កណ្ដាល៖ ​​លោក ​ស៊ូជីយ៉ា​ ជនតិ​មីយ៉ាន់ម៉ា​អ្នក​ជំនាញ​បង្វឹក​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ​(​ចំណុះ ​១២ ​នាក់​) ​នា​ព្រឹក​ថ្ងៃទី ​៣០ ​ខែ ​កញ្ញា ​ឆ្នាំ ​២០១៩ ​​បាន​ផ្តល់​បទពិសោធ ​និង​បច្ចេកទេស​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ឈុត​ធំ ​និង​ឈុត​តូច ​នៅ​លើ​ទីលាន​មាត់​ទន្លេ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​។

ពិធី​បង្ហាញ​បច្ចេកទេស​នេះ ​គឺ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនិយ៍​ឯក​ ជា ប៊ុនហេង​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ទូកកានូ ​និង​រ៉ូអ៊ីង​កម្ពុជា​ព្រម​ទាំង​គ្រូ​ជម្រើស​ជាតិ ​ដើម្បី​ទទួល​បាន​បច្ចេកទេស​ថ្មីៗ​ក្នុង​ការ​ហ្វឹកហាត់​ក្នុង​គោល​បំណង​​ឈាន​ទៅ​រក​ការ​​ប្រកួត​ប្រជែង​លក្ខណៈ​​អន្តរជាតិ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ពិសេស ​គឺ​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ចុង​ឆ្នាំ​​ខាង​មុខ​នេះ ​នៅ​ប្រទេស ​ហ្វីលីពីន​​។​

លោក​ ជា ​ប៊ុនហេង ​ដែល​ចុះ​ដល់​ទីលាន​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​គ្រូ​បង្វឹក​ថ្នាក់​ជាតិ ​និង​គ្រូ​ជំនាញ​មក​ពី​បរទេស​បាន​មាន​ប្រសាសន៍​ថា​៖ «​គ្រូ​បង្វឹក​មក​ជួយ​ហ្វឹកហាត់​ផ្នែក​បច្ចេកទេស​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​បន្ថែម​ទៀត ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ការ​ប្រកួត​នៃ​​ព្រឹត្តិការណ៍​​កីឡា SEA​GAMS ២០១៩​ លើក​ទី ៣០​ នៅ​ក្នុង​​ប្រទេស ​ហ្វីលីពីន ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ៣០​ ខែ ​វិច្ឆិកា ​ដល់​ថ្ងៃទី ​១១​ ខែ ​ធ្នូ​ ឆ្នាំ ២០១៩​។

លោក ​ជា ​ប៊ុនហេង ​បាន​បន្ថែម​ថា​៖ «​កីឡា​ដែល​អាច​ឈាន​ទៅ​ដណ្តើម​ជយលាភី​បាន ​គឺ​ការ​ហ្វឹកហាត់​ឲ្យ​ត្រូវ​តាម​ជំនាញ​បច្ចេកទេស​ពិសេស​គឺ​គ្រូ​ល្អ​ដែល​មាន​ស្នា​ដៃ ​និង​បទពិសោធ​ទទួល​បាន​លទ្ធផល​ល្អ​ហេតុ​នេះ​យើង​នឹង​ស្វះស្វែង​រក​គ្រូ ​និង​អ្នក​ជំនាញ​មក​បង្វឹក ​និង​ផ្តល់​បច្ចេកទេស​ផ្ទាល់​ដល់​ទីលាន​តែ​ម្តង​។​ នៅ​ពេល​ខាង​មុខ​នឹង​សុំ​គោលការណ៍​ស្វែងរក​គ្រូ​បង្វឹក​មក​ពី​បរទេស ​ដើម្បី​ប្រចាំ​ការ​ហ្វឹកហាត់​ផ្ទាល់​តែ​ម្តង​ទើប​ទទួល​បាន​លទ្ធផល​ល្អ​»​។​​

ទោះ​ជា​យ៉ាង​ណា​ ជម្រើសជាតិ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​មាន​ត្រឹម ​១៤ ​នាក់​ ​មិន​អាច​ទៅ​ចូល​លេង​ចំណុះ​លើស​ពី​វិញ្ញាសា ១២ ​នាក់​ ចម្ងាយ ​២០០ ម៉ែត្រ​បាន​ទេ​ពី​ព្រោះ​យើង​ខ្វះ​កីឡាករ ​ខណៈ​ដែល​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​​ផ្តល់​ឲ្យ​ប្រមូល​ផ្តុំ​ឈុត​ធំ​បាន​តែ ​១៤ ​នាក់​ និង​ឈុត​តូច ​១៤ ​នាក់​​​។​

កញ្ញា ​មាស​ តឿ​ អ្នក​សម្រប​សម្រួល​សហព័ន្ធ​កីឡា​ទូក​កានូ ​និង​រ៉ូអ៊ីង​កម្ពុជា​​និយាយ​ថា៖ «​​ក្រុម​កីឡាករ​ទូក​ធ្លាប់​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​ជា​ច្រើន​លើក​មក​ហើយ​ក្នុង​នោះ​យើង​ទទួល​បាន​ផល​គួរ​ឲ្យ​កត់​សម្គាល់​»​។

កន្លង​មក​ការ​ប្រកួត​កីឡា​ទូក​អាស៊ាន​មិត្តភាព​ចិន-កម្ពុជា ​ទទួល​បាន​មេដាយ​ប្រាក់​ និង​សំរឹទ្ធ​ ការ​ប្រកួត​ជើង​ឯក​ប៉ូលិស​ពិភព​លោក​ទទួល​បាន​មេដាយ​មាស​នៅ​ប្រទេស ចិន ​និង​ការ​ប្រកួត ជើងឯក​ពិភព​លោក​ទទួល​បាន​មេដាយ​ប្រាក់​នៅ​ប្រទេស ​ថៃ​។​

ជាមួយ​គ្នា​នេះ​តាម​ការ​ណែនាំ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម​ ជា ​ប៊ុនហេង​ មាន​គោលដៅ​ដណ្តើម​យក​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ ​២០១៩​ នេះ​នៅ​ហ្វីលីពីន​។​

កញ្ញា​ ​មាស​ តឿ​ បន្ថែម​​ទៀត​ថា​៖ ​«​កាល​ពី​ថ្ងៃទី ​១៦ ​ខែ កញ្ញា ​ឆ្នាំ ២០១៩ ប្រតិភូ​គ្រូ​បង្វឹក​កីឡាករ-កីឡាការិនី​ទូក​កានូ​ចំនួន ​១៧ ​រូប បាន​ចេញ​ដំណើរ​ទៅ​ចូលរួម​ធ្វើ​ការ​ហ្វឹកហាត់ ធ្វើ​ទស្សនកិច្ច​សិក្សា និង​ធ្វើ​ការ​ប្រកួត​កីឡា​ទូក​កានូ​​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​​ក្រុម​និស្សិត​ជប៉ុន​ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ​១៦​ ដល់​ថ្ងៃទី ​២៥​ ខែ ​កញ្ញា​ ឆ្នាំ ២០១៩ នៅ​ប្រទេស ​ជប៉ុន ​ដើម្បី​ពង្រឹង​សមត្ថភាព​ថែម​ទៀត​»៕​