ភ្នំពេញ៖ កីឡាករ​វ័យ​ក្មេង​ សុខ​ លឹមហេង​ មក​ពី​ក្លិប​សេះខៀវ​ ដែល​ជា​និស្សិត​សាកលវិទ្យាល័យ​វ៉ាន់ដា​ ធ្លាប់​ឈ្នះ​តំណែង​ស្តេច​អុក នៅ​​អង្គរ​សង្រ្កាន្ដ​ ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ ២០១៨​ នោះ ​បាន​បង្ហាញ​ភាព​ខ្លាំង​ជា​ថ្មី​ម្តង​ទៀត តាមរយៈ​ការ​ឈ្នះ​តំណែង​ជើងឯក ការ​ប្រកួត​ពាន​រង្វាន់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ ប្រចាំ​ឆ្នាំ ​២០១៩ កាល​ពី​ថ្ងៃ​ចន្ទ។​

សម្រាប់​ការ​ប្រកួត​ដែល​​មាន​រយៈ​ពេល ​២ ​ថ្ងៃ ធ្វើ​នៅ​​ភោជនីយដ្ឋាន​ស្រី​អូន ក្នុង​​ខណ្ឌ​៧​មករា ​រាជធានី​ភ្នំពេញ​នោះ គឺ​មាន​បេក្ខជន​លំដាប់​ជើង​ខ្លាំងៗ​ចំនួន ​៤០ ​នាក់ បាន​ចូលរួម មក​ពី ​៩ ​ក្លិប ហើយ​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ សុខ លឹមហេង បាន​យក​ឈ្នះ​កីឡាករ​ជើង​ចាស់ ជា​ម្ចាស់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ ​២០១៩ ​រស់ រិទ្ធីយ៉ា​ នៅ​ក្តារទី ​២ ដើម្បី​ទទួល​បាន​លេខ ​១ និង​ប្រាក់​រង្វាន់ ​១,២ ​លាន​រៀល។

ចំណែក​​អ្នក​លេខ ២ ​​រស់ ​រិទ្ធីយ៉ា​​ ក្លិប​គ្រូ​បារាំង​ប៊ូលឌីង​ បាន​ ​១ ​លាន​រៀល​។ រីឯ​​កីឡាករ ​ឆយ​ វីរ៉ា​ ជាអតីត​ជើងឯក​ពាន​រង្វាន់​អុក​សម្តេច​ ហ៊ុន​ សែន​ ឆ្នាំ ​២០១០ ​បាន​យក​ឈ្នះ កីឡាករ​ គុជ​ ពិសិដ្ឋ ដើម្បី​ទទួល​បាន​លេខ ​៣ ​និង​​ប្រាក់​រង្វាន់​ ​៨០ ​ម៉ឺន​រៀល ​ហើយ ​គុជ ​ពិសិដ្ឋ​ បាន​​ប្រាក់ ​​៦០ ​ម៉ឺន​រៀល​ផង​ដែរ​។

លោក ​គួច​ ចន្ថារិទ្ធ​ ហៅ​ ត្រេន​ ​ជា​គណៈកម្មការ​រៀបចំ​ប្រកួត​បាន​​ប្រាប់​​ថា​៖ ​«កីឡាករ​ដែល​ឈ្នះ​បាន​ចំណាត់​ថ្នាក់​​លេខ ១​ ដល់​លេខ ៨ ក្នុង​ការ​ប្រកួត​នេះ ​នឹង​បាន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ លើក​ទី ​៨ ​នា​ខែ ​ធ្នូ​ ឆ្នាំ ​២០១៩​នេះ​ នៅ​ខេត្ត​កំពត ​ជាមួយ​កីឡាករ​ជើង​ខ្លាំង ៨ ​រូប​ នៅ​ខេត្ត​កំពត ដែល​​រង់ចាំ​ជា​ស្រេច»​។​

លោក​ គ្រួច​ ចន្ថារិទ្ធ​ ដែល​ជា​គ្រូ​ធំ​ប្រចាំ​សហព័ន្ធ​ផង​នោះ បាន​រៀបរាប់​ថា​ ជើង​ខ្លាំងៗ​ដែល​ចូលរួម​ នៅ​បុណ្យ​សមុទ្រ​ខាង​មុខ​នេះ រួម​មាន​ កីឡាករ​ជើង​ខ្លាំង សុខ លឹមហេង កីឡាករ ​ឈាវ​ បូរ៉ា ​អតីត​ស្ដេច​អុក​អង្គរ​សង្ក្រាន្ដ ​២ ​ជំនាន់​ គឺ​ឆ្នាំ ២០១៤​ និង​ឆ្នាំ ​២០១៥​ ឆយ វីរ៉ា​, ប៊ិន ​គាសេង ​ស្ដេច​អុក​ឆ្នាំ ២០១៧​ កីឡាករ​ សុខ ភារ៉ា​ ជើងឯក​រង​ ឆ្នាំ ២០១០ ​កីឡាករ​ ម៉េង សេរីសម្បត្តិ​ ជើងឯក​រង ​ការ​ប្រកួត​នៅ​បុណ្យ​សមុទ្រ​ ឆ្នាំ ​២០១៨ ​​​កីឡាករ​ សំ​ សុភី​ ធ្លាប់​បាន​លេខ ១ ​នៅ​វិមាន​ឈ្នះ! ឈ្នះ​ ឆ្នាំ ​២០១៨​ អតីត​ម្ចាស់​ជើងឯក​ថ្នាក់​ជាតិ ប៊ូ ប៉ុណ្ណាលីកា និង​បណ្ដា​ជើង​ខ្លាំង​ជា​ច្រើន​ទៀត ​ត្រូវ​ប៉ះ​ប្រកួត​គ្នា​នៅ​បុណ្យ​សមុទ្រ ​រយៈពេល ​៣ ​ថ្ងៃ ​គឺ​ពី​ថ្ងៃទី​ ​២០​ ដល់ ថ្ងៃទី​ ​២២ ​ខែ ​ធ្នូ ​ឆ្នាំ ​២០១៩​​។

ចំណែក​លោក ​កាក់ ​ឡងឌី​ ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ​បាន​វាយ​តម្លៃ​ថា​៖ «​កីឡាករ​ទាំង​អស់​ បាន​លេង​ដោយ​យុត្តិធម៌​ ​និង​ដោយ​មាន​ស្មារតី​ប្រកួត​ល្អ​ ហើយ​គ្មាន​ការ​រំខាន​ពី​ភាគី​ទី​៣ ​(Fighting Spirit)​»​។

លោក​ ភោក​ វិសាល ​គ្រូ​បង្វឹក​ប្រចាំ​សហព័ន្ធ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​របស់​សហព័ន្ធ​ បាន​និយាយ​ថា៖ ​«​នេះ​ជា​លទ្ធផល​ដ៏​ប្រសើរ​មួយ ​ដែល​កីឡាករ​ទាំង​អស់​មាន​ឱកាស​បាន​បញ្ចេញ​​សមត្ថភាព​ពិត ហើយ​យើង​បាន​​រក​ឃើញ​អ្នក​ឈ្នះ​ មាន​សមត្ថភាព​ពិត​ជា​ខ្លាំង ​ដោយ​មិន​គិត​ពី​អាយុ ​ឬ​បទ​ពិសោធ​ ក្នុង​នោះ​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​បាន​យក​ឈ្នះ​ជើង​ចាស់​ជា​បន្ត​បន្ទាប់»​៕