ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការចូលរួម​ពី​តំណាង​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៤២ ព្រមទាំង​សមាគម​កីឡា​កងយោធពលខេមរភូមិន្ទ និង​ក្រសួងមហាផ្ទៃ គឺ​បាន​បន្ត​បើក​កិច្ចប្រជុំ​ពិភាក្សាលម្អិត​លើ​ជំពូក​ទី១ និង​ទី២ នៃ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា ដើម្បី​សម្របសម្រួល​ឱ្យ​កីឡានៅ​កម្ពុជា ស្ថិតនៅក្នុង​របត់​មួយ ស្របទៅនឹង​ធម្មនុញ្ញ​អូឡាំពិក​អន្តរជាតិ។

លោក ប៊ូ ជុំ​សេរី អនុ​រដ្ឋលេខាធិ​ការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អនុប្រធាន​អចិន្រៃ្ត​យ៍​គណៈកម្មការ​រៀបចំតាក់តែង សេចក្ដីព្រាងច្បាប់​គ្រប់គ្រង វិស័យ​អប់រំ​កាយ និង​កីឡា​នេះ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​អង្គា​រថា៖ «កិច្ចពិភាក្សា​នេះ សង្កត់ធ្ងន់​ទៅលើ​ការប្រមូល​ធាតុផ្គុំ​ចូល​ទិន្នន័យឱ្យបាន​ច្រើន ព្រមទាំង​ពិភាក្សា​លើ​ជំពូកផ្សេងៗ ស្ដីពី​ការបង្កើត​តួនាទី​ភារកិច្ច និង​សិទ្ធិអំណាច​របស់​អង្គការ និង​ស្ថាប័ន​កីឡា ដែល​ចែកចេញជា ១០ ផ្នែក ហើយ​សេចក្ដីព្រាង​ស្ដីពី​ការ​គ្រប់គ្រង​លើ​វិស័យ​អប់រំ​កាយ និងកីឡា​នេះ យើង​បាន​ប្រជុំ​ច្រើនលើក​មកហើយ ដើម្បី​ពិភាក្សា​លម្អិត​ទៅលើ​ជំនាញ​បច្ចេកទេស​ច្រើន​ទៀត ដែល​ក្នុងនោះ អាច​នឹង​ចំណាយពេល​ច្រើន​ខែ​ទៀត ប៉ុន្តែ​យើង​នឹង​ជំរុញ​ឱ្យ​លឿន​បំផុត ដែល​អាច​នឹង​បញ្ចប់​ឱ្យទាន់​នៅ​ដំណាច់ឆ្នាំ ២០២១ ដើម្បី​ដាក់ជូន​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​បន្ត​តាម​និតិ​វិធី»។

លោក​បន្ថែមថា ខ្លឹម​សារៈសំខាន់​មាន ១០ ផ្នែក​នោះ ផ្នែក​ទី១ មាន៧មាត្រា គឺ​ចែង​ពី​រចនាសម្ព័ន្ធ​ចាត់តាំង គ្រប់គ្រង​វិស័យ​អប់រំកាយ និង​កីឡា ផ្នែក​ទី២ ដែលមាន ៤ មាត្រា​នោះ ចែង​ពី​ឋា​នា​នុក្រម ចាត់តាំង​រចនាសម្ព័ន្ធ​កីឡា ផ្នែក​ទី៣ មានចែង​ពី​ទំនាក់ទំនង​រវាង​អង្គការ​រដ្ឋ និង​អង្គការ​សង្គមកីឡា​មាន ១៣ មាត្រា ហើយ​ផ្នែក​ទី៤ ចែង​ពី​សហព័ន្ធ​កីឡា​ជាតិ ដែលមាន ២ មាត្រា។

ចំណែក​ផ្នែក​ទី៥ ចែង​ពី​ការបង្កើត​សហព័ន្ធ​កីឡា​ជាតិ មាន​ចំនួន៤មាត្រា ផ្នែក​ទី៦ មាន ៥ មាត្រា ចែង​ពី​ការគ្រប់គ្រង​សហព័ន្ធ​កីឡា​ជាតិ ផ្នែក​ទី៦ មាន៥មាត្រា ចែង​ពី​ការគ្រប់គ្រង​សហព័ន្ធ​កីឡា​ជាតិ ផ្នែក​ទី៧ មាន ៧ មាត្រា ចែង​ពី​ក្លិប​កីឡា​ស្ម័គ្រចិត្ត ផ្នែក​ទី៨ មាន ២ មាត្រា ចែង​ពី​ក្លិបកីឡា​អាជីពផ្នែក​ទី៩ មាន​ចំនួន ៦ មាត្រា គឺ​ចែង​អំពី​កីឡា​កង​យោធពល​ខេមរភូមិន្ទ និង​ផ្នែក​ទី១០ ចែង​ពី​កីឡា​នគរបាលជាតិ មាន​ចំនួន ៩ មាត្រា។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ប្រាប់ថា៖ «គម្រោង​ព្រាង​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​លើ​វិស័យ​អប់រំ​កាយ និង​កីឡា​នេះ គឺ​យើង​សម្របសម្រួល​ឱ្យ​កីឡា នៅ​ប្រទេស​យើងស្ថិតនៅក្នុង​របត់​មួយ ស្របទៅនឹង​ធម្មនុញ្ញ​អូឡាំពិក អ៊ីចឹង​ការពិភាក្សា​នេះ ដើម្បី​រក​ការឯកភាព​ជា​ធ្លុង​មួយ ក្នុង​គោលបំណង ឱ្យ​ការគ្រប់គ្រង​ដឹកនាំ​ចាត់ចែង​សកម្មភាព​កីឡាមាន​លក្ខណៈ​រលូន ហើយ​តាម​គោលការណ៍​នេះ នឹងមាន​ច្បាប់​មួយ​ជាក់លាក់ ដើម្បីឱ្យ​អង្គការ​កីឡា​តែមួយ​របស់​ជាតិ មាន​ប្រភព​តែមួយពី​ថ្នាក់ជាតិដល់​មូលដ្ឋាន ស្របទៅនឹង​ភាព​ជឿនលឿន​នៃ​ការរីកចម្រើន​វិស័យ​កីឡា​របស់​ពិភពលោក ដែល​ផ្តោត​កីឡាជាមួយ​ការអប់រំ ដូច​ទៅនឹង​ទស្សនៈ​របស់​គណៈកម្មាធិកា​រអូឡាំពិក​អន្តរជាតិ»៕