២១ ​វិច្ឆិកា ​និង​បិទ​នៅ​ថ្ងៃ​ទី ​២ ​ខែ ធ្នូ ​ឆ្នាំ ​២០២១។

ជាមួយ​គ្នា​នេះ​កម្ពុជា ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង​នៅ​ឆ្នាំ ​២០២៣ បន្ទាប់​ពី​ប្រទេស​វៀតណាម​ នោះ ក៏​កំពុង​ជួប​បញ្ហា​ក្នុង​ការ​ពង្រឹង​សក្តានុពល​ទាំង​ទៅ​លើ​ធនធាន​កីឡាករ និង​មន្រ្តី​បច្ចេកទេស ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ផង​ដែរ ហើយ​កម្ពុជា​ក៏​មិន​អាច​យក​លទ្ធផល ដែល​ខ្លួន​ធ្លាប់​ធ្វើ​បាន​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​កន្លង​មក ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ ឬ​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់​លាស់ សម្រាប់​ការ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ២០២៣​ នោះ​ដែរ។

លោក​ វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិកា​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ (CAMSOC) បាន​ថ្លែង​ប្រាប់​ថា៖ ​«​ដោយសារ​តែ​ពិភព​លោក​ ជួប​ទៅ​នឹង​បញ្ហា​ជំងឺ​​កូវីដ ​១៩​ ហើយ​កម្ពុជា​ក៏​មាន​ផល​ប៉ះពាល់​ខ្លះ​ដែរ​នោះ​ គឺ​គិត​មក​ដល់​បច្ចុប្បន្ន ​កម្ពុជា​មិន​ទាន់​ហ៊ាន​កំណត់​គោលដៅ​ ឬ​ព្យាករ​ពី​សក្តានុពល​នៃ​លទ្ធផល​របស់​អត្តពលិក​យើង​​កម្រិត​ណា​នៅ​ឡើយ​ ពោល​​គឺ​យើង​នឹង​ពិនិត្យ​លទ្ធផល​ក្រោយ​ស៊ីហ្គេម​នៅ​វៀតណាម​ ឆ្នាំ ​២០២១​ សិន ​ទើប​ច្បាស់​លាស់​»។​

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ បាន​បន្ថែម​ថា៖ ​«កាល​ពី​មហាសន្និបាត​ ដើម​ឆ្នាំ ​២០២០ NOCC ​បាន​កំណត់​គោលដៅ​ជា​បណ្តោះ​អាសន្ន​នូវ​លទ្ធផល​ព្យាករ​តាម​សហព័ន្ធ​កីឡា​ជាតិ ​ដើម្បី​ដណ្តើម​បាន​មេដាយ​ និង​ចំណាត់​ថ្នាក់​ ស្ថិត​ក្នុង​ចន្លោះ​​ពី​លេខ ​៥ ​និង​លេខ ​៦ ​ប៉ុន្តែ​បញ្ហា​ខកខាន​ការ​ហ្វឹកហាត់ ​និង​ប្រកួត​ច្រើន​នោះ ​យើង​មិន​ហ៊ាន​កំណត់​ដាក់​គោលដៅ​ ឬ​ធ្វើ​ការ​​ព្យាករ​ឲ្យ​ប្រាកដ​នោះ​ឡើយ»​។

អ្នក​ជំនាញ​កីឡា​រូប​នេះ បាន​បញ្ជាក់​ថា៖ ​«​កាល​ពី​ដំណាក់​កាល​ទី​១ ​យើង​ធ្វើ​សន្ទស្សន៍​ថា​ កម្ពុជា​យើង​នឹង​ឈរ​ក្នុង​លំដាប់​ទី​៥​ ឬ​ទី​៦ នៅ​ពេល​យើង​ធ្វើ​ម្ចាស់​ផ្ទះ នៅ​ឆ្នាំ ​២០២៣ ​ប៉ុន្តែ​ការ​វាយ​តម្លៃ​តំណាក់​កាល​ចុង​ក្រោយ ​គឺ​លទ្ធផល​ប្រកួត​នៅ​វៀតណាម​ ឆ្នាំ ​២០២១ ខណៈ​ការ​ប្រកួត​នេះ យើង​គ្រោង​បញ្ជូន​កីឡា​ពី ​៣០ ​ទៅ ​៣៥ ​ប្រភេទ​ឲ្យ​ទៅ​ចូល​រួម​»​។​

នៅ​ក្នុង​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ចូលរួម​ប្រកួត​ស៊ីហ្គេម​កន្លង​មក ​កម្ពុជា​ធ្លាប់​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ​៧ ​លេខ ​៨ ​និង​លេខ ​៩ ​ប៉ុន្តែ​បើ​គិត​ជា​មធ្យម​ភាគ​ គឺ​កម្ពុជា​មាន​លទ្ធផល​ត្រឹម​ចំណាត់​ថ្នាក់​លេខ ​៨ ​ក្នុង​តំបន់​អាស៊ាន ដែល​មាន ​១១ ​ប្រតិភូ​ចូលរួម ​គឺ​នៅ​ពី​លើ​ប្រទេស​ប៊្រុយណេ​ ឡាវ​ និង​ទីម័រ​ខាង​កើត ​ចំណែក​​មីយ៉ាន់ម៉ា​ កំពុង​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​កម្ពុជា ទៅ​តាម​ប្រភេទ​កីឡា ​ដែល​មាន​សក្តានុពល​។​

លោក​ សុខ ​អាង ​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា ​និង​ជា​អ្នក​សិក្សា​តាម​ដាន​ព្រឹត្តិការណ៍​កីឡា​ ហើយ​ក៏​​ធ្លាប់​ជា​អតីត​នាយក​បេសកម្ម​រង​​របស់​ NOCC ផង​ដែរ​នោះ ​និយាយ​ថា​៖ «​ក្នុង​គោលដៅ​មហាសន្និបាត​អូឡាំពិក​កន្លង​មក ​ការ​ដាក់​សន្ទស្សន៍​ដណ្តើម​មេដាយ​របស់​កម្ពុជា​ ក្នុង​ចំណាត់​ថ្នាក់​លេខ ​៥ ​ឬ​លេខ ​៦ ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ ​ព្រោះ​បញ្ហា​កូវីដ ​១៩​ ធ្វើ​ឲ្យ​សកម្មភាព​កីឡា​ខកខាន​ច្រើន»​។​

លោក​បន្ត​ថា​៖ ​«បញ្ហា​នេះ​ វា​ទាក់ទង​នឹង​ប្រភេទ​កីឡា​ ដែល​ម្ចាស់​ផ្ទះ​បាន​ដាក់ ​ហើយ​កម្ពុជា​មាន​ប្រភេទ​កីឡា​អ្វី ​ដែល​មាន​សក្តានុពល​ អាច​ប្រកួត​ប្រជែង​ជាមួយ​គេ អ៊ីចឹង​​ក្រោយ​ដឹង​លទ្ធផល​ពី​​​ស៊ីហ្គេម​ ឆ្នាំ ​២០២១ ​នៅ​វៀតណាម​ទើប​ការ​វាយ​តម្លៃ ​និង​កំណត់​គោល​ដៅ នៅ​ឆ្នាំ ​២០២៣ អាច​ធ្វើ​ទៅ​​បាន​ដោយ​​គួរ​ឲ្យ​ទុក​ចិត្ត»​៕