ភ្នំពេញៈ ការ​ប្រ​កួត​កីឡា​ជាតិ ​លើក​ទី​២ ​ដែល​បាន​​​ចាប់​ផ្តើម​​តាំង​ពី​ថ្ងៃ​ទី​២៥ ​ខែ​ឧសភា​ នឹង​គ្រោង​បញ្ចប់ ​នៅ​ថ្ងៃ​ទី​៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៨​នោះ ​គឺ​ទទួល​បា​ន​លទ្ធផល​ជា​បណ្តើរៗ ​ខណៈ​​ស្ថាប័ន​កីឡា​ចូល​រួម​ចំនួន​២៨​ គឺ​មាន​​ក្រុម​អត្តពលិកតំណាង​ឲ្យ​​​រាជ​ធានី​ភ្នំពេញ​ ​ក្រ​សួង​មហា​ផ្ទៃ ​និង​ក្រសួង​ការ​ពារ​ជាតិ ​ប៉ុណ្ណោះ ដែល​កំពុង​​ប្រជែង​គ្នា​​ ក្នុងនាម​ជា​អ្នក​ដណ្តើម​បាន​មេដាយ​មាស​ច្រើន នៅ​កំពូល​តារាង។

ប្រ​ភព​ពី​មន្ត្រី​បច្ចេក​ទេស​ តាម​សហព័ន្ធ​កីឡា​ជាតិ​នានា​ ដែល​ជា​គណៈ​កម្មការ​ប្រ​កួត​សុទ្ធ​តែ​មិន​ហ៊ាន​ផ្តល់​ពី​លទ្ធផល​ប្រ​កួត​ជាក់​ស្តែង​ ​ដោយ​ត្រូវ​រង់​ចាំ​ការ​បំពាក់​មេដាយ​ និង​ការ​ចុះ​ហត្ថលេខា​ពី​គណៈ​កម្មការ​បច្ចេកទេស​របស់​កីឡាជាតិ​ សិនទើប​ផ្សាយ​ជា​ផ្លូវ​ការ​បាន​។ ​ទង្វើ​នេះ វា​បាន​និង​កំពុង​ធ្វើ​ឲ្យ​ការ​ប្រកួត​កីឡាជាតិ ដែល​ចំណាយ​ថវិកា​រដ្ឋ​អស់​រាប់​រយ​លាន​រៀល​នោះ នៅ​តែ​មាន​បញ្ហា​លើ​ការ​បង្ហាញ​លទ្ធផល​ប្រកួត នៅ​លើ​ប្រភេទ​កីឡា​នីមួយៗ ដូច​ការ​ប្រកួត​កន្លង​មក​អ៊ីចឹង​ដែរ។

ទោះ​ជា​យ៉ាង​ណា ​តាម​លទ្ធផល​បណ្តោះ​អាសន្ន​ ដែល​ក្រ​សួង​អប់​រំ ​យុវជន ​និង​កីឡា​ផ្សាយ​ជា​ផ្លូវ​ការ ​​តែ​​មាន​លក្ខណៈ​មហា​យឺត​យ៉ាវ ​ដោយ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​២៦ ​ខែ​ឧសភា នោះ ​គឺ​រាជធានី​ភ្នំពេញ កំពុងនាំមុខ​គេ ក្នុងនាម​ជា​អ្នក​​ដណ្តើម​បាន​មេដាយច្រើន​ ដោយ​ពួក​គេ​បាន​មេដាយ​មាស​​ ១០ ប្រាក់​ ៩ និង​សំរឹទ្ធ ​៥ ហើយ​តាម​ពី​ក្រោយ​ដោយ​ក្រសួង​មហាផ្ទៃ ដែល​ឈ្នះ​បាន​មេដាយមាស​៧ ប្រាក់​ ៦ និង​សំរឹទ្ធ​ ៥។

ចំណែក​ខាង​ក្រសួង​ការពារជាតិ បានមេដាយ​មាស ​៤ ប្រាក់​ ១ និង​សំរឹទ្ធ​១ ប៉ុន្តែ​ខេត្ត​ចំនួន​ ៤ ​មាន រតនគិរី មណ្ឌល​គិរី ក្រចេះ និង​ខេត្ត​ប៉ៃ​លិន មិន​ទាន់​ដណ្តើម​បាន​មេដាយ​ដូច​គ្នា ខណៈ​ខេត្ត​ផ្សេងៗ​ទៀត ​បាន​រក​ឃើញ​ការ​ឈ្នះ​មេដាយ​ហើយ ក្នុង​នោះ​​ខេត្តកណ្តាល ខេត្តតាកែវ និងខេត្ត​ត្បូង​ឃ្មុំ មាន​ភាព​លេច​ធ្លោ​ជាង​គេ ដោយ​បាន​មេដាយមាស​ ៣ ​ដូច​គ្នា។

តាម​រយៈ​ការ​​​សម្ភាស​ជា​មួយ ភ្នំពេញ ប៉ុស្តិ៍ គឺ​​ប្រ​ធាន​ប្រ​តិភូ ​ជា​នាយ​បេសកកម្ម​មក​ពី​រាជ​ធានី​ភ្នំពេញ​ ក្រ​សួង​មហា​ផ្ទៃ​ និង​ក្រ​សួង​ការ​ពារ​ជាតិ ​​សុទ្ធ​តែ​​បាន​បង្ហាញ​ពី​​មោទ​នភាព​ ​ចំពោះ​លទ្ធផល ​ដែលអត្តពលិក​របស់​ខ្លួន ​ដណ្តើម​​បាន​នៅ​ពេល​នេះ ហើយ​ពួក​គាត់​សង្ឃឹម​ឈ្នះ​លើ​កំពូល​តរាង​ដូច​គ្នា​។

