ភ្នំពេញ: ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Smart Community Cup 2019 ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Smart Axiata ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​មូលនិធិ​បណ្ដុះបណ្ដាល​កីឡា​បាល់ទាត់​អាស៊ី (ASA) សមាគម​កាយ​រិទ្ធ​បាល់ទាត់​អាជីព (PFSA) និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ចំនួន​ ៥ ​ទៀត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កុមារ​មាន​ជីវភាព​លំបាក​បាន​លេង​បាល់ទាត់​ក្រោម​ការបង្ហាត់​បង្ហាញ​ពី​គ្រូ​ជំនាញ​បាល់ទាត់​មកពី​ក្លិប Manchester United និង​គ្រូបង្វឹក​នៅក្នុង​ស្រុក​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រុម​កីឡាករ និង​ក្រុម​កីឡាការិនី​អាយុ​ក្រោម​ ១៤ ​ឆ្នាំ និង​ក្រោម​ ១៨ ​ឆ្នាំ​ចំនួន​ ១៦ ​ក្រុម​មកពី​អង្គការ World Vision Cambodia អង្គការ​ស្នាមញញឹម​នៃ​កុមារ (PSE) អង្គការ​មូលនិធិ​កុមារ​កម្ពុជា មូលនិធិ Indochina Starfish Foundation និង​អង្គការ Happy Football Cambodia Australia ត្រូវ​បាន​ដាក់​ឲ្យ​ហ្វឹកហាត់ និង​ប្រកួតប្រជែង​គ្នា​នៅ​កីឡដ្ឋាន RSN កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ហើយ​ក្រុម​ទទួល​បាន​ជ័យជម្នះ​ក៏​ទទួល​បាន​ពាន និង​ការបំពាក់​មេដាយ​ផង​ដែរ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក Thomas Hundt បាន​ថ្លែង​ថា​៖ «Smart Community Cup ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​វិជ្ជមាន​ជាច្រើន និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ឲ្យ​ពួកគេ មិន​ត្រឹម​តែ​បាន​ជួយ​ឲ្យ​សុខភាព​រាងកាយ​មាំមួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន​ក្ដីស្រមៃ​របស់​ពួកគេ​ក្នុង​ការលេង​បាល់ទាត់ និង​បំប៉ន​ជំនាញ​លេង​បាល់ទាត់​ឲ្យ​កាន់តែ​ប្រសើរ​ផង​ដែរ​»​។

លោក​បន្ថែម​ថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​កម្មវិធី​នេះ​បាន​ផ្តល់​ឱកាស​ដល់​កុមារ​ដែល​មាន​ជីវភាព​លំបាក​មកពី​អង្គការ​ដៃគូ​បាន​ចូលរួម​ក្នុង​ការហ្វឹកហាត់ និង​សិក្ខាសាលា​ស្ដីពី​កីឡា​បាល់ទាត់​ដែល​មាន​ការចូលរួម​ពី​គ្រូបង្វឹក​មកពី​សាលា​បណ្ដុះបណ្ដាល​កីឡា​បាល់ទាត់​របស់​ក្លិប Manchester United​។ យើង​សង្ឃឹម​ថា​កម្មវិធី​នេះ​នឹង​មាន​ឥទ្ធិពល​ក្នុង​ការផ្ដល់​នូវ​ការលូតលាស់​រីកចម្រើន​រយៈពេល​វែង​សម្រាប់​សហគមន៍​ដែល​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ​»​។

មូលនិធិ​នេះ​បាន​ផ្តល់​កម្មវិធី​អប់រំ​វិស័យ​កីឡា​ដល់​ប្រជាពលរដ្ឋ​ជាង​ ២ ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​មាន​គោលបំណង​ពង្រីក​ប្រជាប្រិយភាព​នៃ​កីឡា​បាល់ទាត់​ក្នុង​ចំណោម​កុមារី និង​កុមារា​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​បណ្ដុះបណ្ដាល​កីឡា​ថ្នាក់មូលដ្ឋាន ហើយ​សិស្ស​វិទ្យាល័យ​ជាង​ ២០០ ​នាក់ និង​កីឡាករ​បាល់ទាត់​ជាង​ ២០០ ​នាក់​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​កាយរិទ្ធ និង​ការហ្វឹកហាត់​បាល់ទាត់​នេះ​ផង​ដែរ​។

លោក Lee Hawkins ស្ថាបនិក និង​ជា​ទីប្រឹក្សា​បច្ចេកទេស​របស់ ASA បាន​ថ្លែង​ថា​៖ «​មូលនិធិ ASA បាន​រៀបចំ​កម្មវិធី​កីឡា​សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ជាច្រើន​ចាប់​តាំងពី​ឆ្នាំ​ ២០០១ ​មក​ម្ល៉េះ ហើយ Smart Community Cup ពិតជា​បាន​ផ្តល់​នូវ​បទពិសោធ​នៃ​ការសិក្សា​ល្អៗ​ដល់​យុវជន​កម្ពុជា​។ យើង​សង្ឃឹម​ថា​កម្មវិធី​នេះ​នឹង​បន្ត​កសាង​ភាពជោគជ័យ​របស់​ខ្លួន និង​លើក​កម្ពស់​ការអភិវឌ្ឍ​បំនិន​ជីវិត​ក៏​ដូចជា​សមភាព​យេនឌ័រ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​នៅ​ពេល​អនាគត​»​។

ចំណែកឯ​លោក Dean Whitehouse គ្រូបង្វឹក​របស់ PFSA និង​ជា​គ្រូបង្វឹក​ក្នុង​សាលា​បណ្ដុះបណ្ដាល​កីឡា​បាល់ទាត់​ក្លិប Manchester United បាន​និយាយ​ថា​៖ «​ការលេង​បាល់ទាត់​គឺជា​ឧបករណ៍​គរុកោសល្យ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការបង្កើន​ការយល់ដឹង ហើយ​ខ្ញុំ​ពិតជា​រីករាយ​ជាមួយ​នឹង​ពេលវេលា​ដែល​បាន​ចំណាយ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ធ្វើការ​ជាមួយ​យុវជន​ដែល​មាន​ការចាប់​អារម្មណ៍​ខ្ពស់ និង​គ្រូបង្វឹក​ដែល​មាន​សក្ដានុពល​ជាច្រើន​នា​ចុង​សប្តាហ៍​នេះ​»៕