​លោក​ ជា​ ប៊ុន​ហេង ​តំណាង​ឲ្យ​កីឡា​ក្រ​សួង​មហា​ផ្ទៃ​ បាន​​ប្រាប់​មុន​នេះ​បន្តិច​​ថា​៖​«ក្រសួង​មហា​ផ្ទៃ​ ឈរ​ក្នុង​លំដាប់​លេខ​ ២ ជា​​បណ្តោះ​អាសន្ន ​ដោយ​មិន​ទាន់​រាប់​បញ្ចូល​មេដាយ​មាស ដែល​ទើប​ដណ្តើម​បាន​ពី​ការ​ប្រកួត​កីឡា​​ហែល​ទឹក ​វាយ​សី ​និង​ចំបាប់ នៅ​ថ្ងៃ​អាទិត្យ​នេះ នោះ​​ទេ​​។​ ហេតុ​នេះ ​លទ្ធផល​នឹង​មានការ​ប្រែ​ប្រួល ​ហើយ​​ខ្ញុំ​​មាន​ទំនុក​ចិត្ត ​ដោយ​ផ្អែក​លើ​ផែន​ការ​យុទ្ធ​សាស្ត្រ​បច្ចេកទេស​ គឺ​មហា​ផ្ទៃ​ នឹង​ឈ្នះ​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ​វិញ​»។

ចំណែក​លោក ​ផេង ​ស្រេង​ តំណាង​ប្រតិភូ​មក​ពី​រាជ​ធានី​ភ្នំពេញ ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​​រសៀល​​ថ្ងៃ​អាទិត្យនេះ​​ថា​៖ «​គិត​ត្រឹម​ថ្ងៃ​នេះ​ រាជ​ធានី​ភ្នំពេញ​ឈរ​ ​នៅ​​លើ​កំពូល​តារាង ​ប៉ុន្តែ​ការ​ប្រែ​ប្រួល​យ៉ាង​ណា​ គឺ​មិន​ទាន់​ដឹង​ទេ​។ ​ទោះ​ជា​យ៉ាង​ណា ​អ្នក​ដែល​អាច​ប្រជែង​ឈ្នះ​រាជ​ធានី​ភ្នំពេញ​បាន ​មាន​តែ​មហាផ្ទៃ​ មួយ​គត់​ ឯ​ក្រ​សួង​ការ​ពារ​ជាតិ ​គ្មាន​ឧបសគ្គ​នោះ​ទេ គឺ​​អាច​នៅ​ក្រោម​»។​

លោក​ តែម ​ម៉ឺន ​តំណាង​ឲ្យ​ក្រ​សួង​ការ​ពារ​ជាតិ ​បានថ្លែង​​ប្រាប់​មុន​នេះ​បន្តិចថា​ ​លោក​ទទួល​​បាន​ថា​ ក្រ​សួង​ការ​ពារ​ជាតិ ​បាន​​មេដាយ៩​ហើយ ​ហើយ​នៅ​​ចុង​បញ្ចប់ ​ក្រ​សួង​ការ​ពារ​ជាតិ ​រំពឹង​​បាន​ចំណាត់​ថ្នាក់​ល្អ ​ដើម្បី​​ប្រជែង​ជា​មួយ​​ក្រសួង​មហា​ផ្ទៃ​ និង​ រាជ​ធានី​ភ្នំពេញ​។​

គួរ​រំឭក​ថា​ សម្រាប់​ការ​ប្រកួត​កីឡាជាតិ លើក​ទី​ ១ កាល​ពី​ឆ្នាំ​ ២០១៦ ​រាជ​ធានី​ភ្នំពេញ ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ ​១ ក្នុង​នាម​ជា​អ្នក​ដណ្តើម​បាន​មេដាយមាស​ច្រើន​ជាង​គេ ហើយ​​ក្រ​សួង​មហា​ផ្ទៃ​ បាន​លេខ​ ២ ​និង​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​លេខ ​៣​។

ចំណែក​​ការ​ប្រ​កួត​កីឡា​ជាតិ​លើក​ទី ២​ ឆ្នាំ​ ២០១៨ ​នេះ ​ក្រ​សួង​មហា​ផ្ទៃ​ ដាក់​កីឡាចំនួន ​២២ ​ប្រ​ភេទ ​ក្នុង​ចំណោម​ ២៧ ប្រភេទ ចូល​រួម ដោយ​​មាន​អត្តពលិក​ និង​មន្ត្រី​បច្ចេកទេស​សរុប​ ២៩៤ ​នាក់​ ឯ​​រាជ​ធានី​ភ្នំពេញ ​​បាន​ដាក់​២២​ ប្រភេទ​កីឡា​ចូល​រួមដែរ មាន​អត្តពលិក​ និង​​ប្រ​តិភូ​សរុប​ចំនួន ​២៨៥​​ ប៉ុន្តែ​​ក្រ​សួង​ការ​ពារ​ជាតិ ​បាន​ដាក់​កីឡា​ចូល​រួម​ប្រ​កួតតែ​​ ១៣ ​ប្រភេទទេ ដោយ​​មាន​អត្តពលិក​និង​ប្រតិភូ​សរុបចំនួន ​១៦៤ ​នាក់​៕​​​